អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក គីម ជុងអ៊ុន សរសើរលោក ពូទីន ដែលអាចជម្នះការគំរាមរបស់អាម៉េរិក
07, Oct 2022 , 8:29 pm        
រូបភាព
មេដឹកនាំកូរ់េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាជំនួបឆ្នាំ២០១៩។ រូបថត AFP
មេដឹកនាំកូរ់េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាជំនួបឆ្នាំ២០១៩។ រូបថត AFP
 មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានសរសើរការដឹកនាំរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលតែងជម្នះបញ្ហាប្រឈម និងការគំរាមកំហែងពីអាម៉េរិកកន្លងមក។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) ការសរសើរនេះ មានក្នុងលិខិតអបអរសាទរថ្ងៃខួបកំណើតគម្រប់៧០ឆ្នាំរបស់លោក ពូទីន ។



មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើសារអបអរសាទរក្នុងថ្ងៃខួបកំណើតគម្រប់៧០ឆ្នាំរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ដោយបានសរសើរពីការខិតខំប្រឹងប្រែងដឹកនាំប្រទេសរបស់លោក ពូទីន ពិសេសការតទល់នឹងការគំរាមកំហែងពីអាម៉េរិក។ 
 
នៅក្នុងលិខិតនោះ លោក គីម ក៏បានកោតសរសើរចំពោះសមិទ្ធផលដ៏ធំរបស់លោក ពូទីន ដែលបានកសាងរុស្ស៊ីក្លាយជាប្រទេសដ៏មានឥទ្ធិពលតាមរយៈសកម្មភាពដ៏ស្វាហាប់របស់លោក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA) រាយការណ៍នៅថ្ងៃទី៧ ខែតុលា។
 
«សព្វថ្ងៃនេះ រុស្ស៊ីកំពុងការពារសេចក្តីថ្លៃថ្នូររបស់រដ្ឋ និងផលប្រយោជន៍ជាមូលដ្ឋានរបស់ខ្លួនយ៉ាងជឿជាក់ ដោយជម្នះរាល់បញ្ហាប្រឈម និងការគំរាមកំហែងពីអាម៉េរិក និងកងទ័ពដ៏មានឥទ្ធិពលរបស់ប្រទេសនេះ»។ លោក គីម ប្រមុខរដ្ឋកូរ៉េខាងជើង បានលើកឡើងបែបនេះមុនបន្ថែមថា ការពិតគឺមិនអាចនឹកស្មានដល់ឡើយ ប្រសិនបើគ្មានការអ្នកដឹកនាំដ៏ឆ្នើម និងប្រកបដោយឆន្ទៈមុតមាំរបស់ពូទីនទេ។
 
លោក គីម បានលើកឡើងពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូផងដែរ ដែលត្រូវបានពង្រឹងដល់ចំនុចមិនធ្លាប់មានពីមុនមក តាមរយៈការខិតខំអភិវឌ្ឍទំនាក់ទំនងទ្វេភាគីក្រោមកិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងជាមួយគ្នានៅទីក្រុង Vladivostok ភាគខាងកើតរុស្ស៊ីក្នុងឆ្នាំ២០១៩។
 
លើសពីនេះ លោក​ គីម ​សង្ឃឹមថា ទំនាក់ទំនង​ផ្ទាល់ខ្លួនរវាងលោក និងលោកពូទីន​នឹង​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុងការជួយ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំតាមនោះដែរ។ 
 
ថ្មីៗនេះ កូរ៉េខាងជើងបានយកចិត្តទុកដាក់បង្កើនទំនាក់ទំនងរបស់ខ្លួនយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី ព្រោះចំពេលទំនាក់ទំនងអន្តរកូរ៉េកាន់តែតាន់តឹងឡើង ហើយការចរចានុយក្លេអ៊ែរជាមួយអាម៉េរិកក៏បានជាប់គាំង។ ស្របពេលរុស្ស៊ីកំពុងក្លាយជាប្រទេសឯកោដោយសារបង្កសង្គ្រាមនៅអ៊ុយក្រែន កូរ៉េខាងជើងកំពុងប្រមូលផលប្រយោជន៍ពីការធ្វើមិត្តរបស់រុស្ស៊ី ពិសេសតាមរយៈការធ្វើពាណិជ្ជកម្ម៕
 
 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com