កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ស្នើឱ្យពិនិត្យឡើងវិញ ថាហេតុអ្វីកីឡាបាល់ទាត់អាស៊ីនៅខ្សោយ
04, Oct 2022 , 2:29 pm        
រូបភាព
សម្តេច ហ៊ុន សែន ស្នើឱ្យមានការពិនិត្យឡើងវិញ ថាហេតុអ្វីកីឡានៅទ្វីបអាស៊ីជាពិសេសកីឡាបាល់ទាត់នៅទន់ខ្សោយខណៈដែលប្រជាជនមានចំនួនច្រើន។ ក្នុងពិធីបើកកិច្ចប្រជុំមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ សម្តេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ក្រុមនៅអាស៊ីសូម្បីតែលទ្ធភាពចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (World Cup) ស្ទើរតែគ្មានផង។


មានតែប្រទេសនៅទ្វីបអាស៊ីតិចតួចប៉ុណ្ណោះ ដែលអាចមានលទ្ធភាពបង្ហាញខ្លួននៅ World Cup ជារៀងរាល់ពេល​ ក្រៅពីនោះទៅមិនរួច។ នេះជាការលើកឡើងរបស់សម្តេចហ៊ុន សែន ក្នុងពិធីបើកិច្ចប្រជុំ OCA ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី៤ ខែតុលា។
 
ក្រោយបញ្ចប់សុន្ទរកថា សម្តេចហ៊ុន សែន និយាយថាសម្តេចបានជួបពិភាក្សាការងារផងដែរជាមួយលោក Raja Randhir Singh ប្រធានស្តីទីរបស់ OCA នៅមុនចាប់ផ្តើមកម្មវិធីបើកកិច្ចប្រជុំ OCA នេះ។ ជំនួបនោះលោកនាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់យោបល់ទៅកាន់លោក Raja Randhir Singh ថា ទ្វីបអាស៊ីគួរតែពិនិត្យមើលឡើងវិញ ថាហេតុអ្វីបានជាកីឡា ជាពិសេសកីឡាបាល់ទាត់នៅទន់ខ្សោយជាងទ្វីបផ្សេងៗ។
 
សម្តេចសង្កត់ធ្ងន់ទៅលើវិស័យបាល់ទាត់នៅអាស៊ីថា៖ «នៅតំបន់របស់យើង គ្រាន់តែចិន និងឥណ្ឌាមានប្រជាជនជិត៣ពាន់លាននាក់ បូកនឹងអាស៊ានប្រមាណជាង៦០០លាននាក់ទៀត គឺប្រជាជនច្រើនណាស់ ប៉ុន្តែសូម្បីតែវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ពិបាកនឹងចូលដែរ»។
 
ក្រៅពីនេះ សម្តច ក៏បានដឹងដែរថា មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះនៅទ្វីបអាស៊ី ដែលអាចមានលទ្ធភាពឆ្លងផុតវគ្គជម្រុះ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក។
 
ស្របពេលបង្ហញមោទកភាពដែលប្រទេសអាស៊ីកាតា បានសិទ្ធិរៀបចំ World Cup នៅឆ្នាំ២០២២ខាងមុខនេះ ប្រមុខរដ្ឋាភិបាលកម្ពុជានៅតែទទូចឱ្យមានការសិក្សាមួយ ថាតើមានមូលហេតុអ្វីខ្លះបានទ្វីបអាស៊ីដែលមានចំនួនប្រជាជនច្រើនហើយ តែបែជាកីឡាទន់ខ្សោយជាងទ្វីបដទៃ។ «បើប្រៀបធៀបទ្វីបអឺរ៉ុប និងឡាទីន ទ្វីបអាស៊ីមានភាពទន់ខ្សោយជាងឆ្ងាយណាស់»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន មុនបន្ថែមថា ប្រជាជនច្រើនមិនប្រាកដថាកីឡាខ្លាំងនោះទេ។
 
ក្នុងពិធីបើកកិច្ចប្រជុំមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី៤១ នេះដែរ សម្តេច​ ក៏បានរំលឹកអំពីសោកនាដកម្មរត់ជាន់គ្នាស្លាប់ជាង១០០នាក់នៅក្នុងការប្រកួតនៅលីគកំពូលឥណ្ឌូណេស៊ីផងដែរ។ សម្តេចណែនាំឱ្យ ប្រទេសទាំងអស់ត្រូវពង្រឹងក្របខណ្ឌសិលធម៌ក្នុងការប្រកួតកីឡា ដើម្បីបញ្ជៀសបញ្ហាហិង្សាកើតឡើងដូចនៅឥណ្ឌូណេស៊ី និងនៅតំបន់ផ្សេងៗ៕
 
 
 

Tag:
 OCA
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com