អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិក ដាក់ទណ្ឌកម្មពាណិជ្ជករមីយ៉ាន់ម៉ា ព្រោះទំនាក់ទំនងជាមួយរបបសឹក ចំពោះការទិញអាវុធរុស្សី
07, Oct 2022 , 11:58 am        
រូបភាព
ដោយ៖ ហ៊ួយ ស៊ីវលី 
 
អាម៉េរិកកំណត់ដាក់ទណ្ឌកម្មពាណិជ្ជករមីយ៉ាន់ម៉ាបីនាក់ និងក្រុមហ៊ុនមួយទៀត ជុំវិញការទិញអាវុធរុស្ស៊ីដែលនាំចូលពីបេឡារុសសម្រាប់ផ្គត់ផ្គង់ឱ្យរបបសឹកមីយ៉ាន់ម៉ា។ នេះបើតាមការប្រកាសរដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី៦ ខែតុលា។
 
ក្រោយរដ្ឋប្រហារនៅខែកុម្ភះ ឆ្នាំ២០២១ នយោបាយមីយ៉ាន់ម៉ាបន្តជាប់គាំង ដោយបង្កឱ្យមានការតវ៉ាប្រឆាំងទ្រង់ទ្រាយធំប្រឆាំងរបបយោធា និងការអនុវត្តទោសប្រហារជីវិតសកម្មជនចំនួន៤នាក់ ការបន្តឃុំខ្លួន និងកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ។ ជាការដាក់សម្ពាធលើរបបយោធា អាម៉េរិកក៏ដាក់ទណ្ឌកម្មលើពាណិជ្ជករដែលត្រូវរកឃើញថាទិញអាវុធផលិតដោយរុស្សីដើម្បីផ្គត់ផ្គង់ឱ្យរបបសឹកមីយ៉ាន់ម៉ាផងដែរ។
 
បើតាមរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អាន់តូនី ប្លីងខិន ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុអាម៉េរិកនៅថ្ងៃទី៦ ខែតុលា អាម៉េរិកដាក់ទណ្ឌកម្មពាណិជ្ជករមីយ៉ាន់ម៉ាម្នាក់ឈ្មោះ Aung Moe Myint ដែលជាកូនប្រុសរបស់មន្ត្រីយោធាមីយ៉ាន់ម៉ា និងក្រុមហ៊ុនរបស់លោក Dynasty International Company Limited រួមមន្ត្រីក្រុមហ៊ុនពីរនាក់ទៀត។ ពួកគេត្រូវបានរកឃើញថា មានពាក់ព័ន្ធនឹងការសម្របសម្រួលជួញដូរសព្វាវុធផលិតដោយរុស្សី រួមមាន មីស៊ីល និងយន្តហោះ ដែលនាំចូលពីបេឡារុស។ 
 
«ការជួញដូរនេះបង្ហាញពីទំនាក់ទំនងដ៏យូរអង្វែងរវាងយោធាភូមាជាមួយយោធារុស្សី និងបេឡារុស។ ពួកយើងនឹងបន្តប្រើការដាក់ទណ្ឌកម្មលើអ្នកដែលនៅក្នុងភូមា និងទីកន្លែងផ្សេងទៀត ដែលកំពុងគាំទ្រការឈ្លានពានដោយខុសច្បាប់របស់រុស្សីលើអ៊ុយក្រែន ក៏ដូចជាការសម្របសម្រួលដោយរុស្សី និងបេឡារុសលើការប្រើអំពើហិង្សារបស់របបភូមាប្រឆាំងនឹងប្រជាជនខ្លួនឯង។» លោក ប្លីងខិននិយាយបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ខាងលើ។
 
បើតាមសេចក្តីថ្លែងការណ៍ដដែល ទណ្ឌកម្មនោះនឹងបង្កកទ្រព្យសម្បត្តិដែលបុគ្គលទាំងនោះមាននៅអាម៉េរិក ព្រមទាំងហាមជនជាតិអាម៉េរិកឱ្យធ្វើជំនួញជាមួយពួកគេផងដែរ។ 
 
ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងយោធា និងពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ាចាប់តាំងពីមានរដ្ឋប្រហារមក។ ប៉ុន្តែ ការដាក់ទណ្ឌកម្មកន្លងមកមិនបានបញ្ចូលវិស័យឧស្ម័នរបស់មីយ៉ាន់ម៉ាទេ ដែលវាជាប្រភពចំណូលបរទេសដ៏ធំបំផុតរបស់យោធាមីយ៉ាន់ម៉ា។ 
 
សូមបញ្ជាក់ថា រុស្ស៊ី ជាប្រភពដ៏សំខាន់នៃសព្វាវុធយោធាសម្រាប់របបយោធាមីយ៉ាន់ម៉ា ហើយប្រទេសនេះបានផ្តល់ការការពារជាពិសេសសម្រាប់ការទូតមីយ៉ាន់ម៉ា ចំពេលអន្តរជាតិថ្កោលទោសលើការធ្វើរដ្ឋប្រហារដោយលោក មីន អ៊ុងឡាំង។ មេដឹកនាំរបបយោធារូបនេះបានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីពីរដងហើយ ក្រោយឡើងកាន់អំណាចមក៕
 

Tag:
 មីយ៉ាន់ម៉ា
  អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com