អន្តរជាតិ
IMF អនុម័តកញ្ចប់មូលនិធិសង្គ្រោះបន្ទាន់១,៣ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន
08, Oct 2022 , 7:29 pm        
រូបភាព
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រកាសនៅថ្ងៃទី៧ ខែតុលាថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនបានអនុម័តសំណើរបស់អ៊ុយក្រែនសម្រាប់កញ្ចប់ថវិកា១,៣ពាន់លានដុល្លារជាមូលនិធិសង្គ្រោះបន្ទាន់បន្ថែមដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចអ៊ុយក្រែន ខណៈដែលត្រូវប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

 
នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បានលើកឡើងក្នុងបណ្ដាញសង្គម Twitter ថា ជំនួយមូលនិធិដែលអនុម័ត បានមកពីកម្មវិធីផ្តល់កម្ចីបន្ទាន់ថ្មីចំនួន១,៣ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាកង្វះស្បៀងអាហារដែលអនុម័តដោយក្រុមប្រឹក្សា IMF កាលពីខែមុន។ អ៊ុយក្រែនក៏បានស្នើសុំការត្រួតពិនិត្យកម្មវិធីដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាលដើម្បីពង្រឹងការប្តេជ្ញាចិត្ត គោលនយោបាយ និងជំរុញការគាំទ្របន្ថែមពីម្ចាស់ជំនួយ។
 
«នេះមានសារសំខាន់ណាស់ក្នុងការជួយជំរុញជំនួយដែលត្រូវការជាបន្ទាន់និងជួយត្រួសត្រាយផ្លូវសម្រាប់កម្មវិធីមូលនិធិពេញលេញ»។ លោកស្រី Georgieva បានសង្កត់ធ្ងន់បែបនេះ។
 
ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយមួយផ្សេងទៀត លោកស្រី Georgieva បញ្ជាក់ថា រដ្ឋាភិបាលសមាជិករបស់ IMF ដែលគាំទ្រផ្នែកហិរញ្ញវត្ថុរបស់អ៊ុយក្រែន បានសន្យាដើម្បីធានាឱ្យប្រទេសនេះអាចដោះស្រាយបំណុលដែលមានស្រាប់។
 
IMF ក៏បានលើកឡើងថា សង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ បានបង្កឱ្យមានបញ្ហាដែលប៉ះពាល់ដល់មនុស្ស និងសេដ្ឋកិច្ច។ ជាមួយគ្នានោះ ផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែន ត្រូវរំពឹងធ្លាក់ចុះ៣៥ភាគរយក្នុងឆ្នាំ២០២២។
 
គួរបញ្ជាក់ថា IMF បានផ្ដល់ជំនួយ១,៤ពាន់លានដុល្លារឱ្យអ៊ុយក្រែនម្តងហើយកាលពីដើមឆ្នាំក្រោយសង្គ្រាមបានកើតឡើង។ IMF គ្រោងនឹងជួបជាមួយអាជ្ញាធរអ៊ុយក្រែននៅទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់ IMF និងធនាគារពិភពលោក៕

Tag:
 IMF
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com