COVID-19
ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន៖ យើងមិនអាចឲ្យពលរដ្ឋរងគ្រោះដោយសារអតិផរណានោះទេ
06, Oct 2022 , 8:42 am        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបើកសន្និសីទ ចក្ខុវិស័យ​ប្រទេសកម្ពុជាឆ្នាំ២០២២ នៅសណ្ឋាគារសុខា។ រូបថត Capture ពី SPM
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបើកសន្និសីទ ចក្ខុវិស័យ​ប្រទេសកម្ពុជាឆ្នាំ២០២២ នៅសណ្ឋាគារសុខា។ រូបថត Capture ពី SPM
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីយន្តការផ្តល់សាច់ប្រាក់សម្រាប់គាំពារពលរដ្ឋឆ្លើយតបនឹងបញ្ហាអតិផរណា រួមទាំងការបន្តផ្តល់ការឧបត្ថម្ភ៣ខែទៀតសម្រាប់អ្នករងផលប៉ះពាល់ដោយសារកូវីដ-១៩។ សម្តេចបានថ្លែងយ៉ាងដូច្នេះ នាពិធីបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២»  នៅសណ្ឋាគារសុខាភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា នេះ។

 
ប្រជាពលរដ្ឋជិត៦០ម៉ឺនគ្រួសារ ឬជិត២លាននាក់ នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរងផលប៉ះពាល់ដោយសារអតិផរណា ដែលបណ្តាលមកពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន រួមទាំងការដាក់ទណ្ឌកម្មហួសកម្រិតពីសហគមន៍អន្តរជាតិ។
 
«យើងមិនអាចឲ្យពលរដ្ឋរងគ្រោះដោយសារអតិផរណានោះទេ»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន ដោយរំពឹងថា បណ្តាបក្សប្រឆាំង និងសង្គមស៊ីវិល មិនគិតថា ករណីនេះ ជាការកេងចំណេញផលនយោបាយ ជាពិសេសការបោះឆ្នោតនាពេលខាងមុខនោះឡើយ។
 
សម្តេចបានណែនាំឲ្យគ្រប់បណ្តាអង្គភាពរួសរាន់ចាត់ចែង ដោយពលរដ្ឋមានសិទ្ធិដាក់ស្នើសុំ។ សម្តេចក៏បានលើកឡើងជាពិសេសផងដែរទាក់ទងនឹងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នកលក់តាមកញ្ច្រែង តាមផ្សារជាដើម។ បើតាមសម្តេច កម្មឧបត្ថម្ភសាច់ប្រាក់សម្រាប់គាំពារពលរដ្ឋឆ្លើយតបនឹងបញ្ហាអតិផរណា នឹងអាចអនុវត្តនៅខែវិច្ឆិកា​ ឆ្នាំ២០២២។​
 
ទាក់ទងនឹងការរងផលប៉ះពាល់ដោយសារកូវីដ-១៩ សម្តេច ហ៊ុន សែន បានលើកឡើងពីការសម្រេចបន្តការឧបត្ថម្ភរយៈពេល៣ខែទៀត បន្ទាប់ពីការអនុវត្ត១០ជុំរួចមកហើយ។ ការសម្រេចនេះ មានន័យថា ពលរដ្ឋជិត៧០ម៉ឺនគ្រួសារ ឬជិត៣លាននាក់ បន្តទទួលបានការឧបត្ថម្ភ។
 
សម្តេច ក៏បានស្នើឲ្យលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិចារណាពិនិត្យបន្តទៀត ដោយមិនអាចដកការឧបត្ថម្ភទាំងស្រុងនោះឡើយ ពោលគឺអាចអនុវត្តការដកពី១០០ភាគរយ មក៧០ភាគរយ ហើយបន្តមក៥០ភាគរយជាដើម។
 
«ជៀសវាងការបាត់ចំណូលភ្លាមៗ»។ នេះជាការអះអាងរបស់ប្រមុខរដ្ឋាភិបាល។
 
សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាប្រមូលផ្តុំដោយអ្នកជំនាញក្នុងការបើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដែលជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។
 
នៅឆ្នាំនេះ សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩» ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្ថានទូតបរទេស តំណាង ទូតនានាប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅកម្ពុជាផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com