អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តៃវ៉ាន់ ប្រគល់នាវាចម្បាំងថ្មីឱ្យទ័ពជើងទឹកខ្លួន ស្របពេលមានការគំរាមកំហែងពីចិន
01, Oct 2022 , 9:58 am        
រូបភាព
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ នៅក្នុងពិធីប្រគល់នាវា។ រូបភាព៖ Reuters
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ នៅក្នុងពិធីប្រគល់នាវា។ រូបភាព៖ Reuters
តៃវ៉ាន់ នៅថ្ងៃទី៣០ ខែកញ្ញា បានប្រគល់នាវាចម្បាំង ដែលផលិតនៅក្នុងស្រុកឱ្យកងទ័ពជើងទឹកខ្លួន ស្របពេលមានការគំរាមកំហែងផ្នែកយោធាពីសំណាក់ចិន។ ក្នុងពិធីប្រគល់នាវានេះ លោកស្រី Tsai Ing-wen បានសង្កត់ធ្ងន់ថា នៅពេលវាមានការគំរាមកំហែងពីក្រុងប៉េកាំង ក្រុងតៃប៉ិ មានតែពង្រឹងសមត្ថភាពការពារខ្លួនប៉ុណ្ណោះ​ ទើបអាចស្វែងរកសន្តិភាពពិតបាន។

 

មួយរយៈចុងក្រោយ ចិន បានធ្វើសមយុទ្ធយោធាជាច្រើនលើកនៅជុំវិញកោះតៃវ៉ាន់ ក្រោយទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកនៅតៃវ៉ាន់។ បន្ទាប់ពីសមយុទ្ធយោធានោះ តៃវ៉ាន់ បានប្រគល់នាវាចម្បាំង Yu Shan ដែលផលិតនៅក្នុងស្រុកឱ្យកងទ័ពជើងទឹកខ្លួន។ ឈ្មោះនាវានេះ គឺយកតាមឈ្មោះភ្នំ ដែលខ្ពស់ជាងគេបំផុតនៅតៃវ៉ាន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 

ក្នុងពិធីប្រគល់នាវាចម្បាំងទម្ងន់ ១០៦០០តោន នាក្រុងកំពង់ផែ Kaohsiung ស្ថិតនៅភាគខាងត្បូងតៃវ៉ាន់ ប្រធានាធិបតី Tsai Ing-wen បានចាត់ទុកនាវាមួយគ្រឿងនេះ ជាការបញ្ជាក់ពីកិច្ខខិតខំរបស់តៃវ៉ាន់ ក្នុងការពង្រឹងផលិតកម្មក្នុងស្រុក និងសម្រេចគោលដៅលើស្វ័យភាពការពារជាតិ។ 

«នៅពេលមានការគំរាមកំហែងពីសំណាក់ចិន វាមានតែការពង្រឹងសមត្ថភាពការពារខ្លួនរបស់យើងប៉ុណ្ណោះ ទើបអាចស្វែងរកសន្តិភាពពិតបាន»។ ប្រធានាធិបតីកោះតៃវ៉ាន់ បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ការប្រគល់នាវាចម្បាំង Yu Shan ជាគោលនយោបាយរបស់តៃវ៉ាន់ និងការអនុវត្តស្វ័យភាពការពារជាតិ ដែលអនុញ្ញាតឱ្យតៃវ៉ាន់ មានគ្រឿងបរិក្ខារយោធាការពារដែនដីរបស់ខ្លួនបានល្អបំផុត។ 

តាមការបញ្ជាក់របស់ប្រធានក្រុមហ៊ុន CSBC Corporation Taiwan លោក Cheng Wen-lung នាវា Yu Shan អាចចតឧទ្ធម្ភាគចក្របាន រួមទាំងដឹកទ័ព និងសម្ភារផ្គត់ផ្គង់ផ្សេងទៀតទៅកោះ ដែលអាចរងការវាយប្រហារពីចិន ក្នុងករណីសង្រ្គាមផ្ទុះឡើង។

សូមបញ្ជាក់ថា នាវាចម្បាំង Yu Shan ត្រូវបានសាងសង់ដោយក្រុមហ៊ុន CSBC Corporation Taiwan ដោយវាត្រូវបានបំពាក់កាំភ្លើងធំមួយ សម្រាប់បាញ់ប្រហារសត្រូវនៅលើអាកាស នៅលើផ្ទៃទឹក និងដី។ មិនតែប៉ុណ្ណោះ វាក៏បំពាក់មីស៊ីលប្រឆាំងយន្តហោះចម្បាំង រួមទាំងកាំភ្លើងយន្ត និងកាំភ្លើងប្រឆាំងមីស៊ីលផង៕ 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com