ជាតិ
សង្គមជាតិ
NGO ជំរុញអាជ្ញាធរពន្លឿនការដោះស្រាយវិវាទដីព្រលានយន្តហោះថ្មី
04, Oct 2022 , 8:59 pm        
រូបភាព
ជម្លោះដីធ្លី រវាងពលរដ្ឋនិងកងកម្លាំងនៅខេត្តកណ្ដាល។ រូបពី ADHOC
ជម្លោះដីធ្លី រវាងពលរដ្ឋនិងកងកម្លាំងនៅខេត្តកណ្ដាល។ រូបពី ADHOC
ភ្នំពេញ៖ សង្គមស៊ីវិល៨៤ស្ថាប័ន ស្នើឲ្យមន្ត្រីរដ្ឋាភិបាល និងតុលាការ ពន្លឿនការដោះស្រាយវិវាទដីព្រលានយន្តហោះថ្មី ដើម្បីឲ្យពលរដ្ឋនៅទីនោះមានសិទ្ធិកាន់កាប់ដីធ្លី និងទទួលបានសំណងសមរម្យ។

 
អង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (LICADHO) និងសង្គមស៊ីវិល៨២ស្ថាប័នផ្សេងទៀត បានរួមគ្នាចេញសេចក្ដីថ្លែងការណ៍ ស្នើឲ្យពន្លឿនការដោះស្រាយវិវាទដីធ្លីព្រលានយន្តហោះថ្មី។ ការស្នើសុំនេះ ធ្វើឡើងក្នុងឱកាសប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៧។ 
 
ក្រុមសង្គមស៊ីវិល បានបង្ហាញការព្រួយបារម្ភ ពីវិវាទរ៉ាំរ៉ៃ រវាងក្រុមហ៊ុន OCIC និង ពលរដ្ឋដែលជាម្ចាស់ដីនៅតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។ ពួកគេ ថា ពលរដ្ឋរងគ្រោះពុំទាន់ទទួលបានដំណោះស្រាយសមរម្យនៅឡើយទេ ខណៈពលរដ្ឋខ្លះកំពុងរងសម្ពាធតាមរយៈបណ្ដឹងតុលាការ។ 
 
ដូច្នេះ ក្នុងឱកាសប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៧នេះ ពួកគេស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ និងភាគីក្រុមហ៊ុននៃទំនាស់ គោរពសិទ្ធិលំនៅឋាន សិទ្ធិកាន់កាប់ និងសិទ្ធិមមនុស្សអន្តរជាតិ។ លើសពីនេះ ក្រុមសង្គមស៊ីវិលបានសង្គត់ធ្ងន់យ៉ាងដូច្នេះ៖ «សូមឲ្យរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនដោះស្រាយដីស្រែរបស់ពួកគាត់ដែលប៉ះពាល់តាមតម្លៃទីផ្សារ…និងជំរុញក្រុមហ៊ុនពន្លឿនការដោះស្រាយបញ្ហាទាំងប៉ុន្មានរបស់ប្រជាពលរដ្ឋដែលរងប៉ះពាល់ឲ្យឆាប់ចប់»។ 
 
ជាមួយគ្នាដែរ សង្គមស៊ីវិលក៏ស្នើឲ្យតុលាការទម្លាក់ការចោទប្រកាន់លើពលរដ្ឋទាំង៩នាក់ ដែលរងបទចោទដោយសារប៉ះទង្គិចគ្នាជាមួយអាជ្ញាធរក្នុងជម្លោះនេះផងដែរ។ 
 
ជុំវិញការជំរុញឲ្យរដ្ឋាភិបាល ពន្លឿនការដោះស្រាយវិវាទដីធ្លីខាងលើ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានបកស្រាយថា មន្ត្រីពាក់ព័ន្ធមិនបានព្រងើយកន្តើយនឹងវិវាទនេះឡើយ។ សព្វថ្ងៃ អាជ្ញាធរបានខិតខំដោះស្រាយជាប្រចាំ ហើយក៏មានពលរដ្ឋដែលព្រមទទួលសំណងជាបន្តបន្ទាប់ដែរ ប៉ុន្តែ តួលេខជាក់ស្ដែងនៃព្រមទទួលសំណងនេះ លោកមិនចាំឡើយ។ 
 
«យើងចង់តែពន្លឿន​ការអភិវឌ្ឍគម្រោងនេះឲ្យលឿនទេ! យើងត្រូវការ ការចូលរួមពីប្រជាពលរដ្ឋ ហើយជាទូទៅការអភិវឌ្ឍតែប៉ះពាល់ ប៉ុន្តែចាំបាច់ត្រូវតែអភិវឌ្ឍ ដើម្បីប្រយោជន៍សាធារណៈជាធំ»។ នេះបើតាមការលើកឡើងរបស់ លោក ម៉ាឡែន  ហើយបន្ថែមថា កិច្ចដោះស្រាយវិវាទនេះ អាជ្ញាធរនឹងតែជួយសម្របសម្រួលតាមនីតិវិធី។ 
 
ចំណែក សំណុំរឿងនៅតុលាការដំណើរការដល់ណា សារព័ត៌មានថ្មី មិនអាចសុំការបកស្រាយពីលោក សូ សារិន ប្រធានលេខាធិការដ្ឋានតុលាការខេត្តកណ្ដាលបានឡើយ ព្រោះលោកពុំបានចាំ សំណុំរឿង របស់ជនជាប់ចោទទាំង៩រូបនេះ។ 
 
សូមជម្រាបថា កាលពីថ្ងៃទី២០កញ្ញា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានចេញដីការកោះហៅពលរដ្ឋម្ចាស់ដីដែលមានទំនាស់ក្នុងវិវាទខាងលើ ចំនួន៩រូប ដោយរងការចោទពីបទ ហិង្សាដោយចេតនា ហើយមានស្ថានទម្ងន់ទោសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍៕ 
 
 
 
 
 
 
 
 
 

Tag:
 ដីធ្លី
  OCIC
  ព្រលានយន្តហោះថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com