អន្តរជាតិ
ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN បោះឆ្នោតឱ្យមានអ្នកស៊ើបអង្កេតបញ្ហាសិទ្ធិមនុស្សនៅរុស្ស៊ី
08, Oct 2022 , 10:59 am        
រូបភាព
ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី៧ ខែតុលា បានបោះឆ្នោតដោយជោគជ័យក្នុងការចាត់តាំងអ្នកជំនាញឯករាជ្យថ្មីមួយលើការរំលោភសិទ្ធិមនុស្សនៅរុស្ស៊ី។ ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ចោទក្រុងមូស្គូថា បានបង្កើតបរិយាកាសនៃភាពភ័យខ្លាចតាមរយៈការគាបសង្កត់ និងអំពើហិង្សា។

 
សមាជិកក្រុមបឹក្សាសិទ្ធិមនុស្សរបស់ UN បានបោះឆ្នោតគាំទ្រ១៧សំឡេង បដិសេធ៦សំឡេង និងបោះឆ្នោតអនុប្បវាទ២៤សំឡេងដើម្បីបង្កើតតំណែងអ្នករាយការណ៍សិទ្ធិមនុស្សសម្រាប់រុស្ស៊ី។ នេះជាលើកទីមួយដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស UN អាចចាត់ចែងឱ្យមានអ្នករាយការណ៍ពិសេស ដើម្បីកត់ត្រាពីសិទ្ធិមនុស្សក្នុងប្រទេសមួយនៃប្រទេសមហាអំណាចទាំងប្រាំ។ 
 
«ពួកយើងចង់បញ្ជាក់ឱ្យច្បាស់ថា ថ្ងៃនេះពួកយើងនឹងមិនបំភ្លេចពីអ្នកដែលព្យាយាមតស៊ូដើម្បី សេរីភាពខណៈដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានគាបសង្កត់ប្រជាជនរុស្ស៊ី ហើយអនុវត្តការគាបសង្កត់នៅបរទេស»។ អ្នកតំណាងចក្រភពអង់គ្លេសលោក Simon Manley ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះក្រោយការបោះឆ្នោតខាងលើ ។
 
ជាង៥០ប្រទេសនៃសមាជិក UN ទាំងអស់ដែលបានគាំទ្រចំណាត់ការមួយនេះរួម មានចក្រភពអង់គ្លេស បណ្ដាប្រទេសសហភាពអឺរ៉ុប (EU) (តែមិនមានហុងគ្រី) អាម៉េរិក អ៊ុយក្រែន ជប៉ុន និងរួមទាំងកូឡុំប៊ី។ ប្រទេសដែលបោះឆ្នោតជំទាស់មានដូចជា ចិន វ៉េណេស៊ុយអេឡា គុយបា អេរីត្រេ បូលីវី និងកាហ្សាក់ស្ថាន។
ចំណាត់ការនេះអនុវត្តបន្ទាប់ពីការចេញច្បាប់របស់រុស្ស៊ីកាន់តែរឹងមាំនៅឆ្នាំនេះដើម្បីដាក់ទណ្ឌកម្មប្រជាជនទីក្រុងមូស្គូដែលនិយាយបង្ខូចកិត្តិយសកងកម្លាំងប្រដាប់អាវុធ ឬផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការបិទស្ថាប័នសិទ្ធិមនុស្សដោយបង្ខំ រួមមានស្ថាប័នសិទ្ធិមនុស្សរុស្ស៊ី Memorial ដែលទើបតែបានឈ្នះពានរង្វាន់ណូបែលសន្តិភាពនៅថ្ងៃទី៧ ខែតុលានេះផងដែរ។
 
អ្នកតំណាងរុស្ស៊ីប្រចាំ UN នៅទីក្រុងហ្សឺណែវលោក Gennady Gatilov បានថ្លែងថា ចំណាត់ការមួយនេះមានភាពមិនត្រឹមត្រូវនោះឡើយ។
 
«សេចក្តីព្រាងដំណោះស្រាយនេះ ជាឧទាហរណ៍មួយបន្ថែមទៀតនៃរបៀបដែលប្រទេសលោកខាងលិចកំពុងប្រើប្រាស់ក្រុមប្រឹក្សានេះដើម្បីទទួលបានគោលដៅនយោបាយរបស់ពួកគេ»។ លោក Gatilov សង្កត់ធ្ងន់បែបនេះដោយចង់សំដៅថា UN គឺជាឈ្នាន់នយោបាយរបស់ លោកខាងលិចប្រើដើម្បីទាញយកផលប្រយោជន៍តែប៉ុណ្ណោះដែលការពិតរុស្ស៊ីមិនបានបំពានសិទ្ធិមនុស្សដូចការចោទនោះឡើយ៕
 

Tag:
 UN
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com