កីឡាអន្តរជាតិ
អន្តរជាតិ
លីគកំពូលអាហ្សង់ទីន៖ អ្នកគាំទ្រម្នាក់ស្លាប់ដោយសារប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដូចករណីនៅឥណ្ឌូណេស៊ី
07, Oct 2022 , 5:19 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
 អ្នកគាំទ្របាល់ទាត់ម្នាក់បានស្លាប់ អំឡុងការប្រកួតរវាងក្រុម Gimnasia La Plata និង Borca Juniors នៃលីគកីឡាបាល់ទាត់អាហ្សង់ទីន នៅថ្ងៃទី៦ ខែតុលា។ បើតាមការផ្សាយរបស់ Reuters អ្នកាគាំទ្រស្លាប់ដោយសារគាំងបេះដូង ក្រោយប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលទីលានដើម្បីបំបែកហ្វូងអ្នកគាំទ្រ។



ការស្លាប់នេះនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ប៉ុន្តែបើតាមលោក Sergio Berni រដ្ឋមន្ត្រីសន្តិសុខក្នុងក្រុង ​Buenos Aires ប្រទេសអាហ្សង់ទីន ប្រាប់ទូរទស្សន៍ក្នុងស្រុកថា ការស្លាប់អ្នកគាំទ្រក្រុម Gimnasia La Plata បណ្តាលមកពីបញ្ហាខ្សោយបេះដូវនៅពេលរូបគេព្យាយាមចាកចេញពីកីឡដ្ឋាន Carmelo Zerillo ដែលកំពុងមានបញ្ហា។
បើតាមអាជ្ញាធរក្នុងប្រទេសអាហ្សង់ទីន អ្នកគាំទ្រក្រុម Gimnasia ព្យាយាមនាំគ្នាសម្រុកចូលក្នុងកីឡដ្ឋាន ដែលមានមនុស្សចូលពេញហើយនោះ ខណៈ ក្រុមមន្ត្រីប៉ូលិសបានប្រើគ្រាប់កាំភ្លើងកៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូង។
 
ពេលមានការសាយភាយឧស្ម័នចូលទីលាន ហេតុការណ៍ពេលនោះត្រូវបានគេមើលឃើញថា កីឡាករយកអាវបិតបាំងលើផ្ទៃមុខ ខណៈអ្នកគាំទ្របានចូលក្នុងទីលានប្រកួតដើម្បីគេចចេញពីផ្សេងរបស់ឧស្ម័ន។ ​ការប្រកួតនោះត្រូវបានបញ្ចប់ត្រឹមរយៈពេល ៩នាទីតែប៉ុណ្ណោះ។ បើតាមសម្តីកីឡាករក្រុម Gimnasia ម្នាក់ឈ្មោះ Leonardo Morales ប្រាប់ទៅទូរទស្សន៍ ESPN ថា កូនប្រុសអាយុ ២ឆ្នាំរបស់គេមិនអាចដកដង្ហើមបាន ខណៈដែលក្លិបមានការព្រួយបារម្ភពីមនុស្សក្នុងទីលាន។
 
«កូនប្រុសអាយុ ២ឆ្នាំរបស់ខ្ញុំ មិនអាចដកដង្ហើមបានឡើយពេលនោះ ហើយយើងពិតជាមានក្តីសោកស្តាយ និងបារម្ភខ្លាំងចំពោះមនុស្សគ្រប់គ្នាក្នុងកីឡដ្ឋានប្រកួត។ យើងកំពុងតែប្រកួតបាល់ទាត់ជាធម្មតាប៉ុន្តែវាបានប្រែប្រួលទៅជាបែបនេះ ហើយយើងក៏មានអារម្មណ៍ភ័យខ្លាចចំពោះក្រុមគ្រួសារយើងដែលជិតនឹងបាត់បង់ជីវិត»។ កីឡាករ Morales ប្រាប់ ESPN បែបនេះ។
 
លោក Berni រដ្ឋមន្រ្តីផ្នែកសន្តិសុខបាននិយាយថា ក្រសួងនឹងបើកការស៊ើបអង្កេតលើឧប្បត្តិហេតុនោះ។
ឧប្បត្តិហេតុនេះបានកើតឡើង ៥ថ្ងៃក្រោយមានហេតុការណ៍គ្រោះមហន្តរាយកីឡដ្ឋាននៅប្រទេសឥណ្ឌូណេស៊ីដែលសម្លាប់មនុស្សចំនួន ១៣១នាក់ ខណៈពេលដែលអ្នកគាំទ្រទាំងនោះបានព្យាយាមរត់ចាកចេញពីកីឡដ្ឋានប្រកួតក្រោយពេលប៉ូលិលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដូចជាគ្នានេះដែរ។ ឧប្បត្តិហេតុកីឡដ្ឋាននៅឥណ្ឌូណេស៊ីបានក្លាយជាគ្រោះមហន្តរាយកីឡដ្ឋានដ៏អាក្រក់មួយក្នុងពិភពបាល់ទាត់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com