កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ កីឡាករអាល្លឺម៉ង់នឹងទទួលបានប្រាក់លើកទឹកចិត្តម្នាក់ ៣៩​ម៉ឺនដុល្លារ ពី DFB បើឈ្នះពាននៅកាតា
01, Oct 2022 , 7:29 pm        
រូបភាព
កីឡាករដែលលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ នឹងទទួលបានប្រាក់លើកទឹកចិត្តបន្ថែមចំនួន ៤០​ម៉ឺនអឺរ៉ូ (៣៩​ម៉ឺនដុល្លារ) ក្នុងម្នាក់ ប្រសិនបើពួកគេអាចលើកពានជើងឯកកំពូល World Cup ជាថ្មីក្នុងប្រទេសកាតានាចុងឆ្នាំ ២០២២ ។ នេះបើតាមសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) ប្រកាសកាលពីពេលថ្មីៗនេះ ។

 
ប្រាក់លើកទឹកចិត្ត ដែល DFB នឹងផ្តល់ឱ្យកីឡាករអាល្លឺម៉ង់នេះ បានកើនឡើងពីចំនួន ៣៤​ម៉ឺនដុល្លារ បើធៀបនឹងការប្រកួតក្នុងព្រឹត្តិការណ៍ World Cup នេះដូចគ្នា ក្នុងឆ្នាំ ២០១៨ ដែលធ្វើឡើងនៅប្រទេសរុស្ស៊ី។ កាលណោះ អាល្លឺម៉ង់ ក្នុងនាមជាក្រុមការពារតំណែងជើងឯក បានធ្លាក់ចេញត្រឹមវគ្គចែកពូល។ 
 
កាលពីWorld Cup  ២០១៤ នៅប្រទេសប្រេស៊ីល កីឡាករអាល្លឺម៉ង់ ទទួលបានប្រាក់លើកទឹកចិត្តក្នុងម្នាក់ចំនួន ៣០​ម៉ឺនអឺរ៉ូ(២៩​ម៉ឺនដុល្លារតម្លៃបច្ចុប្បន្ន) ក្រោយជួយជម្រើសជាតិគ្រងជើងឯក។
 
សម្រាប់ការប្រកួតនៅកាតាវិញ បើអាល្លឺម៉ង់ឆ្លងផុតវគ្គចែកពូល នោះកីឡាករម្នាក់ៗ នឹងទទួលបានប្រាក់ចំនួន ៥​ម៉ឺនអឺរ៉ូ ហើយនៅពេលអាចឈានជើងដល់វគ្គ៨ក្រុមចុងក្រោយនោះ តម្លៃប្រាក់លើកទឹកចិត្តនេះ នឹងកើនឡើងដល់ ១០​ម៉ឺនអឺរ៉ុក្នុងម្នាក់។
 
បើអាល្លឺម៉ង់ឈានជើងបន្តដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ ប្រាក់លើកទឹកចិត្តនឹងកើនឡើងដល់ ១៥​ម៉ឺនអឺរ៉ូ ហើយបើត្រឹមប្រកួតឈ្នះចំណាត់ថ្នាក់លេខ៣ នោះកីឡាករនឹងទទួលបានត្រឹមម្នាក់ ២០​ម៉ឺនអឺរ៉ូប៉ុណ្ណោះ។ តែបើចាញ់ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រកីឡាករនឹងទទួលបានប្រាក់ ២៥​ម៉ឺនអឺរ៉ូក្នុងម្នាក់ៗ។
 
«យើងបានជជែកគ្នាយ៉ាងខ្លាំងក្លាលើរឿងទាំងនេះក្នុងបរិយាកាសដ៏ល្អ និងដើម្បីជាការស្ថាបនា ហើយជិតទៅនឹងការបញ្ចប់នៃកិច្ចពិភាក្សានេះ យើងបានរកឃើញនៅដំណោះស្រាយដ៏សមហេតុសមផលមួយសម្រាប់អ្នកគ្រប់គ្នា។»។ នេះបើសម្តីលោក Bernd Neuendorf ប្រធាន DFB ដោយបានជួបជាមួយក្រុមកីឡាករអាល្លឺម៉ង់ រួមមាន ​Manuel Neuer, Thomas Mueller, Joshua Kimmich និង Illkay Guendogan រួច។
 
នាព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា អាល្លឺម៉ង់ ចង់កែប្រែលទ្ធផលដ៏អាក្រក់របស់ពួកគេ កាលពីឆ្នាំ ២០១៨ ដែលបានធ្លាក់ចេញត្រឹមវគ្គចែកពូលនេះ ។ សម្រាប់ការប្រកួតខាងមុខនេះ ពួកគេស្ថិតនៅក្នុងពូល ​E ដែលមានក្រុមអេស្ប៉ាញ កូស្តារីកា និងជប៉ុន ។
 
សូមជម្រាបថា World Cup 2022 នៅកាតានឹងចាប់ផ្តើមពីថ្ងៃទី២០ ខែវិច្ឆិកា ហើយអាល្លឺម៉ង់ត្រូវប្រកួតបើកឆាកទល់ជប៉ុននៅថ្ងៃទី២៣ ខែវិច្ឆិកា ជាជំនួបដំបូងពូល E៕
 
 
 
 

Tag:
 World Cup
  DFB
  Germany
© រក្សាសិទ្ធិដោយ thmeythmey.com