កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ៖ យើងមិនមែនលេងទល់ ​Haaland នោះទេ យើងត្រូវលេងទល់ ​Man City
02, Oct 2022 , 5:29 pm        
រូបភាព
មុនជំនួបទល់ក្រុមManchester City លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United ថ្ងៃទី១ ខែតុលា សរសើរខ្សែប្រយុទ្ធ Erling Haaland មិនដាច់ពីមាត់ថាជាម៉ាស៊ីនរកគ្រាប់បាល់ឱ្យក្រុមដឹកនាំដោយលោក Pep Gaurdiola។ តែទោះយ៉ាងណាលោក Ten hag បានអះអាងថា ក្រុមលោកត្រូវមានកិច្ចការប្រកួតទល់ក្រុម Man City មិនមែនប្រកួតទល់ Haaland តែម្នាក់នោះទេ។

 
​កីឡដ្ឋាន Etihad នឹងក្លាយជាទីកន្លែងកាត់សេចក្តីរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយដូចគ្នា Man City និង Man United ឬក៏ហៅឈ្មោះថា Manchester Derby នារដូវកាលថ្មីក្នុងក្របខណ្ឌ Premier league នេះ វេលាម៉ោង ៨យប់ (ម៉ោងនៅកម្ពុជា)។ 
 
នាការប្រកួតរាត្រីនេះ Man United ក៏នឹងត្រូវមានការងារគួរឱ្យចាប់អារម្មណ៍ថ្មីមួយក្នុងការពារ ការស៊ុតរកគ្រាប់បាល់ពីសំណាក់ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ Haaland ដែលឆ្លងកាត់ការប្រកួតរដូវកាលថ្មី ៧ប្រកួតកន្លងមកនេះ រូបគេមានសមត្ថភាពរកគ្រាប់បាល់បានរហូតដល់ទៅ ១១គ្រាប់ សម្រាប់អាជីពដំបូងនៅ Premier League។ Haaland សញ្ជាតិន័វែស រដូវកាលថ្មីចូលរួមជាមួយ Man City ក្រោយផ្ទេរពី Borussia Dortmund ក្នុងតម្លៃខ្លួន ៥១លានផោន កាលពីមុនបើករដូវកាលថ្មី ២០២២-២៣។
 
នាសន្និសីទកាសែតមុនការប្រកួតមកដល់ លោក Ten Hag ត្រូវបានអ្នកកាសែតសួរទាក់ទង ទៅលើខ្សែប្រយុទ្ធដ៏មុតស្រួចគឺ Haaland ដែល​បិសាចក្រហមត្រូវប្រឈមមុខជាមួយ។ ឆ្លើយតបនឹងសំណួរ លោក Ten Hag បានសរសើរ Haaland ថា ជាកីឡាករមានសមត្ថភាពនឹងទេពកោសល្យល្អខ្លាំង ប៉ុន្តែបិសាចក្រហមត្រូវប្រឈមមុខទល់ ក្រុមមេឃខៀវមិនមែនជា Haaland ឡើយ។
 
«ខ្ញុំបានគិតថាការងារយើងគឺត្រូវតែវិភាគលើក្រុមភាគច្រើន លទ្ធផលគឺកើតចេញពីសមត្ថភាពកីឡាករម្នាក់ៗក្នុងក្រុមរួមចំណែក ។ ដូច្នេះការងារយើងគឺរឿងបែបនេះ ការសហការគ្នាទាំងកីឡាករទាំងបុគ្គលិក។ ខ្ញុំចូលចិត្ត Haaland ពេលដែលរូបគេមានអាកប្បកិរិយាលើទីលាន គេមានគោលដៅក្នុងការរកគ្រាប់បាល់លើគូប្រកួត គេតែងតែបង្កើតឱកាសរកគ្រាប់ ។ប៉ុន្តែជាថ្មីម្តងទៀត ខ្ញុំគោរពគេ តែការប្រកួតយើងត្រូវប្រឈមមុខ មិនមែនលេងទល់ Haaland តែម្នាក់នោះទេ គឺយើងលេងទល់ Man City។»។ នេះជាការលើកឡើងរបស់លោក Ten Hag។
 
ក្រឡែកទៅជំនួបរាត្រីនេះ Man United ឈរលំដាប់ថ្នាក់លេខ៦ មាន១២ពិន្ទុ ត្រូវធ្វើដំណើរទៅប៉ះ Man City លំដាប់ទី២ តារាង Premier League មាន១៧ពិន្ទុ ។ សម្រាប់ការប្រកួតចុងក្រោយរបស់ក្រុមទាំងពីរនេះ សុទ្ធសឹងតែមិនធ្លាប់បរាជ័យដូចគ្នា។ ការប្រកួត Manchester Derby ទំនងក្លាយជាការប្រកួតដ៏ជក់ចិត្តមួយនាសប្តាហ៍ទី៨ នៃលីគកំពូលអង់គ្លេសមួយនេះ៕
 

Tag:
 Manchester Derby
© រក្សាសិទ្ធិដោយ thmeythmey.com