កីឡាអន្តរជាតិ
អន្តរជាតិ
លោក វីដូដូ ថាប្រធាន FIFA ផ្តល់ជំនួយឱ្យឥណ្ឌូណេស៊ីដោះស្រាយករណីរត់ជាន់គ្នាក្នុងកីឡដ្ឋាន
07, Oct 2022 , 4:30 pm        
រូបភាព
រូបភាព ៖ CNN Indonesia
រូបភាព ៖ CNN Indonesia
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ នៅពីថ្ងៃទី៥ ខែតុលា បាននិយាយថាស្ថាប័នគ្រប់គ្រងបាល់ទាត់របស់ពិភពលោក ( FIFA) បានផ្តល់ជំនួ​យដល់ឥណ្ឌូណេស៊ី ដើម្បីដោះស្រាយបញ្ហាបាល់ទាត់ ក្រោយមានករណីរត់ជាន់គ្នាស្លាប់ជាង១០០នាក់។ ការផ្តល់ជំនួយនេះ កើតឡើងក្រោយលោក វីដូដូ បានជជែកគ្នាជាមួយប្រធាន FIFA លោក Gianni Infantino ជុំវិញហេតុការណ៍ដ៏អាក្រក់នោះ។



ស្ថិតក្នុងចំណោមគ្រោះមហន្តរាយនៃកីឡដ្ឋានបាល់ទាត់ដ៏អាក្រក់មួយក្នុងពិភពលោក មនុស្សចំនួន ១៣១នាក់ដែលជាអ្នកគាំទ្របាល់ទាត់ត្រូវបានស្លាប់ ខណៈដែលពួកគេបានព្យាយាមរុញច្រានគ្នាដើម្បីចាកចេញពីកីឡដ្ឋានដែលកំពុងតែមានអំពើហិង្សាកើតឡើង។ ហេតុការណ៍រត់ជាន់គ្នាកើតឡើងក្រោយពេល ប៉ូលិលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងអ្នកគាំទ្រក្រុម Arema FC ដែលចូលអុកឡុកទីលាន។ 
 
ក្រោយឧប្បត្តិហេតុ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូវី បានបញ្ជារឱ្យរាល់កីឡដ្ឋាននៅទូទាំងប្រទេស ធានាឱ្យបាននូវការអនុលោមតាមពិធីសាស្រ្តរក្សាសុវត្ថិភាពឱ្យកាន់តែតឹងរឹងជៀសវាងរឿងហេតុស្រដៀងគ្នាបែបនេះកើតឡើងជាថ្មីទៀត។
 
បើតាមការបញ្ជាក់របស់លោក ចូកូវី លោកបានជជែកជាប្រធាន FIFA គឺលោក Gianni Infantino ដែលជាអ្នកសម្រេចផ្តល់ជំនួយដោះស្រាយបញ្ហាបាល់ទាត់ក្នុងប្រទេសឥណ្ឌូណេស៊ីក្រោយមានឧប្បត្តិហេតុរត់ជាន់គ្នាខាងលើនេះ។
 
«គាត់បាននិយាយថា ប្រសិនជាត្រូវការ FIFA នឹងអាចជួយដោះស្រាយបញ្ហាផ្នែកគ្រប់គ្រងបាល់ទាត់ក្នុងប្រទេសឥណ្ឌូណេស៊ីបាន។ ប្រធាន FIFA ក៏បានចូលរួមរំលែកទុក្ខជាមួយប្រជាជនយើង ហើយលោកបាននិយាយបន្ថែមថាសោកនាដកម្មនេះគឺហួសពីការប៉ាស្មាននៃទំហំខូចខាត់ និងអាយុជីវិតមនុស្ស។»។ លោក ចូកូវី និយាយអ្វីដែលប្រធាន FIFA បានជជែកជាមួយលោកបែបនេះ។
 
នៅពេលត្រូវបានអ្នកកាសែតសួរនាំអំពីបញ្ហាដែលថា FIFA អាចនឹងដាក់ទណ្ឌកម្មលើបាល់ទាត់ឥណ្ឌូណេស៊ី ក្រោយហេតុការណ៍ដ៏អាក្រក់ លោក ចូកូវី បានអះអាងថា បញ្ហាស្ថិតលើ FIFA ក្នុងការសម្រេចចិត្ត ថាដាក់ណ្ឌកម្ម ឬមិនដាក់៕
 
 

Tag:
 Stadium Disaster
  Joko Widodo
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com