អន្តរជាតិ
នយោបាយអន្តរជាតិ
សិង្ហបុរីស្នើច្បាប់ថ្មី ដើម្បីទប់ស្កាត់មាតិកាអនឡាញដែលបង្កគ្រោះថ្នាក់
× គេហទំព័រប្រព័ន្ធផ្សព្វផ្សាយដែលដំណើរការនៅសិង្ហបុរីជាច្រើនអាចត្រូវបិទ ឬពិន័យជាប្រាក់ប្រសិនបើគេហទំព័រទាំងនោះមិនបញ្ឈប់អ្នកប្រើប្រាស់ពីការបង្ហោះមាតិកាបង្កគ្រោះថ្នាក់ដល់សង្គមបាននោះ។ ការអនុវត្តនេះស្ថិតក្រោមច្បាប់ដែលទើបស្នើឡើងនៅសភាសិង្ហបុរីនាថ្ងៃទី៣ ខែតុលា។
រដ្ឋាភិបាលសិង្ហបុរីនឹងបិទ ឬពិន័យជាប្រាក់ចំពោះគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ ដែលមិនបញ្ឈប់អ្នកប្រើប្រាស់ពីការបង្ហោះមាតិកាបង្កគ្រោះថ្នាក់ដល់សង្គម។ ការអនុវត្តនេះស្របតាមច្បាប់ដែលបានស្នើឡើងនៅសភាសិង្ហបុរីក្នុងថ្ងៃទី៣ ខែតុលា។ នេះបើតាមការលើកឡើងរបស់ក្រសួងគមនាគមន៍ និងព័ត៌មានសិង្ហបុរីនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
«សេវាកម្មអនឡាញមួយចំនួនបានខិតខំប្រឹងប្រែងដោះស្រាយមាតិកាដែលបង្កគ្រោះថ្នាក់ តែមាតិកាអនឡាញដែលបង្កគ្រោះថ្នាក់នៅតែជាកង្វល់»។ ក្រសួងព័ត៌មានរបស់សិង្ហបុរីបានលើកឡើងដូចច្នេះ។ អាស្រ័យហេតុនេះ សិង្ហបុរីសម្រេចស្នើច្បាប់ដើម្បីដោះស្រាយការកើតមានមាតិកាបង្កគ្រោះថ្នាក់បន្ថែម។
នៅក្រោមច្បាប់នេះ អ្នកបច្ចេកទេសរបស់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម មានសិទ្ធិរារាំងការបង្ហោះមាតិកាបង្កគ្រោះថ្នាក់ រួមទាំងការបង្ហោះដែលគាំទ្រអំពើហិង្សា អំពើភេរវកម្ម ឬការពិពណ៌នាអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។ មិនត្រឹមប៉ុណ្ណោះ មាតិកាដែលបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ ឬទំនងជាបង្កឱ្យមានការរើសអើងពូជសាសន៍ និងសាសនានៅក្នុងសិង្ហបុរីក៏ត្រូវបានហាមឃាត់ផងដែរ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកបច្ចេកទេសរបស់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមក៏អាចត្រូវបញ្ជាឱ្យបិទគណនីអ្នកប្រើប្រាស់ណាមួយមិនឱ្យប្រើបន្ត ប្រសិនបើបង្ហោះមាតិកាគ្រោះថ្នាក់។ យ៉ាងណាមិញ ការរារាំង ឬបិទគណនីនេះនឹងមិនអនុវត្តចំពោះការសន្ទនាទាក់ទងនឹងមាតិកាបង្កគ្រោះថ្នាក់ ក្នុងលក្ខណៈឯកជនទេ។
សភាសិង្ហបុរីនឹងពិភាក្សាលើច្បាប់ទប់ស្កាត់មាតិកាអនឡាញដែលបង្កគ្រោះថ្នាក់ នៅខែវិច្ឆិកាខាងមុខ។ ប្រសិនបើវាត្រូវបានអនុម័តឱ្យប្រើប្រាស់ អាជ្ញាធរទទួលបន្ទុកនឹងទទួលបានឧបករណ៍ប្រើប្រាស់សម្រាប់គ្រប់គ្រងសុវត្ថិភាពមាតិកាអនឡាញ ហើយច្បាប់នេះនឹងតម្រូវឱ្យអាជ្ញាធរប្រមូលព័ត៌មានអ្នកប្រើប្រាស់ ពីគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីទប់ស្កាត់មាតិកាគ្រោះថ្នាក់ទាំងអស់។
គួរបញ្ជាក់ថា កាលពីបីឆ្នាំមុន បុរីរដ្ឋមួយនេះបានអនុម័តច្បាប់មួយដែរ ដែលប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយផ្តល់អំណាចដល់រដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលអាចបញ្ជាឱ្យគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដាក់ការព្រមាន ឬត្រូវឱ្យលុបចេញចំពោះព័ត៌មានដែលអាជ្ញាធរចាត់ទុកថាមិនពិត៕
© រក្សាសិទ្ធិដោយ thmeythmey.com