អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមប្រឹក្សាសិទ្ធិមនុស្ស ច្រានចោលសំណើលោកខាងលិចដែលចង់បើកការជជែកពីសិទ្ធិមនុស្សនៅស៊ីនជាំង
07, Oct 2022 , 2:59 pm        
រូបភាព
កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ រូបថត Xinhua
កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ រូបថត Xinhua
ដោយ:
ចិនរួចខ្លួនពីការដេញដោលជុំវិញការរំលោភសិទ្ធិជនជាតិវីហ្គ័រ និងជនមូស្លីមដទៃទៀតនៅតំបន់ស៊ីនជាំង បន្ទាប់ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃទី៦ ខែតុលាបោះឆ្នោតបដិសេធការស្នើរបស់លោកខាងលិច។ នេះជាជ័យជម្នះមួយសម្រាប់ក្រុងប៉េកាំងដែលតែងតែមិនទទួលស្គាល់រាល់ការចោទប្រកាន់ពីទង្វើខ្លួននៅតំបន់ស៊ីនជាំង ក៏ដូចជាកំពុងស្វះស្វែងគេចពីការស៊ើបអង្កេតវែងឆ្ងាយថែមទៀតដែរ។

 
ជាមួយការបោះឆ្នោតសំឡេងប្រឆាំង១៩ សំឡេងគាំទ្រ១៧ និងសំឡេងអនុបវាទ១១ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) ច្រានចោលការជជែកដេញដោលជុំវិញចិនបំពានសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។ ប៉ាគីស្ថាន ចិន និងឥណ្ឌូណេស៊ី បានបោះឆ្នោតប្រឆាំង។
 
«នេះជាជោគជ័យមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក៏ដូចជាជ័យជម្នះសម្រាប់ការពិត និងភាពយុត្តិធម៌»។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying សរសេរបែបនេះលើបណ្តាញសង្គម Twitter នៅថ្ងៃទី៦ ខែតុលា។ 
 
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិន បញ្ហានៅតំបន់ស៊ីនជាំងមិនមែនជាបញ្ហាសិទ្ធិមនុស្សទាល់តែសោះ វាគ្រាន់តែជាបញ្ហាប្រឆាំងភេរវកម្ម និងប្រឆាំងពួកផ្តាច់ខ្លួននោះទេ។ អាម៉េរិក និងប្រទេសលោកខាងលិចមួយចំនួនស្នើទៅក្រុមប្រឹក្សាសិទ្ធិមនុស្សពីបញ្ហានេះដើម្បីចង់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនប៉ុណ្ណោះ។
 
អាម៉េរិក អូស្រ្តាលី កាណាដា​ បារាំង អាល្លឺម៉ង់ ន័រវេស ស៊ុយអែត តួកគី និងសម្ព័ន្ធមិត្តដទៃទៀតកាលពីខែមុនស្នើទៅក្រុមប្រឹក្សាសិទ្ធិមនុស្សដែលមានសមាជិក៤៧ប្រទេសឱ្យពិភាក្សាពីរបាយការណ៍ដែលអតីតប្រមុខសិទ្ធិមនុស្ស UN លោកស្រី Michelle Bachelet ចេញកាលពីចុងខែសីហា។ របាយការណ៍នោះរកឃើញថា មានការបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅតំបន់ស្វយ័តស៊ីនជាំងដែលអាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
 
តំណាងអាម៉េរិកនៅក្រុមប្រឹក្សាសិទ្ធិមនុស្សបានរិះគន់ពីលទ្ធផលបោះឆ្នោតនេះ ហើយសរសេរលើបណ្តាញសង្គម Twitter ថានេះជារឿងដ៏អាម៉ាស់ដែលបណ្តាលឱ្យប្រទេសរំលោភសិទ្ធិមនុស្សរួចពីនិទណ្ឌភាព។ អង្គការលើកលែងទោសអន្តរជាតិ ចាត់ទុកការសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សជារឿងគួរឱ្យអស់សំណើច ខណៈអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រកាសថា វាជាការក្បត់ដល់ជនរងគ្រោះ។ 
 
សូមបញ្ជាក់ថា មុនការបោះឆ្នោតបន្តិចនៅថ្ងៃទី៦ ខែតុលា តំណាងចិននៅក្រុមប្រឹក្សាសិទ្ធិមនុស្ស លោក Chen Xu ព្រមានថា ចំណាត់ការរបស់លោកខាងលិចនឹងបង្កើតជាគំរូមួយសម្រាប់ត្រួតពិនិត្យកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសផ្សេងទៀត។ បើតាមលោក Chen ការជជែកដេញដោលនេះដែរនឹងនាំឱ្យមានការប្រឈមមុខដាក់គ្នាថ្មី ហើយប្រទេសកំពុងអភិវឌ្ឍដទៃទៀតនឹងក្លាយជាមុខសញ្ញាដូចចិននៅថ្ងៃនេះដូចគ្នា៕
 
 
 
 
 
 
 
 
 
 

Tag:
 UN
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com