ជាតិ
សង្គមជាតិ
សហគមន៍ព្រៃឡង់ បន្តរកឃើញបទល្មើសព្រៃឈើ និងស្នើឲ្យមន្ត្រីការពារចុះធ្វើការ ហើយកុំសម្ដែង
02, Oct 2022 , 4:59 pm        
រូបភាព
បទល្មើសព្រៃឈើ ក្នុងព្រៃឡង់ ខេត្តព្រះវិហារ ដែលបណ្ដាញសហគមន៍រកឃើញចន្លោះថ្ងៃទី២៧ដល់៣០ ខែកញ្ញា ឆ្នាំ២០២២។ រូបពី សហគមន៍ព្រៃឡង់
បទល្មើសព្រៃឈើ ក្នុងព្រៃឡង់ ខេត្តព្រះវិហារ ដែលបណ្ដាញសហគមន៍រកឃើញចន្លោះថ្ងៃទី២៧ដល់៣០ ខែកញ្ញា ឆ្នាំ២០២២។ រូបពី សហគមន៍ព្រៃឡង់
ភ្នំពេញ៖ តំណាងសហគមន៍ព្រៃឡង់ អះអាងថា ក្រុមពួកគេបន្តរកឃើញបទល្មើសព្រៃឈើ ក្នុងតំបន់ព្រៃឡង់ ខេត្តព្រះវិហារ ជិត១០ទីតាំង ហើយស្នើឲ្យមន្ត្រីពាក់ព័ន្ធចុះធ្វើការ ដោយកុំចេះតែច្រានចោលព័ត៌មានទាំងនេះ។

 
រយៈពេល៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៧ ដល់៣០ ខែកញ្ញានេះ បណ្ដាញសហគមន៍ព្រៃឡង់ដែលមានគ្នាប្រមាណ២០នាក់ ពិនិត្យឃើញថា បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ពុំមានភាពស្រាកស្រាន្តឡើយ។ ពួកគេ បានរកឃើញបទល្មើស៨ទីតាំង រួមទាំងមានគោយន្តដឹកឈើផងដែរ។ 
 
បណ្ដាញសហគមន៍ព្រៃឡង់ បានចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ៤ថ្ងៃនេះ ពួកគេរកឃើញការកាប់ឆ្ការព្រៃ២កន្លែង ដែលមួយកន្លែងៗ មានការកាប់បំផ្លាញក្នុងទំហំប្រមាណ១ទៅ៤ហិកាតា។ ចំណែកបទល្មើសព្រៃឈើ៦ទៅតាំងទៀត គឺការរំលំដើមឈើ ដើម្បីចាប់សត្វ។ លើសពីនេះ ក្រុមសហគមន៍ បានប្រទេះឃើញឈើចម្រុះដែល ជាបន្ទះក្ដារ៤៦សន្លឹក រួមទាំងគោយន្ត និងអន្ទាក់សត្វមួយចំនួនទៀត របស់អ្នកប្រព្រឹត្តបទល្មើស។  
 
ជុំវិញបទល្មើសទាំងនេះ សារព័ត៌មានថ្មីៗ ពុំអាចទាក់ទងលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ សុំការបកបកស្រាយពីករណីនេះឡើយ។ ប៉ុន្តែ កន្លងបទល្មើសព្រៃឈើកើតមានក្នុងខេត្ត ដែលរកឃើញដោយសហគមន៍ ប្រធានមន្ទីររូបនេះ តែច្រានចោលថាគ្មានបទល្មើស ឬព័ត៌មានមិនពិត។ ដូចគ្នាដែរ កន្លងមកអ្នកនាំពាក្យក្រសួងបរិស្ថានតែ បដិសេធ ហើយបញ្ជាក់ថា បទល្មើសធំៗលែងកើតមានហើយ គឺនៅសល់តែបទល្មើសតូចៗតែប៉ុណ្ណោះ។
 
សហគមន៍ព្រៃឡង់បញ្ជាក់ថា ជារឿយៗ ពួកគេតែងលាតត្រដាងអំពីបទល្មើសព្រៃឈើ ដោយមានភ្ជាប់ជាមួយភ័ស្តុតាង ទីតាំងលេខនិយាមការច្បាស់ៗ ប៉ុន្តែមន្រ្តីបរិស្ថានខេត្តព្រះវិហារ និងអ្នកនាំពាក្យក្រសួងបរិស្ថាន តែងតែបដិសេធ។ បណ្ដាញសហគមន៍ សង្កត់ធ្ងន់ថា ក្រុមមន្ត្រីរដ្ឋាភិបាលបែបជានាំគ្នាបដិសេធជាប្រព័ន្ធ ដើម្បីលាក់បាំងភ្នែកមហាជន និងគេចយករួចខ្លួនពីការទទួលខុសត្រូវ។ 
 
តំណាងសហគមន៍ព្រៃឡង់ លោក ឃុត សឿម ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទនាថ្ងៃនេះ ក្រុមលោកជួបឧបសគ្គច្រើន ក្នុងការការពារព្រៃឈើ ពិសេសប្រឈមមុខជាមួយក្រុមអ្នកកាប់បំផ្លាញ និងអាជ្ញាធរ។ លោកបន្តថា អាជ្ញាធរហាមពួកគេមិនឲ្យចូលព្រៃ ខណៈបទល្មើសព្រៃឈើបន្តកើតមានឥតឈប់ឈរ។ 
 
«សូមជឿលើសមាគមន៍ព្រៃឡង់ផង ពួកខ្ញុំចុះតាមដានបទល្មើសព្រៃឈើព្រោះស្រលាញ់ មិនមែនចង់លាបពណ៌ដូចមន្ត្រីខ្លះលើកឡើងទេ។ ហើយសុំឲ្យមន្ត្រីធ្វើការពាក់ព័ន្ធនឹងព្រៃឈើ ស្រលាញ់ព្រៃឈើពិតមែន សុំធ្វើការឲ្យពិតប្រាកដ កុំធ្វើការឲ្យតែល្អមើលឬសម្ដែង»។ នេះជាការស្នើសុំរបស់ លោក ឃុត សឿម ហើយបន្ថែមថា មន្ត្រីការពារព្រៃឈើ គួរចាត់មន្ត្រីឲ្យចុះពិនិត្យ រាល់ពេញលេចឮ ឬចេញព័ត៌មានជុំវិញបទល្មើសព្រៃឈើ ដើម្បីតាមដានការកាប់បំផ្លាញព្រៃ៕ 
 

Tag:
 ព្រៃឈើ
  ព្រៃឡង់
  ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com