អន្តរជាតិ
១សប្ដាហ៍ កូរ៉េខាងជើង បាញ់មីស៊ីល៤លើក
01, Oct 2022 , 3:29 pm        
រូបភាព
កូរ៉េខាងជើង នៅថ្ងៃទី១ ខែតុលា បានបាញ់មីស៊ីល២គ្រាប់ទៀត ដែលជាលើកទី៤ហើយក្នុងពេល១សប្ដាហ៍ចុងក្រោយនេះ។ យោធាកូរ៉េខាងត្បូងវិញ អះអាងថា ខ្លួនត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់ការឆ្លើយតប។

 
ថ្ងៃដំបូងនៃខែតុលា​ កូរ៉េខាងជើងបន្តសកម្មភាពបង្កហេតុដដែល ដោយបាញ់មីស៊ីលចម្ងាយខ្លី២គ្រាប់ចូលសមុទ្រខាងកើត។​ បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលទាំង២ បាញ់ចេញពីតំបន់ Sunan នៃរដ្ឋធានីព្យុងយ៉ាង ហើយបានចម្ងាយ៣៥០គីឡូម៉ែត្រ។
 
នេះជាការបាញ់លើកទី៤ហើយ ដោយលើកទីមួយបាញ់នៅថ្ងៃទី២៥ ខែកញ្ញា លើកទី២ នៅថ្ងៃទី២៨ មុនអនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស ទៅដល់កូរ៉េខាងត្បូង និងទី៣ នៅថ្ងៃទី២៩​ ខែកញ្ញា ក្រោយលោកស្រី ហារីស ចាកចេញទៅវ៉ាស៊ីនតោនវិញ។ ឯការបាញ់នៅថ្ងៃទី១ ខែតុលា ធ្វើឡើងមុនកូរ៉េខាងត្បូងអបអរទិវាកងទ័ព ដែលគ្រោងមានការបង្ហាញយុទ្ធោបករណ៍ផ្សេងៗ។
 
បើតាមទីភ្នាក់ងារព័ត៌មាន Yonhap ក្នុងសារទៅកាន់អ្នកសារព័ត៌មានអគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូងចាត់ទុកការបាញ់នេះ ជាទង្វើបង្កហេតុរបស់ទីក្រុងព្យុងយ៉ាង ដែលមិនត្រឹមបង្កហានិភ័យដល់សន្តិភាពនៅឧបទ្វីបកូរ៉េឡើយ តែក៏ប៉ះពាល់ស្ថិរភាពអន្តរជាតិ និងបំពានសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិថែមទៀត។
 
យោធាកូរ៉េខាងត្បូង ក៏អះអាងថា ខ្លួនរក្សាការត្រៀមលក្ខណៈរួចរាល់ហើយ ព្រមគ្នានឹងតាមដានសកម្មភាពនានាដោយសហការជិតស្និទ្ធជាមួយអាម៉េរិក សំដៅឆ្លើយតបនឹងសកម្មភាពណាមួយនៅពេលខាងមុខ។
 
ចំណែកយោធាអាម៉េរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក លើកឡើងថា ការបាញ់មីស៊ីលនេះ បង្ហាញពីឥទ្ធិពលបង្កឱ្យមានអស្ថិរភាពរបស់កម្មវិធីអាវុធរបស់កូរ៉េខាងជើង។ យោធាអាម៉េរិកក៏ប្រកាសជាថ្មីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួនដែរ៕ 
 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com