កីឡាអន្តរជាតិ
អន្តរជាតិ
Messi៖ World Cup នៅកាតា នឹងក្លាយជាព្រឹត្តិការណ៍ World Cup ចុងក្រោយរបស់ខ្ញុំ
07, Oct 2022 , 10:59 am        
រូបភាព
Lionel Messi ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានបញ្ជាក់ថាការប្រកួត FIFA  World Cup នៅកាតា ឆ្នាំ ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ World Cup ចុងក្រោយរបស់ខ្លួន។


Messi ដែលសព្វថ្ងៃមានវ័យ៣៥ឆ្នាំ អះអាងថារូបគេនឹងមិនលេងនៅការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោកផ្សេងទៀតឡើយ ក្រោយបញ្ចប់នៅកាតាឆ្នាំ ២០២២ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែវិច្ឆិកាខាងមុខនេះ។ ខ្សែប្រយុទ្ធ Paris Saint-Germain នឹងព្យាយាមជួយអាហ្សង់ទីនលើកពាន World Cup ចុងក្រោយនេះឱ្យបាន បន្ទាប់ពីជួយក្រុមឈ្នះពាន Copa America កាលពីឆ្នាំមុន។
 
«ប្រាកដណាស់ World Cup នៅកាតា ជាការប្រកួតបាល់ទាត់ពិភពលោកចុងក្រោយរបស់ខ្ញុំ»។ Messi ប្រាប់ទូរទស្សន៍ Star+ ដូច្នេះ មុនបន្ថែមថា បើទោះបីអាហ្សង់ទីន ជាក្រុមដែលគេគិតថាមិនអាចគ្រងតំណែងជើងឯក World Cup បាន ប៉ុន្តែប្រធានក្រុមរូបនេះ ប្តេជ្ញាជួយក្រុមយកឈ្នះជើងឯកឱ្យបាន។
 
ម្ចាស់ពាន Ballon d'Or ៧សម័យ ដែលជាប់ជម្រើសជាតិអាហ្សង់ទីនលើ់កដំបូងនៅឆ្នាំ២០០៥ បង្ហាញខ្លួន១៦៤លើក ស៊ុតបញ្ចូលទី៩០គ្រាប់ជាកីឡាករទី៣ ដែលបង្ហាញខ្លួននៅ World Cup បានចំនួន ៥លើក បន្ទាប់ពី Diego Maradona និង Javier Mascherano។
 
មិនលេងនៅ World Cup បន្តទៀតមែន ប៉ុន្តែមិនមែនមានន័យថា Messi នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីននៅក្រោយបញ្ចប់ព្រឹត្តិការណ៍នៅកាតាឡើយ។ ខ្សែប្រយុទ្ធ PSG រូបនេះ បញ្ជាក់ថា កម្លាំង និងកាយសម្បទារបស់គេនៅតែល្អដែលអាចប្រកួតប្រជែងបានក្នុងកម្រិតខ្ពស់។ 
 
អតីតសមាជិកក្រុម Barcelona រូបនេះ បង្ហាញខ្លួននៅ World Cup លើកដំបូងនៅឆ្នាំ ២០០៦។ ការបង្ហាញខ្លួនល្អបំផុតរបស់ Messi នៅព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក បានជួយអាហ្សង់ទីនទទួលបានរងជើងឯកឆ្នាំ ២០១៤ ក្រោយចាញ់អាល្លឺម៉ង់ ១-០ នៅវគ្គផ្តាច់ព្រ័ត្រ៕
 
 

Tag:
 World Cup
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com