អន្តរជាតិ
បញ្ចប់វិបត្តិតៃវ៉ាន់? លោក Elon Musk ផ្ដល់គំនិតបង្កើតតំបន់រដ្ឋបាលពិសេសដែលធូរស្រាលជាងហុងកុង
08, Oct 2022 , 5:29 pm        
រូបភាព
ដោយ៖ ហ៊ួយ ស៊ីវលី
 
មហាសេដ្ឋីអាម៉េរិក Elon Musk ផ្ដល់គំនិតថា ភាពតានតឹងរវាងចិន និងតៃវ៉ាន់អាចត្រូវបានដោះស្រាយបាន ដោយបង្កើតតំបន់រដ្ឋបាលពិសេសដូចហុងកុង តែមានលក្ខណៈធូរស្រាលជាង។

 
អស់ពីផ្ដល់ដំណោះស្រាយសម្រាប់សង្គ្រាមរុស្សី-អ៊ុយក្រែន ដែលត្រូវបានបដិសេធដោយអ៊ុយក្រែនព្រោះផ្ដល់ផលចំណេញដល់រុស្ស៊ី ម្ចាស់ក្រុមហ៊ុន Tesla លោក Elon Musk ក៏ស្នើជាគំនិតសម្រាប់វិបត្តិតៃវ៉ាន់ដែរ។ 
 
«ការណែនាំរបស់ខ្ញុំ...គឺត្រូវរកតំបន់រដ្ឋបាលពិសេសមួយដែលមានការយល់ព្រមពីតៃវ៉ាន់។ ខ្ញុំគិតថាជម្រើសនេះអាចទៅរួច ហើយភាគីទាំងពីរនឹងអាចមានការរៀបចំមួយដែលមានលក្ខណៈធូរស្រាលជាងហុងកុង»។ លោក Musk និយាយបែបនេះនៅក្នុងកិច្ចសម្ភាសជាមួយកាសែត Financial Times ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា។ 
 
ជុំវិញរឿងនេះ ក្រសួងការបរទេសតៃវ៉ាន់បដិសេធយោបល់របស់លោក Elon Musk។ ឯមន្រ្តីជាន់ខ្ពស់តៃវ៉ាន់ម្នាក់ប្រាប់ទីភ្នាក់ងារពត៌មាន Reuters ថា លោក Elon Musk ត្រូវការស្វែងរកទីប្រឹក្សានយោបាយម្នាក់ ដែលមានសមត្ថភាពគិតឱ្យបានច្បាស់។ 
 
លោក Musk នៅថ្ងៃទី៤ ខែតុលាបានបង្ហោះផែនការសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននៅលើបណ្តាញសង្គម Twitter។ ផែនការនេះ គឺស្នើទៅUN ឱ្យរៀបចំធ្វើប្រជាមតិជាថ្មីនៅតំបន់៤ដែលរុស្ស៊ីបញ្ចូលជាទឹកដីខ្លួន និងទទួលស្គាល់តំបន់គ្រីមៀជាទឹកដីរុស្សី។ ផែនការរបស់លោកនេះបានធ្វើឱ្យមានប្រតិកម្មរិះគន់ពីមហាជនជាច្រើន ជាពិសេសប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេលេនស្គី៕
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com