ជាតិ
ជំនន់ទឹកភ្លៀង៖ មនុស្ស៤នាក់ នៅបន្ទាយមានជ័យបានស្លាប់ ដោយសារខ្វះការប្រុងប្រយ័ត្ន
27, Sep 2022 , 5:49 pm        
រូបភាព
ដោយ:
ពលរដ្ឋប្រមាណ៥ ០០០គ្រួសារ ដែលរស់នៅក្នុងស្រុកចំនួន៥ នៃខេត្តបន្ទាយមានជ័យ កំពុងរងគ្រោះដោយជំនន់ភ្លៀងទឹក។ ក្នុងចំណោមពលរដ្ឋដែលមានកំពុងរងគ្រោះនេះ គឺមានមនុស្ស៤នាក់ស្លាប់ ព្រោះតែខ្វះភាពប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិនេះ។



ស្រុកភ្នំស្រុក ស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ ស្រុកម៉ាឡៃ និងក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។  បើតាម លោក លាប ឡា នាយករងទីចាត់ការរដ្ឋបាលខេត្តបន្ទាយមានជ័យ ទឹកជំនន់នេះ បានបង្កផលប៉ះពាល់ដល់ពលរដ្ឋ ៥ ១១៩គ្រួសារ ស្មើនឹង ២៣ ៨៥៧នាក់ ដែលនៅក្នុងនោះមានមនុស្ស៤នាក់ បានស្លាប់ ដោយសារលង់ទឹកជំនន់នេះ។

«ចំពោះអ្នកដែលបានលង់ទឹកស្លាប់ គឺពួកគេជាមនុស្សវ័យកណ្ដាល ហើយមូលហេតុនៃការលង់ស្លាប់នេះគឺដោយសារខ្វះការប្រុងប្រយ័ត្ន»។ នេះជាការលើកឡើងរបស់លោក លាប ឡា  ដោយបន្តនិយាយប្រាប់សារព័ត៌មានថ្មីៗនារសៀលថ្ងៃទី២៧កញ្ញា ​ថា ៖ «អ្នកខ្លះជិះម៉ូតូដួលត្រូវបានទឹកកួច,​ អ្នកខ្លះ ស្រវឹងដើរខ្វះការប្រុងប្រយ័ត្ន បណ្ដាលឱ្យលង់ស្លាប់»។

ទិន្នន័យពី លោក លាប ឡា បានបង្ហាញថា គិតមកទល់ថ្ងៃទី២៧កញ្ញា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀងបានបង្កឱ្យស្រុក និងក្រុងទាំង៥ខាងលើ កំពុងរងគ្រោះយ៉ាងខ្លាំង។ ក្រៅពីពលរដ្ឋរងគ្រោះហើយនោះ ដីស្រូវជាង ២៥ ៥៤០ហិកតា, វត្ត១៦កន្លែង, សាលារៀន៣៣ខ្នង និងផ្លូវ ២៣៤កន្លែងដែលមានប្រវែង ១៦៣,២១២ម៉ែត្រ ក៏កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ ផងដែរ។

បើតាម លោក លាប ឡា បច្ចុប្បន្នអាជ្ញាធរបានជម្លៀសពលរដ្ឋចំនួន២៣៣គ្រួសារ ស្មើនឹង ៧២៩នាក់ ទៅកាន់ទីទួលសុវត្ថិភាព។
អត្ថបទទាក់ទង


សូមជម្រាបថា ក្រៅពីខេត្តបន្ទាយមានជ័យហើយនោះ ស្រុកចំនួន៩ ក្នុងចំណោមស្រុកទាំង១២នៃខេត្តសៀមរាប ក៏កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ទឹកជំនន់នេះ បង្កផលប៉ះពាល់ដល់ពលរដ្ឋជាង៨ពាន់គ្រួសារ រួមទាំងហេដ្ឋារចនាសម្ពន្ធច្រើនកន្លែង និងដំណាំកសិកម្ម រាប់សិបហិកតា រងការបំផ្លាញ ផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com