ជាតិ
សង្គមជាតិ
អគ្គមេបញ្ជាការ ដំឡើងឋានន្តរសក្តិយោធិនពីររូប ដែលពលីជីវិតជួយក្មេងលង់ទឹក
04, Oct 2022 , 3:59 pm        
រូបភាព
យោធិនពីររូប ដែលបានពលីជីវិត ជួយសង្គ្រោះក្មេងពីការលង់ទឹក។ រូបពី : អគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
យោធិនពីររូប ដែលបានពលីជីវិត ជួយសង្គ្រោះក្មេងពីការលង់ទឹក។ រូបពី : អគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
 ដោយ៖ ជិន សុវណ្ណដាវីត

ភ្នំពេញ៖ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ សម្រេចដំឡើងឋានន្តរសក្ដិ ដល់យោធិនពីររូប ដែលពលីជួយសង្គ្រោះជីវិតក្មេងលង់ទឹក ក្នុងខេត្តបន្ទាយមានជ័យ ជាអនុសេនីយ៍ឯក(សក្ដិ៣) ។

 
លោក វង្ស ពិសេន បានសម្ដែងការកោតសសើរចំពោះវីរភាពរបស់យុទ្ធជនពីររូប គឺលោក ឈន ស៊ីដេត ពលបាលឯក និងលោក វ៉ាន់ ថុន ពលទោ ដែលជាយោធិនក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៤២ ដែលបានពលីជីវិត ជួយសង្គ្រោះក្មេងប្រុសពីររូបឲ្យរួចផុតជីវិតពីការលង់ទឹក។ លោក សោកស្ដាយ និងចងចាំចំពោះពលីកម្មប្រកបដោយគំរូភាពអង់អាចនេះ។ 
 
ជាមួយគ្នាដែរ លោកបានបញ្ជាក់ថា៖ «ត្រូវបានដំឡើង ឋានន្តរសក្តិជាកិច្ចបច្ចាមរណៈ ជូនសពយោធិនពលី ក្នុងបេសកកម្មចុះជួយសង្គ្រោះប្រជាពលរដ្ឋលង់ទឹក ដោយសារជំនន់ទឹកភ្ញៀវនៅចំណុចអាងអង្ក្រាង ឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ»។ 
 
ករណីនេះ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័រជើងគោក ក៏សម្ដែងការសោកស្ដាយដែរ។ លោក បានឧបត្ថម្ភដល់គ្រួសារសពក្នុង ១០លានរៀល ក្នុងមួយគ្រួសារ។ កងកម្លាំងទាំងពីរ បានបាត់បង់ជីវិត ដោយសារទឹកកួចទៅ ក្រោយជួយសង្គ្រោះក្មេងប្រុសរងគ្រោះ៕ 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com