ជាតិ
សង្គមជាតិ
ក្រសួងការងារថា មិនបានព្រងើយនឹងរឿងវិវាទណាហ្គាវើលដ៍ឡើយ តែសហជីពថា ជាការដោះសា
02, Oct 2022 , 10:30 am        
រូបភាព
កម្មករណាហ្គាវើលដ៍តវ៉ានាពេលកន្លងមក។ រូបដោយ វតី
កម្មករណាហ្គាវើលដ៍តវ៉ានាពេលកន្លងមក។ រូបដោយ វតី
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អះអាងថា វិវាទណាហ្គាវើលដ៍ រ៉ាំរ៉ៃនេះ ដោយសារភាគីទាំងពីរ ពុំមានឆន្ទៈអនុវត្តតាមនីតិវិធី ពោលគឺមិនមែនក្រសួងព្រងើយកន្តើយទេ។ ប៉ុន្តែ កញ្ញា ឈឹម ស៊ីថរ មេសហជីពកម្មករណាហ្គាវើលដ៍ថា ក្រសួងយកលេសបែបនេះ ដើម្បីរួចខ្លួន។

 
គិតត្រឹមថ្ងៃទី១តុលា កម្មករណាហ្គាវើលដ៍ដែលមានវិវាទជាមួយក្រុមហ៊ុន មាន២៤៤នាក់ហើយ ព្រមទទួលសំណង ក្នុងចំណោមក្រុមកម្មករតវ៉ានាពេលកន្លងមក។ ដូច្នេះ សព្វថ្ងៃនៅសល់កម្មករ១២៩នាក់ទៀត ពុំព្រមទទួលសំណង ក្នុងករណីដែលក្រុមហ៊ុនបញ្ឈប់បុគ្គលិកជាង១ពាន់នាក់កាលអំឡុងខែមេសា ឆ្នាំ២០២១។ នេះបើតាមសេចក្ដីបំភ្លឺរបស់ក្រសួងការងារ។ 
 
ក្នុងលិខិតបកស្រាយរបស់ក្រសួងបានបញ្ជាក់យ៉ាងដូច្នេះ៖ «ចំពោះបញ្ហាដែលជាប់គាំងកន្លងនេះ គឺមិនមែនជាការព្រងើយកន្តើយរបស់ក្រសួងឡើយ…។ ការជាប់គាំង គឺដោយសារតែគូភាគីវិវាទមិនមានឆន្ទៈក្នុងការអនុវត្តនីតិវិធីដោះស្រាយវិវាទ ការងាររួមឲ្យត្រឹមត្រូវ…»។ 
 
វិវាទការងារជិត១ឆ្នាំមកនេះ ក្រសួងការងារបានរុញឲ្យពួកគេប្ដឹងទៅតុលាការ សម្រាប់នីតិវិធីបន្ទាប់។ 
 
ករណីនេះ កញ្ញា ឈឹម ស៊ីថរ យល់ថាមិនមែនជារឿងថ្មីឡើយ ដែលក្រសួងបរាជ័យក្នុងការអនុវត្តច្បាប់ ពិសេសសិទ្ធិសហជីព ទើបក្រសួងបកស្រាយយករួចខ្លួន។ កញ្ញា សង្កត់ធ្ងន់ថា ក្រសួងបានចោទភាគីវិវាទ ពុំគោរពតាមការអនុវត្តច្បាប់ គឺខុសការពិត ខណៈក្រសួងពុំបានបំពេញតួនាទីឱ្យបានត្រឹមត្រូវ។ 
 
«ក្រសួងអ្នកមានតួនាទីក្នុងការ ស្របសម្រួលជាអ្នកពិនិត្យមើលថាក្រុមហ៊ុនគោរពច្បាប់ឬអត់ ប៉ុន្តែបែរជា មកចោទថា ភាគីវិវាទអត់គោលរពនីតិវិធី ហើយជារឿយៗចោលកម្មករសព្វគ្រប់បែបយ៉ាងវិញ»។ នេះបើតាមកញ្ញា ឈឹម ស៊ីថរ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម។
 
សូមរម្លឹកថា អតីតបុគ្គលិកណាហ្កាវើលដ៍ បាននាំគ្នាចេញតវ៉ាជិត៩ខែហើយ ចាប់តាំងពីចុងឆ្នាំ២០២១មក។ ពួកគេ ទាមទារឲ្យក្រុមហ៊ុនទទួលយកអ្នកដែលត្រូវបានបញ្ឈប់ពីការងារ ចូលធ្វើការងារវិញ។ យ៉ាងណា ការតវ៉ានេះ ពុំទទួលបានផ្លែផ្កាឡើយ ហើយថែមទាំងមានការចាប់ខ្លួនក្រុមអ្នកតវ៉ាជាបន្តបន្ទាប់។ ប៉ុន្តែក្រោយមកក៏ដោះលែងវិញ៕ 
 
 

Tag:
 វិវាទការងារ
  ណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com