កីឡាអន្តរជាតិ
អន្តរជាតិ
រត់ជាន់គ្នានៅកីឡដ្ឋានឥណ្ឌូណេស៊ី ៖ មនុស្ស ៦នាក់រងការចោទប្រកាន់
07, Oct 2022 , 1:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
យ៉ាងហោចមានមនុស្ស ៦នាក់ត្រូវបានចោទប្រកាន់ជុំវិញគ្រោះរត់ជាន់គ្នាក្នុងកីឡដ្ឋានបាល់ទាត់ Kanjuruhan ប្រទេសឥណ្ឌូណេស៊ីដែលបានសម្លាប់មនុស្សដល់ទៅ ១៣១នាក់កាលពីចុងសប្តាហ៍មុន។



«ផ្អែកលើការស៊ើបអង្កេតដែលបានរកឃើញ ព្រមទាំងមានភស្តុតាងគ្រប់គ្រាន់ យើងបានកំណត់សម្គាល់លើជនសង្ស័យចំនួន ៦រួចហើយមកដល់ពេលនេះ»។ លោក Listyo Sigit Prabowo អគ្គស្នងការនគរបាលឥណ្ឌូណេស៊ីប្រាប់ក្នុងសន្និសីតកាសែតបែបនេះទាក់ទងនឹងគ្រោះមហន្តរាយកីឡដ្ឋាន។
មនុស្សចំនួន ៦នាក់ដែលរងការចោទប្រកាន់ ដោយនាំឱ្យមានការស្លាប់មនុស្សជាង១០០នាក់ រួមទាំងកុមារផងនៅកីឡដ្ឋានក្រុម Arema FC រួមមានមន្ត្រីប៉ូលិសតំបន់ ៣រូប និង៣រូបផ្សេងទៀត។ 
 
ចំណោមនោះ មានប្រធានគណៈកម្មាធិការៀបចំកម្មវិធីក្រុម Arema FC និងមន្ត្រីសន្តិសុខក្លិបម្នាក់។ មន្ត្រីប៉ូលិស ទីក្រុងម៉ាឡាង ២រូបកំពុងស្ថិតក្រោមការស៊ើបអង្កេត ដែលបញ្ជារឱ្យសហការីបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងមនុស្ស។ មន្ត្រីប៉ូលិសទី៣ ក៏ស្ថិតក្រោមការស៊ើបអង្កេត បានដឹងពីច្បាប់ហាមឃាត់របស់ FIFA ហាមមិនឱ្យប្រើឧស្ម័នបង្ហូរទឹកភ្នែកបង្ក្រាបក្នុងការប្រកួត ប៉ុន្តែមិនបានការពារការប្រើប្រាស់ដោយមិត្តរួមការងាររបស់គេនោះទេ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក Prabowo។
 
ជនសង្ស័យទាំងនោះអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំប្រសិនបើរកឃើញថាមានកំហុស។ សហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ក្រោយហេតុការណ៍មិនបានប៉ុន្មានថ្ងៃក៏បានប្រកាសហាមឃាត់ប្រធានគណៈកម្មាធិការរៀបចំកម្មវិធីប្រកួតរបស់ Arema FC និងមន្ត្រីផ្នែកសន្តិសុខម្នាក់ពីសកម្មភាពបាល់ទាត់ពេញមួយជីវិត។ ការប្រកាសនោះ ក្រោយពេលមានការខឹងសម្បារពីសំណាក់ប្រជាជនក្នុងតំបន់ ក៏ដូចជាប្រទេសឥណ្ឌូនេស៊ីលើបញ្ហាដែលប៉ូលិសបានឆ្លើយតបដោយហិង្សាលើហ្វូងអ្នកគាំទ្រអុកឡុងទីលាន។
 
គួររំលឹកដែលថាក្នុងចំណោមមនុស្ស ១៣១នាក់ដែលបានស្លាប់ក្នុងឧប្បត្តិហេតុរត់ជាន់គ្នាក្នុងកីឡដ្ឋាន Kanjuruhan ក្នុងចំណោមនោះក៏មានកុមារអាយុត្រឹមតែ ៣ ទៅ៤ ឆ្នាំចំនួន ៣២នាក់បានបាត់បង់ជីវិត និងមន្ត្រីប៉ូលិស ២រូបផងដែរ។ មនុស្សចំនួន ៣៤នាក់ស្លាប់ក្នុងកីឡដ្ឋានផ្ទាល់ និងផ្សេងទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ៕
 
 
 
 
 

Tag:
 Stadium disaster
© រក្សាសិទ្ធិដោយ thmeythmey.com