អន្តរជាតិ
FAO៖ សន្ទស្សន៍តម្លៃស្បៀងអាហារពិភពលោកធ្លាក់ចុះ៦ខែជាប់គ្នាគិតត្រឹមខែកញ្ញា
08, Oct 2022 , 1:59 pm        
រូបភាព
ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី៧ ខែតុលា អះអាងថា សន្ទស្សន៍តម្លៃស្បៀងអាហារពិភពលោកបានធ្លាក់ចុះរយៈពេល៦ខែជាប់ៗគ្នាគិតត្រឹមខែកញ្ញា ដោយបានធ្លាក់ចុះពីកម្រិតខ្ពស់ខ្លាំងនៅដើមឆ្នាំនេះក្រោយរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។


 
ក្នុងរបាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្ម (FAO) នៅថ្ងៃទី៧ ខែតុលា សន្ទស្សន៍តម្លៃទំនិញម្ហូបអាហារដែលត្រូវបានជួញដូរទូទាំងពិភពលោកដែលខ្លួនដែលតាមដាន បានធ្លាក់ចុះមកនៅជាមធ្យម១៣៦,៣ពិន្ទុកាលពីខែកញ្ញាធៀបនឹងសន្ទស្សន៍ជាមធ្យម១៣៧,៩កាលពីខែសីហា។ 
 
ក្រោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន សន្ទស្សន៍នេះបានកើនដល់ជាមធ្យម១៥៩,៧នៅក្នុងខែមីនា។ បើទោះបីជាសន្ទស្សន៍តម្លៃស្បៀងអាហារពិភពលោកបានធ្លាក់ចុះក្តី ប៉ុន្តែសន្ទស្សន៍នៅខែកញ្ញានេះបានកើនឡើង៥,៥ភាគរយបើធៀបនឹងខែដដែលនៅឆ្នាំមុន។ 
 
ការធ្លាក់ចុះនៃសន្ទស្សន៍ជាមធ្យមក្នុងខែកញ្ញានេះ ត្រូវបានជំរុញដោយការធ្លាក់ចុះជាង៦,៦ភាគរយនៃតម្លៃប្រេងបន្លែធៀបនឹងខែមុន ការកើនឡើងនៃការផ្គត់ផ្គង់ និងតម្លៃប្រេងឆៅទាបជាដើម។ លើសពីនេះតម្លៃស្ករ ទឹកដោះគោ និងសាច់ក៏បានធ្លាក់ចុះប្រមាណមួយភាគរយ ដោយអាចជួយកាត់បន្ថយសម្ពាធអតិផរណាផងដែរ។
 
យ៉ាងណាមិញ បើតាម FAO សន្ទស្សន៍តម្លៃធញ្ញជាតិបានកើនឡើងជាង១,៥ភាគរយនៅខែកញ្ញា ដោយតម្លៃស្រូវសាលីកើនឡើង២,២ភាគរយ ដោយសារតែមានការព្រួយបារម្ភស្ថានភាពដំណាំនៅអាហ្សង់ទីន និងអាម៉េរិក និងការរាំងស្ទះនៃការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនជាដើម។ ស្របគ្នានេះដែរ តម្លៃអង្ករបានកើនឡើង២,២ភាគរយជុំវិញផលប៉ះពាល់នៃទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅប៉ាគីស្ថានថ្មីៗនេះ។
 
FAO ក៏ប៉ាន់ប្រមាណមួយដាច់ដោយឡែកថា ការផ្គត់ផ្គង់ និងផលិតកម្មធញ្ញជាតិពិភពលោកក្នុងឆ្នាំ ២០២២ អាចធ្លាក់មកនៅត្រឹម២,៧៦៨ពាន់លានតោន ខណៈឆ្នាំមុនមានចំនួន២,៧៧៤ពាន់លានតោន។ នេះមានន័យថា ផលិតកម្មគ្រាប់ធញ្ញជាតិពិភពលោកបានធ្លាក់ចុះ១,៧ភាគរយបើធៀបនឹងតួរលេខក្នុងឆ្នាំ ២០២១។ 
«ការព្យាករណ៍ផលិតកម្មគ្រាប់ធញ្ញជាតិទាបជាសកល ធ្វើឱ្យមានការថយចុះជារួមក្នុងខែនេះ បណ្ដាលមកពីអាកាសធាតុមិនល្អបានប៉ះពាល់ដល់ការរំពឹងទុកទិន្នផលនៅក្នុងប្រទេសផលិតធំៗ»។ នេះបើតាម FAO។ 
 
តម្រូវការធញ្ញជាតិពិភពលោកក្នុងឆ្នាំ២០២២-២០២៣ ត្រូវរំពឹងថា អាចមានចំនួន២,៧៨៤លានតោនដែលលើសពីផលិតកម្មគ្រាប់ធញ្ញជាតិដែលបានព្យាករណ៍ទុក៕ 
 

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com