ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា មិនគាំទ្ររុស្ស៊ី កាត់យកទឹកដី៤ របស់អ៊ុយក្រែនឡើយ
01, Oct 2022 , 11:48 am        
រូបភាព
កម្ពុជា មិនគាំទ្ររុស្សី ដែលគ្រោងដាក់បញ្ចូលទឹកដីអ៊ុយក្រែនចំនួន៤ ជាផ្នែកមួយរបស់រុស្ស៊ីជាផ្លូវការឡើយ។ សម្ដេច ហ៊ុន សែន លើកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋ ដែលស្ម័គ្រចិត្តរើចេញពីតំបន់អង្គរទៅតំបន់ធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១ តុលានេះ។

 
«ខ្ញុំធ្លាប់បានប្រកាសហើយថា យើងអត់គាំទ្រទេ ដោយយើងប្រឆាំងជាមួយការបង្កើតរដ្ឋ ផ្ដាច់រដ្ឋ ផ្ដាច់ទឹកដី។ ហើយនឹងការមិនប្រើប្រាស់កម្លាំងប្រឆាំង និងការប្រើប្រាស់កម្លាំងគំរាម។ អ៊ីចឹងគេអាចយល់បានហើយ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ប្រាប់ទៅលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ពីជំហររបស់កម្ពុជាលើកឆាកអន្តរជាតិ ជុំវិញបញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។
 
សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា ការរំលោភបំពានយកទឹកដីរបស់រដ្ឋណាមួយ ជារឿងមិនគួរគប្បី និងមិនត្រឹមត្រូវឡើយ។
 
កាលពីថ្ងៃទី៣០ ខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាដាក់បញ្ចូលដែនដីអ៊ុយក្រែនចំនួន៤ ជាផ្នែកមួយរបស់រុស្ស៊ីជាផ្លូវការ។​ ក្នុងពិធីចុះហត្ថលេខានេះ លោកពូទីនបានផ្តាំប្រាប់ក្រុងកៀវ និងប្រទេសលោកខាងលិចថា ក្រុងមូស្គូ នឹងមិនបោះបង់ប្រជាជននៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រងទាំងនោះឡើយ។ ដែនដីអ៊ុយក្រែនចំនួន ៤ ដូចជា ​តំបន់ Donetsk, តំបន់ Kherson, តំបន់ Luhansk និង​តំបន់ Zaporizhzhia ។
 
ការដាក់បញ្ចូលតំបន់ចំនួន ៤នៅអ៊ុយក្រែន ដែលស្មើប្រហែលនឹង១៥ភាគរយនៃទឹកដីអ៊ុយក្រែនទាំងអស់ មិនត្រូវបានគាំទ្រពីអន្តរជាតិនោះទេ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចាត់ទុកទង្វើរបស់រុស្ស៊ី ខុសនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ។ បើគិតចាប់ពីឆ្នាំ ២០១៤ ដែលគ្រប់គ្រងតំបន់គ្រីមេ រុស្ស៊ីបានកាន់កាប់ដែនដីអ៊ុយក្រែនប្រមាណ ២២ភាគរយ៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com