ជាតិ
អ្នកនាំពាក្យ៖ ជំនន់ទឹកភ្លៀងនៅសៀមរាប មិនប៉ះពាល់ដល់ប្រាសាទក្នុងរមណីយដ្ឋានអង្គរឡើយ
28, Sep 2022 , 8:59 pm        
រូបភាព
អាជ្ញាធរជាតិអប្សរា និងអ្នកជំនាញចុះត្រួតពិនិត្យស្ថានភាពប្រាសាទ ពេលមានភ្លៀងធ្លាក់កាលពីថ្ងៃទី២២កញ្ញា។ រូបភាព៖ អាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរា និងអ្នកជំនាញចុះត្រួតពិនិត្យស្ថានភាពប្រាសាទ ពេលមានភ្លៀងធ្លាក់កាលពីថ្ងៃទី២២កញ្ញា។ រូបភាព៖ អាជ្ញាធរជាតិអប្សរា។
ដោយ:
អាជ្ញាធរជាតិអប្សរា បានរំដោះទឹកចេញពីរមណីយដ្ឋានអង្គរ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់រមណីយដ្ឋានអង្គរ។ គិតមកទល់ពេលនេះ ជំនន់ទឹកភ្លៀងមិនទាន់បង្កហានិភ័យដល់ប្រាសាទឡើយ។

 
ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃធ្វើឱ្យផ្នែកមួយចំនួននៃខេត្តសៀមរាបជន់លិច។ ជាមួយគ្នានេះ ភ្លៀងក៏បានធ្វើឱ្យទឹកក្នុងរមណីយដ្ឋានអង្គរ កើនឡើងហួសកម្រិត ដែលត្រូវការរំដោះចេញមួយចំនួន។ អាជ្ញាធរជាតិអប្សរា បានរំដោះទឹកចេញពីរមណីយដ្ឋានអង្គរ ទៅតាមច្រកទ្វារទឹកសំខាន់ៗ ដើម្បីបង្កាការជនលិច។


ក្រុមការងារអាជ្ញាធរជាតិអប្សរាពិនិត្យស្ថានភាពប្រាសាទ កាលពីថ្ងៃទី២២កញ្ញា ។ រូបភាព៖ អាជ្ញាធរជាតិអប្សរា។
 
លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ប្រាប់សារព័ត៌មានThmeyThmey25 ថា គិតមកទល់ពេលនេះ ជំនន់ទឹកភ្លៀងមិនបានបង្កផលប៉ះពាល់ដល់គ្រឹះប្រាសាទ ឬផ្នែកណាមួយឡើយ។ ប៉ុន្តែដើមឈើមួយចំនួននៅរមណីយដ្ឋានអង្គរបានបាក់ដោយសារភ្លៀង និងខ្យល់។ 
 
អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរារូបនេះបញ្ជាក់ខ្លីដូច្នេះ៖« មិនមានផលប៉ះពាល់អីទេ គ្រាន់តែដីជ្រាយ ហើយដើមឈើខ្លះបាក់។ តែក្រុមការងារបានរំដោះទឹកចេញពីរមណីយដ្ឋានអង្គរហើយ»។
 
លើសពីនេះ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានរំដោះទឹកចេញពីប្រាសាទអង្គរវត្ត ព្រះខ័ន តាព្រហ្ម និងបាយ័ន្ត ទៅកាន់ស្ទឹងនានាក្នុងខេត្តសៀមរាប។ យ៉ាងណាមិញអ្នកជំនាញមិនបានរំដោះទឹកចេញទាំងស្រុងឡើយ ដោយទឹកមួយចំនួនត្រូវបានរក្សាទុកដើម្បីរក្សាតុល្យភាពនៃការប្រើប្រាស់ទឹកក្នុងរមណីយដ្ឋានអង្គរ៕
 
 
 

Tag:
 សៀមរាប
  ប្រាសាទ
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com