កីឡាអន្តរជាតិ
អន្តរជាតិ
AFC Futsal៖វៀតណាម បន្តឈរកំពូលតារាងក្រោយឈ្នះ អារ៉ាប៊ីសាអូឌីត ៣-១
01, Oct 2022 , 3:59 pm        
រូបភាព
ក្រុមជម្រើសជាតិវៀតណាម អបអរក្រោយយកឈ្នះ អារ៉ាប៊ីសាអូឌីត ៣១ នៅវគ្គសន្សំពិន្ទុពូលD ជុំទិ២។ រូបពី AEC
ក្រុមជម្រើសជាតិវៀតណាម អបអរក្រោយយកឈ្នះ អារ៉ាប៊ីសាអូឌីត ៣១ នៅវគ្គសន្សំពិន្ទុពូលD ជុំទិ២។ រូបពី AEC
ដោយ:
ក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិវៀតណាម នៅតែបង្ហាញភាពខ្លាំងក្រោយលត់ អារ៉ាប៊ីសាអូឌីត ៣-១ ក្នុងជុំទី២វគ្គសន្សំពិន្ទុពូលD ក្រោយជប៉ុន យកឈ្នះកូរ៉េខាងត្បូង ៦-០។ ចំណែកពូលC អ៊ីរ៉ង់ លត់ឆាយនីសតៃប៉ិ ១០-១ បន្ទាប់ពី លីបង់ បាក់ស្បាតក្រោយបរាជ័យក្រោមថ្វីជើងឥណ្ឌូណេស៊ី ៧-២ ក្នុងពានរង្វាន់បាល់ទាត់ AFC Futsal Asian Cup2022 នាទីលានក្នុងសាល Saad Al Abdullah Hall ប្រទេសកូវ៉ែត កាលពីថ្ងៃទី៣០ ខែកញ្ញា។

 
ក្នុងវគ្គទី១ ខ្សែប្រយុទ្ធ Nguyen Anh Duy របស់ក្រុមវៀតណាម ស៊ុតទម្លាយសំណាញ់ទី អារ៉ាប៊ីសាអូឌីត ១គ្រាប់នៅនាទី១២ និងវគ្គទី២ នៅនាទី២៩ ខ្សែការពារ Chau Doan Phat បន្ថែមគ្រាប់ទី២ ឱ្យក្រុម ខណៈរូបគេក៏បានបង្កកំហុសបង្កើតឱ្យបាល់ចូលទីខ្លួនឯង១គ្រាប់ដែរនៅនាទី៣០ ប៉ុន្តែខ្សែបម្រើ Nguyen Minh Tri បន្ថែមគ្រាប់ទី៣ ជូនក្រុមនឹងជាគ្រាប់ជ័យជម្នះ។ បញ្ចប់ការប្រកួតវៀតណាម ឈ្នះអារ៉ាប៊ីសាអូឌីត ៣១។
 
នៅមុននោះដែរ ស៊ាំម៉ូរ៉ៃជប៉ុន ដណ្តើមបាន៣ពិន្ទុពីកូរ៉េខាងត្បូង ដោយស៊ុតបញ្ចូលទីរហូតដល់ទៅ៦គ្រាប់។ ក្នុងវគ្គទី១ ជប៉ុន រកគ្រាប់បាល់បានដោយបាល់ទាត់ចូលទីខ្លួនឯង(OG) ដោយខ្សែការពារកូរ៉េខាងត្បូង Seo Jung Woo នៅនាទី៥។ ១នាទីក្រោយមក ខ្សែប្រយុទ្ធ Oliveira រកបាន១គ្រាប់ទៀត មុននឹងខ្សែការពារ Mizutani ទម្លាយសំណាញ់ទីគ្រាប់ទី៣ នៅនាទី១៧ ។ ចូលដល់វគ្គទី២ ជប៉ុន បន្ថែមបាន៣គ្រាប់ទៀតពោលនៅនាទី២៧ ដោយខ្សែការពារ Ishida ,នាទី២៨ ខ្សែបម្រើ Kanazawa និងនាទី៣៩ ដោយខ្សែប្រយុទ្ធ Yoshikawa។
 
ក្រឡេកទៅកាន់ពូលC ឥណ្ឌូណេស៊ីរកបាន៣ពិន្ទុសម្រាប់ជុំទី២ ក្រោយផ្តល់ភាពបរាជ័យជូនលីបង់ ក្នុងលទ្ធផល ៧-២ មុនពេលអ៊ីរ៉ង់ លត់ឆាយនីសតៃប៉ិ យ៉ាងចាស់ដៃដែលបញ្ចប់ក្នុងលទ្ធផលដំបូង ១០-១។ បញ្ចប់ការប្រកួតសម្រាប់សប្តាហ៍ទី២ ពូលD វៀតណាម នៅតែឈរលេខ១ ដោយមាន ៦ពិន្ទុលេខ២ អារ៉ាប៊ីសាអូឌីត មាន៣ពិន្ទុស្មើជប៉ុន ឈរលេខ៣ និងលេខ៤ កូរ៉េខាងត្បូង។ រីឯពូលC អ៊ីរ៉ង់ បន្តឈរលេខ១ មាន៦ពិន្ទុ ឥណ្ឌូណេស៊ីលេខ២ មាន៣ពិន្ទុ ខណៈលេខ៣លីបង់ មាន១ពិន្ទុស្មើ ឆាយនីសតៃប៉ិ ដែលមានម្នាក់១ពិន្ទុ៕​​ 
 

Tag:
 កីឡាបាល់ទាត់
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com