សេដ្ឋកិច្ច
អន្តរជាតិ
ម៉ាឡេស៊ី ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP
08, Oct 2022 , 3:33 pm        
រូបភាព
រូបភាពពី Reuters ។
រូបភាពពី Reuters ។
ម៉ាឡេស៊ីក្លាយជាប្រទេសចុងក្រោយមួយទៀតដែលត្រូវផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (Comprehensive and Progressive Agreement for Trans-Pacific Partnership -CPTPP) បន្ទាប់ពីអូស្ត្រាលី កាណាដា ជប៉ុន ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ព្រុយណេ និងស៊ីលី ជាប្រទេសពីរ ដែលមិនទាន់បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ។


 
នៅក្នុងសេចក្តីប្រកាសថ្ងៃទី ៥ តុលា រដ្ឋាភិបាលម៉ាឡេស៊ី បាននិយាយថា ខ្លួនត្រូវបានផ្តល់សច្ចាប័នលើ CPTPP ជាមួយការរំពឹងទុកថា កិច្ចព្រមព្រៀងនេះនឹងជួយជំរុញពាណិជ្ជកម្ម និងលទ្ធភាពកាន់តែប្រសើរឡើងទៅកាន់ប្រទេសដែលម៉ាឡេស៊ីមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។
 
«រដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ជូនឯកសារនៃការផ្តល់សច្ចាប័ន CPTPP ជាផ្លូវការទៅកាន់ប្រទេសនូវែលសេឡង់ ដើម្បីតម្កល់កិច្ចព្រមព្រៀងនេះ»។ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ី (MITI) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកាលពីថ្ងៃទី ៣០ ខែកញ្ញា។ 
 
បើតាម Nikkei Asia លទ្ធផលនៃការវិភាគអត្ថប្រយោជន៍ និងការចំណាយ (Cost-Benefit Analysis) របស់ម៉ាឡេស៊ីបង្ហាញថា ជាមួយនឹង CPTPP ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសនេះត្រូវបានព្យាករថានឹងកើនឡើងដល់៦៥៥,៩ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ខណៈដែលនៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុបមានប្រមាណ៤៨១ពាន់លានដុល្លារប៉ុណ្ណោះ។
 
កិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP ក៏ជួយម៉ាឡេស៊ីបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារថ្មីៗដូចជាកាណាដា ម៉ិកស៊ិក និងប៉េរូ ដែលប្រទេសទាំងនេះ មិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយម៉ាឡេស៊ីនោះទេ ។ ទន្ទឹមនេះ CPTPP ក៏ជួយឱ្យម៉ាឡេស៊ីបង្កើនលទ្ធភាពទៅកាន់ប្រភពចម្រុះនៃវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ក្នុងតម្លៃប្រកួតប្រជែង និងជាការបង្កើនភាពទាក់ទាញរបសម៉ាឡេស៊ីផងដែរ។ នេះបើតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ី។ 
 
បើតាម MITI  ម៉ាឡេស៊ីក៏កំពុងទន្ទឹងរង់ចាំការចូលរួមពីសមាជិកថ្មីដូចជា អង់គ្លេស ចិន តៃវ៉ាន់ អេក្វាទ័រ និងកូស្តារីកា ដែលបានដាក់ពាក្យចូលជាសមាជិក CPTPP ជាផ្លូវការរួចរាល់ហើយ។ ការដែល CPTPP មានសមាជិកកាន់តែច្រើន ជាពិសេសអង់គ្លេស និងចិន នឹងជួយឱ្យអ្នកនាំចេញរបស់ម៉ាឡេស៊ីមានឱកាសទទួលបានកាន់តែទូលំទូលាយទៅកាន់ទីផ្សារទាំងនេះ។ 
 
កិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP ត្រូវបានចុះហត្ថលេខាក្នុងខែមីនា ឆ្នាំ ២០១៨ ជាមួយសមាជិកចំនួន ១១ រួមមាន អូស្ត្រាលី ព្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ប្រទេសនៅក្នុងកិច្ចព្រមព្រៀងនេះមានប្រជាជនសរុបចំនួន ៤៩៥លាននាក់ និងស្មើនឹង ១៣,៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
 

Tag:
 ម៉ាឡេស៊ី
  CPTPP
© រក្សាសិទ្ធិដោយ thmeythmey.com