ជាតិ
សង្គមជាតិ
​ក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត
01, Oct 2022 , 6:59 pm        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍  និងទូរគមនាគមន៍។ រូបថត៖ ក្រសួងប្រៃសណីយ៍
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ រូបថត៖ ក្រសួងប្រៃសណីយ៍
ដោយ៖ ចៀន និតា

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ (ក.ប.ទ) បានដាក់ឱ្យប្រើប្រាស់កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត MPTC Speed Test ។ នេះបើតាមក្រសួងសាមី នៅថ្ងៃទី៣០ ខែ កញ្ញា។


ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា ការដាក់ដំណើរការកម្មវិធីនេះ ដើម្បីការពារសិទ្ធផលប្រយោជន៍អ្នកប្រើប្រាស់ ក្នុងការទទួលសេវាទូគមនាគមន៍ប្រកបដោយគុណភាព និងលើកកម្ពស់ការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពនៃការប្រើប្រាស់ ។
 
«កម្មវិធី MPTC Speed Test នេះ មានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។ នេះបើតាមក្រសួងប្រៃសណីយ៍ ដែលបានបន្ថែមថា កម្មវិធីវាស់ស្ទង់នេះ នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ ដើម្បីពង្រីងគុណភាពសេវាទូរគមនាមគន៍ឱ្យកាន់តែប្រសើរ។
 
លើសពីនេះទៀត ក្នុងករណីដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាពសេវាទូរសព្ទ ឬអ៊ីនធឺណិតមានភាពប្រក្រតី ឬស្ថិតនៅកម្រិតមួយមិនអាចប្រើប្រាស់បាន ពលរដ្ឋអាចរាយការណ៍មកនិយ័តករទូគមនាគមន៍កម្ពុជាបានភ្លាម (តាមរយ:ទូរសព្ទ Hotline ៦៧៨៩ ឬផ្ញើសារមកកាន់អ៊ីម៉ែល .kh )ដើម្បីប្តឹងតវ៉ា និងស្វែងរកដំណោះស្រាយ។
 
ក.ប.ទ. សូមអំពាវនាវជាថ្មីម្តងទៀត ដល់សាធារណជនទាំងអស់ចូលរួមទាញយក Download កម្មវិធីនេះមកប្រើប្រាស់ដោយឥតិតថ្លៃចាប់ពីពេលនេះតទៅ ដោយគ្រាន់តែវាយពាក្យ” MPTC Speed Test” លើ App Store និងPlay Store ឬ ស្តេន QR Code ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com