កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal, Napoli, PSG ឈ្នះរៀងខ្លួន ហើយបន្តឈរកំពូលតារាង ឯ Berlin ត្រូវ Frankfurt បំបាក់
02, Oct 2022 , 11:31 am        
រូបភាព
លីគកំពូលៗតំបន់អឺរ៉ុបបានវិលត្រលប់មកវិញក្រោយការសម្រាកនៃការប្រកួតអន្តរជាតិនានា។ សម្រាប់ការប្រកួតសប្តាហ៍ទី៨ នេះ Arsenal បន្តភាពខ្លាំងរបស់ខ្លួនដោយឈ្នះលើ Tottenham Hotspur ក្នុងផ្ទះ ៣-១ ជំនួបទីក្រុងឡុងដ៍នៃ Premier League។ លីគអ៊ីតាលី Serie A ក្រុម SSC Napoli ឈ្នះ Torino ៣-១ ឯលីគបារាំង Ligue 1 វិញ Paris Saint Germian ឈ្នះ OGC Nice លទ្ធផល ២-១ ។ ចំណែកលីគកំពូលអាល្លឺម៉ង់ Union Berlin ត្រូវ Eintracht Frankfurt បញ្ចប់ភាពមិនដែលចាញ់។

 
ក្រុមកាំភ្លើងធំ បន្តនាំមុនកំពូលតារាងនៅ Premier League ក្រោយបំបាក់ក្រុមភ្ញៀវមាន់ខ្នាយមាស ក្នុងលទ្ធផល ៣-១ យ៉ាងងាយស្រួល ក្នុងកីឡដ្ឋាន Emirate ថ្ងៃទី១ ខែសីហា។ គ្រាប់បាល់ជ័យជម្នះ ៣គ្រាប់របស់Arsenal ធ្វើបានដោយកីឡាករ Thomas Partey នៅនាទី២០ ក្នុងវគ្គទីមួយ មុន Gabriel Jesus ស៊ុតគ្រាប់ទី២ នាទី៤៩ និង Granit Xhaka ស៊ុតនៅនាទី៦៧ ក្រោយ ខ្សែការពារស្លាបឆ្វេង Emerson Royal របស់ Spurs ទទួលបានកាតក្រហមនាទី៦២។ ១គ្រាប់ដែល Spurs រកបាន គឺដោយ ​Harry Kane ស៊ុតបាល់ពិន័យនាទី ៣១។ ក្រោយជ័យជម្នះនេះ Arsenal បន្តភាពខ្លាំងខ្លួនដោយឆ្លងកាត់៨ ប្រកួតមកនេះ ពួកគេរងបរាជ័យតែមួយលើកប៉ុណ្ណោះ ហើយបន្តឈរកំពូលតារាងជាមួយ ២១ពិន្ទុក្នុងដៃ។
 
នៅទឹកដីអ៊ីតាលីវិញ SSC Napoli បន្តនាំមុខលើកំពូលតារាងនៃក្របខណ្ឌ Serie A ក្រោយបំបាក់ក្រុមភ្ញៀវ Torino ក្នុងទឹកដីកីឡដ្ឋាន Diego Armando Maradona ក្នុងលទ្ធផល ៣-១។
ការស៊ុត២គ្រាប់ពីកីឡាករ Andre Zambo Anguissa និង Khivcha Kvaratskhelia សមល្មមជួយឱ្យ Napoli រកបាន៣ពិន្ទុបន្ថែមពីការប្រកួតសប្តាហ៍ទី៨ នៃលីគកំពូលអីតាលីមួយនេះ។ ចំណែក១គ្រាប់ Torina ស៊ុតដោយកីឡាករ ​Antonio Sanabria។ ការប្រកួតដ៏ជក់ចិត្តមួយគូទៀត Inter Milan រងបរាជ័យក្រោមថ្វីជើងក្រុម AS Roma ដឹកនាំដោយលោក ​Jose Mourinho លទ្ធផលដ៏តឹងតែ ២-១។
 
ចំណែកឯទឹកដីបារាំងម្ចាស់ផ្ទះ Paris Saint Germain ក៏បន្តភាពខ្លាំងក្លារបស់ខ្លួនដែរ ដោយមិនទាន់ស្គាល់បរាជ័យមួយប្រកួតនៅឡើយទេក្នុង Ligue 1 ក្រោយពួកគេបានយកឈ្នះលើក្រុម OGC Nice លទ្ធផល ២-១ នៃការប្រកួតដែលលីគបារាំងឈានជើងដល់សប្តាហ៍ទី៩ មកនេះ។ 
 
ជ័យជម្នះរបស់ PSG គឺទទួលបានការជួយសង្គ្រោះពីសំណាក់កីឡាករវ័យក្មេង Kylian Mbappe ​ក្រោយរូបគេបានប្តូរចូលហើយស៊ុតរកបានគ្រាប់ជ័យជម្នះនៅនាទី៨៣ ខណៈគ្រាប់ទី១ ស៊ុតដោយតារាឆ្នើម Lionel Messi តាំងនាទី២៨ មក។ ​Nice បានតាមស្មើ PSG នៅនាទី៤៧ ដើមវគ្គទី២ ដោយកីឡាករ Gaetan Laborde។ នេះជាជ័យជម្នះលើកទី៨ របស់ PSG នៅ Ligue 1 ដោយក្នុងនោះមាន១ប្រកួតបញ្ចប់លទ្ធផលស្មើ ។ ឆ្លងកាត់៩ប្រកួតមកនេះ PSG ឈរកំពូលតារាងមាន ២៥ពិន្ទុក្នុងដៃ។
 
ក្រឡែកទៅទឹកដីអាល្លឺម៉ង់វិញ Union berlin រងបរាជ័យលើកដំបូងរបស់ខ្លួននៅ Bundesliga ក្រោយត្រូវម្ចាស់ផ្ទះ Eintracht Frankfurt បំបាក់ក្នុងលទ្ធផល ២-០។ ២គ្រាប់ស៊ុតដោយ Mario Gotze និង Jesper Lindstrom ជួយឱ្យក្រុមកំពុងឡើងជើងខ្លាំង Frankfurt បញ្ចប់ដំណើរមិនដែលចាញ់របស់ Union Berlin បើទោះក្រុមខ្លួនមានកីឡាករត្រឹម ១០នាក់តាំងពីនាទី៦៨ ក្តី។ ទោះ Union Berlin រងបរាជ័យលើកដំបូងរបស់ខ្លួនក្តី ប៉ុន្តែពួកគេក៏នៅតែជាក្រុមស្ថិតនៅកំពូលតារាង Bundesliga ក្នុងសប្តាហ៍ទី៨ នៃលីគអាល្លឺម៉ង់នេះដដែល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com