ជាតិ
សង្គមជាតិ
សមាគមគ្រូបង្រៀនឯករាជ្យ ស្នើរដ្ឋឲ្យដំឡើងប្រាក់ខែ ១ភាគ៤ នៃប្រាក់ខែតំណាងរាស្រ្ត
05, Oct 2022 , 6:29 pm        
រូបភាព
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
ភ្នំពេញ៖ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានដាក់ញត្តិទៅរដ្ឋសភា និងរដ្ឋាភិបាល ឲ្យដំឡើងប្រាក់ខែគ្រូ ឲ្យស្មើនឹងមួយភាគបួននៃប្រាក់ខែទូទៅរបស់តំណាងរាស្រ្តក្នុងរដ្ឋសភា។ ប៉ុន្តែ អ្នកនាំពាក្យ រដ្ឋសភាថា មិនអាចយកប្រាក់ខែប្រៀបធៀបបានឡើយ។

 
ទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃទី៥តុលា ឆ្នាំនេះ សមាគម សហជីព និងឪពុកម្ដាយសិស្ស​ ប្រមាណ១០០នាក់ បានប្រារព្ធពិធីក្រោមប្រធានបទ កម្រិតស្ថានភាពនៃគ្រូបង្រៀន។ 
ក្នុងញត្តិរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានសង្កត់ធ្ងន់ថា៖ «កម្រិតស្ថានភាពគ្រូបង្រៀនមិនល្អ ជះឥទ្ធិលពលមិនល្អដល់ការអប់រំ ហើយគ្រូបង្រៀនមានតួនាទីដ៏សំខាន់ ដែលជាវិស្វករផលិតធនធានមនុស្ស សម្រាប់ចូលរួមអភិវឌ្ឍសង្គមជាតិ»។ 
 
ប្រធានសមាគមគ្រូបង្រៀនកម្ពុឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា ជាទូទៅប្រាក់ខែរបស់តំណាងរាស្ត្រ គឺជាង១៥លាន៤សែនរៀល ដែលខុសគ្នាឆ្ងាយពីប្រាក់ខែគ្រូបង្រៀនដែលសព្វថ្ងៃមានត្រឹមតែ១លាន២សែន ទៅ២លាន១សែនរៀល។ លោកស្រី ឆាយ៉ាវី និយាយបន្ថែមបែបនេះ៖ «យើងឃើញគម្លាតប្រាក់ខែវាឆ្ងាយគ្នាពេញ គឺប្រាក់ខែគ្រូខ្លះក្នុងមួយឆ្នាំ សឹងមិនស្មើប្រាក់ខែតំណាងរាស្រ្តមួយខែផង ទើបយើងលើកមកបង្ហាញឲ្យសាធារណជនឃើញ ហើយពិចារណា»។ 
 
លើសពីនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើឲ្យមានការឧបត្ថមដល់កូនៗគ្រូបង្រៀនក្នុងម្នាក់៤ម៉ឺនរៀល និងប្រពន្ធ៥ម៉ឺនរៀល ក្នុងមួយខែ។ ក្រៅពីនេះ គឺប្រាក់ឧបត្ថម្ភបន្ថែមម៉ោងបង្រៀន ប្រាក់ថ្លៃធ្វើដំណើរ និងប្រាក់ឧបត្ថម្ភបុណ្យជាតិនីមួយជាដើម។ 
 
ចំពោះការ ស្នើសុំដំឡើងប្រាក់ខែគ្រូឲ្យស្មើនឹង១ភាគ៤ នៃតំណាងរាស្រ្តនេះ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ឆ្លើយតវិញថា ពុំអាចយកប្រាក់ខែប្រៀបធៀបគ្នាបានឡើយ ខណៈតំណាងរាស្ត្រមានតួនាទីច្រើន។ លើសពីនេះ លោកពន្យល់ថា ប្រាក់ខែរបស់តំណាងរាស្រ្តសុទ្ធមានប្រមាណ៦ទៅ៧លានរៀលប៉ុណ្ណោះ។ ក្រៅពីនេះ គឺប្រាក់ឧបត្ថម្ភថ្លៃចំណាយផ្សេង មានសម្រាប់សម្រាប់ថ្លៃរថយន្ត សេវាសុខភាព និងចុះខេត្តជាដើម។ 
 
«មិនអាចប្រៀបធៀបគ្នាបានទេ ព្រោះពួកគាត់(តំណាងរាស្រ្ត)មានការងារច្រើនមុខជាងគ្រូបង្រៀន ហើយបើនិយាយជាលុយសុទ្ធប្រមាណ១៥លានរៀល ប៉ុន្តែទាំងអស់នេះ គឺគិតទាំងប្រាក់ឧបត្ថម្ភ ប្រាក់បំណាច់ និងប្រាក់ដែលសម្ដេចឲ្យ៥០០ដុល្លារសម្រាប់ទិញឡាន គឺមានច្រើនទៀត។ អ៊ីចឹង ប្រាក់ខែសុទ្ធរបស់ពួកគាត់ប្រហែលជា៦ទៅ៧លានប៉ុណ្ណោះ»។ នេះបើតាមលោក ឡេង ម៉េង ឡុង ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ។ 
 
ជុំវិញករណីនេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំកំពុងបន្តលើកកម្ពស់គុណភាព និងជីវភាពគ្រូបង្រៀន ដោយបន្តដំឡើងប្រាក់ខែដល់គ្រូបង្រៀន។ ជាក់ស្ដែង ប្រាក់ខែគ្រូបង្រៀននៅឆ្នាំ២០១៥គឺចន្លោះជាង៥សែនរៀល ដល់១លាន២សែនរៀល
ហើយឆ្នាំ២០២២គឺចន្លោះ១លាន២សែនរៀល ដល់២លាន១សែនរៀល។ លើសពីនេះ នៅដើមឆ្នាំ២០២៣តទៅ ប្រាក់ខែគ្រូបង្រៀនគឺមានចំនួន ១លាន៥សែនយ៉ាងតិច៕ 
 

Tag:
 គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com