កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ប្រាប់ឱ្យ CAMSOC សហការជាមួយ OCA ដើម្បីពង្រឹងអត្តពលិកកម្ពុជា ដល់កម្រិតអន្តរជាតិ
04, Oct 2022 , 10:59 pm        
រូបភាព
 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំចំណុចសំខាន់ៗមួយចំនួន ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡា និងអត្តពលិកកម្ពុជាទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងកម្រិតអន្តរជាតិផ្សេងៗ។ ដើម្បីសម្រេចបានសមិទ្ធផលទាំងនេះ សម្តេចប្រាប់ឱ្យ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម (CAMSOC) បង្កើនកិច្ចសហប្រតិបត្តិការជាមួយ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដើម្បីទទួលបានបច្ចេកទេស និងបទពិសោធន៍។



ថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ព្រឹកថ្ងៃទី៤ ខែតុលានៅសណ្ឋាគារសុខាភ្នំពេញ ស្រពពេលជាឱកាសដើម្បីជួបជុំក្រុមគ្រួសារនៃក្រុមប្រឹក្សាអូឡាំពិកទាំង ៤៥ ផងនោះ សម្តេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យមានការពិភាក្សា និងចែករំលែកចំណេះដឹងទាក់ទងនឹងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ការគ្រប់គ្រង និងអភិវឌ្ឍបច្ចេកទេសកីឡាដើម្បីកែលម្អកីឡានៅក្នុងតំបន់អាស៊ី។
 
ចំណោមចំណុចសំខាន់មួយចំនួន ប្រមុខរដ្ឋាភិបាលកម្ពុជាក៏​បានណែនាំឱ្យ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាពិសេស CAMSOC ត្រូវបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកទេស និងបទពិសោធន៍ជាមួយ OCA រួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសជាសមាជិក ដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍកម្រិតបច្ចេកទេសអត្តពលិកកម្ពុជា ដើម្បីពួកគេកើនការចូលរួមប្រកួតប្រជែងមួយកម្រិតទៀតនៅឆាកអន្តរជាតិ ជាពិសេសស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជារៀបចំជាលើកដំបូង។
 
លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រទេសជាសមាជិក OCA ផ្តល់ការគាំទ្រគ្រប់ទម្រង់សម្រាប់ការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី២៣ និងអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសកម្ពុជាផងដែរ។
 
នៅចំពោះមុខលោក Raja Randhir Singh ប្រធានស្តីទីរបស់ OCA សម្តេច ហ៊ុន សែន លើកឡើងថា OCA ចាំបាច់ត្រូវបង្កើនសកម្មភាពកីឡាឱ្យបានច្រើនក្នុងប្រទេសសមាជិក ដើម្បីលើកកម្ពស់កីឡានៅអាស៊ី និងបង្កើនការភ្ជាប់ទំនាក់ទំនងកីឡាទៅនឹងសេដ្ឋកិច្ច។ ជាពិសេសនោះ ទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង ដែលពង្រឹងមិត្តភាព សាមគ្គីភាព និងរួមចំណែកក្នុងការកសាងសន្តិភាព និងវិបុលភាពក្នុងតំបន់អាស៊ី៕
 

Tag:
 CAMSOC
  OCA
© រក្សាសិទ្ធិដោយ thmeythmey.com