ជាតិ
សង្គមជាតិ
ប៉ូលិស បំភ្លឺថា ឲ្យផ្តិតមេដៃ តែមិនចេញបង្កាន់ដៃ ព្រោះនារីដែលមិនពាក់មួក គ្មានលុយបង់
05, Oct 2022 , 4:59 pm        
រូបភាព
នារីម្នាក់ចំណោម៣នាក់ ត្រូវប៉ូលិសចរាចរណ៍ តម្រូវឲ្យផ្តិតមេដៃ ដោយសារមិនពាក់មួកសុវត្ថិភាព។ រូបពីវីដេអូដែលបង្ហោះលើបណ្តាញសង្គម
នារីម្នាក់ចំណោម៣នាក់ ត្រូវប៉ូលិសចរាចរណ៍ តម្រូវឲ្យផ្តិតមេដៃ ដោយសារមិនពាក់មួកសុវត្ថិភាព។ រូបពីវីដេអូដែលបង្ហោះលើបណ្តាញសង្គម
ករណីតម្រូវឲ្យនារីដែលជិះម៉ូតូមិនពាក់មួកសុវត្ថិភាពត្រឹមផ្តិតមេដៃ តែមិនចេញបង្កាន់បង់ប្រាក់ឲ្យនាង ត្រូវនគរបាលបកស្រាយថា ដោយសារនាង គ្មានលុយបង់។

 
 
នាពេលថ្មីៗនេះ លើបណ្តាញសង្គម គេ បានឃើញវីដេអូ១អំពីករណីនគរបាលចរាចរណ៍ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ម៉ូតូម៉ាកហុងដា១គ្រឿង ដើម្បីពិន័យប្រាក់ពីអ្នកជិះ ដោយសារក្នុងចំណោមអ្នកជិះ៣នាក់ជានារីវ័យក្មេង មានម្នាក់ មិនពាក់មួកសុវត្ថិភាព។ វីដេអូនោះ បង្ហាញថា នគរបាលចរាចរណ៍ ពុំបានចេញបង្កាន់ដៃបង់ប្រាក់ជូនទៅនារី ដែលរងការពិន័យនោះទេ ដោយត្រឹមតែឲ្យនាងផ្តិតស្នាមេដៃប៉ុណ្ណោះ។ 
 
អ្នកប្រើប្រាស់បណ្តាញសង្គម នាំគ្នារិះគន់ផង និងសើចចំអកផងទៅដល់នគរបាលចរាចរណ៍ ដែលតម្រូវឲ្យនារីដែលខុសច្បាប់ចរាចរណ៍នោះ ផ្តិតមេដៃ តែមិនព្រមចេញបង្កាន់ដៃបង់ប្រាក់ឲ្យនាង។ ពួកគេ ចាត់ទុក ការធ្វើដូច្នេះពីសំណាក់នគរបាលចរាចរណ៍ ថាជារឿងចម្លែក។   
 
ក្រោយឃើញការបញ្ចេញមតិអវិជ្ជមានបែបនេះលើនគរបាលចរាចរណ៍ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា ក្រោយសមត្ថកិច្ចសរសេរបណ្ណផាកពិន័យ (បង្កាន់ដៃបង់ប្រាក់) រួច នារីទាំង៣នាក់នោះ ប្រាប់ថា មិនមានប្រាក់ ទើបសមត្ថកិច្ច អនុញ្ញាតឲ្យពួកនាង បន្តដំណើរ ដោយមិនបានពិន័យប្រាក់ឡើយ គឺត្រឹមតែណែនាំពួកនាងប៉ុណ្ណោះ។ 
 
ពេលនារីទាំង៣នាក់ ដើរចេញតម្រង់ទៅកាន់ម៉ូតូ ក៏មានបុរសម្នាក់ ប្រាប់ទៅពួកនាងឲ្យទាមទារបង្កាន់ដៃពីនគរបាលចរាចរណ៍ ដើម្បីបង្ការកុំឲ្យបង់ប្រាក់ទៀត ក្នុងករណីត្រូវនគរបាលចរាចរណ៍ ដែលឈរជើងនៅគោលដៅផ្សេងចាប់។ ពេលឮបុរសនោះផ្តល់គំនិតដូច្នេះ ពួកនាង ក៏បែរក្រោយ ហើយសុំឲ្យនគរបាលចរាចរណ៍ចេញបង្កាន់ដៃបង់ប្រាក់។ តែនគរបាលចរចរណ៍ បានប្រាប់វិញថា «មិនអីទេ» ហើយបើមាននគរបាលចរាចរណ៍នៅគោលដៅផ្សេងចាប់ នាង គ្រាន់តែលើកស្នាមដៃបង្ហាញ គឺគេអនុញ្ញាតឲ្យបន្តដំណើរទៀតហើយ (ដោយមិនផាកពិន័យប្រាក់ឡើយ)។
 
បុរស ដែលប្រាប់នារីវ័យក្មេងទាំង៣នាក់ ឲ្យទៅទាររកបង្កាន់ដៃបង់ប្រាក់ពីនគរបាលចរចរណ៍ គឺជាអ្នកថតវីដេអូនេះឯង ហើយគាត់ ក៏ត្រូវចាប់ផាកពិន័យដែរ ដោយសារម៉ូតូរបស់គាត់គ្មានស្លាកលេខ។ ពេលកំពុងថតវីដេអូ បុរសនោះ និយាយទៅកាន់នគរបាលចរាចរណ៍ថា «បងឯង ចេះតែធ្វើបាបរាស្រ្ត»។ នគរបាលចរាចរណ៍ តបទៅបុរសនោះវិញថា «សាំ» ហើយប្រាប់ឲ្យគាត់នៅឲ្យស្ងៀម និងប្រើពាក្យទៅកាន់គាត់ថា «បើចេះ មកធ្វើការជំនួសគេមក»។

បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រឿងរ៉ាវនេះ កើតឡើងក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២២៕


Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com