កីឡាអន្តរជាតិ
សង្គមជាតិ
UCL ៖ Chelsea ស្វាគមន៍ AC Milan ខណៈ Juventus ស្វែករកពិន្ទុដំបូងក្រោយបរាជ័យ២លើក
05, Oct 2022 , 8:29 pm        
រូបភាព
 Chelsea ត្រូវស្វាគមន៍ក្រុមខ្លាំងមកពីអ៊ីតាលី AC Milan ដែលកំពុងឈរកំពូលតារាងក្នុងពូល E ក្នុងជំនួបវគ្គសន្សំពិន្ទុនៃពានរង្វាន់ UEFA Champions League វេលាម៉ោង​ ២យប់ (ម៉ោងនៅកម្ពុជា)។ ចំណែកក្រុម Juventus ដែលត្រូវការពិន្ទុលើកដំបូង ត្រូវបើកទ្វាកីឡដ្ឋាន Allianz ទទួលក្រុម Maccabi Haifa មកពីអ៊ីស្រាអ៊ែល។



AC Milan ដែលឈរកំពូលតារាងពូល E បណ្តោះអាសន្នមាន៤ពិន្ទុ ត្រូវធ្វើដំណើរទៅកាន់ទឹកដី Stamford Bridge ដើម្បីប្រកួតប្រជែងទល់ Chelsea ដែលជាក្រុមស្ថិតនៅបាតតារាងមាន១ពិន្ទុ សម្រាប់ជំនួបលើកទី៣វគ្គសន្សំពិន្ទុ។ មុនជួប Chelsea ក្រុម ​AC Milan ដែលជាក្រុមជើងឯក Serie A រដូវកាលមុនបានបំបាកក្រុម Empoli ក្នុងជំនួបក្របខណ្ឌ Serie A លទ្ធផល ៣-១ រួចមកហើយ។ ចំណែកម្ចាស់ផ្ទះ Chelsea វិញនេះគឺជាការប្រកួតទីបីសម្រាប់លោក Graham Potter ក្រោយមកដឹកនាំក្រុម ដោយកាលសប្តាហ៍មុន Chelsea យកឈ្នះលើ Crystal Palace លទ្ធផល ២-១ យ៉ាងលំបាក។


 
ការប្រកួតនារាត្រីនេះ ជានួបសំខាន់ និងត្រូវការឈ្នះជាចាំបាច់សម្រាប់ក្រុម Chelsea ដើម្បីធានាកៅអីបន្តទៅវគ្គខ្វែង Champions League ខណៈពួកគេត្រូវជួប AC Milan ដែលជាក្រុមខ្លាំងមួយពិបាកយកឈ្នះ។ 
 
ធ្លាប់ជួបគ្នា ៥លើកតាំងពីមុនឆ្នាំ ២០០០មកម្ល៉េះ AC Milan យកឈ្នះលើ Chelsea ត្រឹមតែ ១លើកប៉ុណ្ណោះ ខណៈ៤លើកផ្សេងទៀតបរាជ័យ ហើយការជួបគ្នា២លើកចុងក្រោយបង្អោះរវាងក្រុមទាំងពីរក្នុងការប្រកួត ​​Champions League នេះគឺក្នុងឆ្នាំ ១៩៩៩​-២០០០ ដែលក្រុមទាំងពីរប្រកួតស្មើទាំងពីរជើង។ ចំណែកការប្រកួតមួយគូទៀត FC Salzburg ត្រូវស្វាគមន៍ក្រុម Dinamo Zagreb វេលាម៉ោង ១១:៤៥ យប់។
 
ក្រឡែកទៅការប្រកួតរបស់ Juventus ស្វាគមន៍ក្រុម Maccabi Haifa ក្នុងកីឡដ្ឋាន Allianz Arena សម្រាប់ការប្រកួត UCL វគ្គសន្សំពិន្ទុពូល H វេលាម៉ោង ២យប់។ ចាប់ផ្តើមការប្រកួតរដូវកាលថ្មីនៃ UCL ២០២២-២៣ Juventus ត្រូវបានចាប់ពូលក្នុងពូល H ជាមួយក្រុមខ្លាំងៗដូចជា Paris Saint Germain និង SL Benfica តែទោះជាយ៉ាងណា ចាប់ផ្តើមពីរប្រកួតដំបូង Juventus រងបរាជ័យទាំងពីរលើក ដោយចាញ់ក្រុម PSG លទ្ធផល ២-១ និងចាញ់ Benfica លទ្ធផល ២-១។ 
 
ជំនួបទទួល Maccabi Haifa រាត្រីនេះ ម្ចាស់ផ្ទះ Juventus រំពឹងរកបានជ័យជម្នះ ៣ពិន្ទុរបស់ខ្លួនលើកដំបូងដើម្បីជាលទ្ធភាពបន្តក្តីសង្ឃឹមលេងក្នុង UCL នេះបន្តទៀតពីការប្រកួតលើកទីបីក្នុងពូល H នេះ។ មុនឈានជើងមកកាន់ការប្រកួតនេះ Juventus ឆ្លងកាត់ការប្រកួតក្នុងលីគកំពូលអ៊ីតាលី សប្តាហ៍មុនដោយយកឈ្នះក្រុម Bologna ដល់ក្នុងទឹកដីលទ្ធផល ៣-០ ខណៈក្រុម ​Maccabi ក៏រកបានជ័យជម្នះ ក្នុងលីគរបស់ខ្លួនមុនមកប៉ះជាមួយ Juventus នេះ។
 
បើទោះ Maccabi Haifa មិនសូវបង្ហាញវត្តមានក្នុង UCL នេះញឺកញ៉ាប់ក្តីប៉ុន្តែជួប Juventus លើកនេះមិនមែនការជួបលើកដំបូងនោះទេ ដោយក្រុមទាំងពីរនេះធ្លាប់ជួបគ្នា ២លើករួចមកហើយក្នុងការប្រកួត Champions League នេះ។ កាលឆ្នាំ ២០០៩-១០ Juventus និង Maccabi Haifa ធ្លាប់បានប៉ះគ្នាពីរលើកក្នុងការប្រកួតវគ្គសន្សំពិន្ទុ ហើយកាលនោះ Juventus យកឈ្នះទាំងពីរលើកក្នុងលទ្ធផល ១-០។ សម្រាប់ការប្រកួតមួយគូទៀតក្នុងពូល H នេះ PSG ទទួល Benfica ប្រជែងតំណែងកំពូលតារាងក្នុងពូល៕
ខាងក្រោមនេះជាការប្រកួតក្រុមដទៃសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុ UCL ការប្រកួតទីបីនេះ៖
 
RB Leipzig ទទួល Celtic វេលាម៉ោង ១១:៤៥យប់ និង Real Madrid ទទួល Shakhtar Donetsk វេលាម៉ោង ២យប់ នៃជំនួបពូល F។
Manchester City ស្វាគមន៍ FC Copenhagen និង Sevilla ទទួល Borussia Dortmund វេលាម៉ោង ២យប់ ជំនួបពូល G។
 
 
 

Tag:
 Chelsea
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com