អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋមន្រ្តីអ៊ុយក្រែន៖ ការខូចខាតផ្នែកបរិស្ថានបង្កដោយការឈ្លានពានរបស់រុស្ស៊ីមានទំហំ៣៦ពាន់លានអឺរ៉ូ
04, Oct 2022 , 7:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
ថ្លែងទៅកាន់សមាជិកសភាអឺរ៉ុបនៅថ្ងៃទី៣ ខែតុលា រដ្ឋមន្រ្តីបរិស្ថានអ៊ុយក្រែនបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីបង្កឱ្យបរិស្ថាននៅអ៊ុយក្រែនរងការខូចខាតគិតជាទឹកប្រាក់ប្រមាណ៣៦ពាន់លានអឺរ៉ូ ខណៈតំបន់ការពារធម្មជាតិរាប់លានហិចតាស្ថិតក្នុងការគំរាមកំហែង។

 
ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនដែលឈានដល់ខែទី៨ហើយមិនត្រឹមតែបង្កឱ្យជនស៊ីវិលអ៊ុយក្រែនរាប់ពាន់នាក់បានបាត់បង់ជីវិតនោះទេ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសរងការខូចខាតជាដំណំ។ បើតាមការបង្ហាញរបស់រដ្ឋមន្រ្តីបរិស្ថានអ៊ុយក្រែន លោក Ruslan Strilets ទៅកាន់សមាជិកសភាអឺរ៉ុបអំឡុងសវនាការមួយនៅសភាអឺរ៉ុបនាទីក្រុង Strasbourg ១ភាគ៥នៃតំបន់ការពារនៅអ៊ុយក្រែនប្រឈមនឹងហានិភ័យ ហើយការខូចខាតដល់បរិស្ថានរកឃើញប្រហែល២ពាន់ករណីឯណោះ។ 
 
បើតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលអ៊ុយក្រែន មកទល់ពេលនេះអ៊ុយក្រែនត្រូវចំណាយលុយទប់ទល់លើការបំពុលខ្យល់ដែលបង្កដោយសង្រ្គាមនៅអ៊ុយក្រែនប្រហែល២៥ពាន់លានអឺរ៉ូ ហើយនៅត្រូវការទឹកប្រាក់ទំហំ១១,៤ពាន់លានអឺរ៉ូផ្សេងទៀតដើម្បីដោះស្រាយបញ្ហាដីដែលរងការខូចខាត។
 
តាមរយៈវិធីសាស្រ្តថ្មីដែលបង្កើតដោយរដ្ឋាភិបាលអ៊ុយក្រែនក្នុងការគណនាការខូចខាត លោក Strilets និយាយថាគ្រាន់តែសង្រ្គាមរយៈពេល៧ខែមកនេះបង្កការបំភាយឧស្ម័នកាបូនិច៣១លានតោនឯណោះដែលស្មើនឹងឧស្ម័នបំពុលដែលនូវែលសេឡង់បំភាយជារៀងរាល់ឆ្នាំ។ បើតាមរដ្ឋមន្រ្តីបរិស្ថានអ៊ុយក្រែន វានឹងអាចមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៧៩លានតោនផ្សេងទៀតសម្រាប់ការការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធឡើងវិញដែលត្រូវបានបំផ្លាញអំឡុងសង្រ្គាម។ 
 
សូមបញ្ជាក់ថា ការធ្វើសង្រ្គាមរបស់រុស្ស៊ីប៉ះពាល់ដល់បរិស្ថានអ៊ុយក្រែនយ៉ាងខ្លាំង។ ការបាញ់មីស៊ីលពីសំណាក់កងទ័ពរុស្ស៊ីបង្កឱ្យភ្លើងឆាបឆេះហេដ្ឋារចនាសម្ព័ន្ធដែលបំភាយឧស្ម័នផ្ទះកញ្ចក់ទៅកាន់បរិយាកាស បំផ្លាញវាលដំណាំធញ្ញជាតិ ក៏ដូចជាប្រព័ន្ធជីវចម្រុះនៅអ៊ុយក្រែនជាដើម៕ 
 
 
 
 
 
 
 
 
 
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com