អន្តរជាតិ
សម្តេចសង្ឃKirill៖ លោកពូទីន ត្រូវបានតែងតាំងដោយព្រះជាម្ចាស់ ដើម្បីគ្រប់គ្រងរុស្ស៊ី
08, Oct 2022 , 11:59 am        
រូបភាព
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាពយកពីវិមានក្រេមឡាំង
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាពយកពីវិមានក្រេមឡាំង
សម្តេចសង្ឃនិកាយOrthodox របស់រុស្ស៊ី នៅថ្ងៃទី៧ ខែតុលា បានលើកឡើងថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ត្រូវបានតែងតាំងដោយព្រះជាម្ចាស់ ដើម្បីគ្រប់គ្រងរុស្ស៊ី។ ការអះអាងបែបនេះ ធ្វើឡើងដើម្បីអបអរខួបកំណើតលោកពូទីន ដែលចូលដល់វ័យ ៧០ឆ្នាំ។

 
ប្រធានាធិបតីរុស្ស៊ី នៅវ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៧ ខែតុលា បានឈានចូលវ័យ ៧០ឆ្នាំ។ ការឈានវ័យ ៧០ឆ្នាំរបស់មេដឹកនាំរុស្ស៊ីរូបនេះ ធ្វើឡើងស្របពេលរុស្ស៊ី កំពុងរងសម្ពាធ និងទណ្ឌកម្មពីប្រទេសលោកខាងលិច និងអាស៊ីមួយចំនួន។ 
 
ដើម្បីអបអរខួបកំណើតលោកពូទីន សម្តេចសង្ឃនិកាយOrthodox Kirill បានសរសើរលោកពូទីនថា បានជួយកែប្រែមុខមាត់រុស្ស៊ី ពង្រឹងអធិបតេយ្យ និងសមត្ថភាពការពារជាតិ រួមទាំងការពារប្រយោជន៍ជាតិ។ 
 
«ព្រះជាម្ចាស់បានតែងតាំងអ្នក (លោកពូទីន)ឱ្យកាន់អំណាច។ ដូច្នេះ អ្នកអាចមានការទទួលខុសត្រូវដ៏សំខាន់លើវាសនារបស់ប្រទេស»។ សម្តេចសង្ឃនិកាយOrthodox របស់រុស្ស៊ី បានបញ្ជាក់បែបនេះ។ ប្រមុខនិកាយOrthodox ដដែលនេះ ក៏បានជូនពរឱ្យលោកពូទីនមានសុខភាពល្អ និងអាយុវែងផងដែរ ស្របពេលលោកពូទីន បានកាន់តំណែងជានាយករដ្ឋមន្រ្តី និងប្រធានាធិបតីច្រើនជាង ២០ឆ្នាំ។ បើតាមសម្តេចសង្ឃ លោកពូទីនជាមេដឹកនាំមួយរូប ដែលបានប្តេជ្ញា និងស្រលាញ់រុស្ស៊ី។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Moscow Times ក្នុងខួបកំណើតចូលវ័យ ៧០ឆ្នាំនេះ លោកពូទីន មិនបានអបអរ ឬធ្វើដំណើរទៅបរទេសអ្វីឡើយ ដោយលោកបន្តធ្វើការ និងចូលរួមកម្មវិធីមួយនៅក្រុង St. Petersburg។ នៅឆ្នាំកន្លងមក លោនពូទីន បានឡើងភ្នំនៅតំបន់ Siberia ជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu ឬលេងកីឡា hockey៕ 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com