អន្តរជាតិ
ស្ទង់មតិ៖ និស្សិតបញ្ចប់ការសិក្សានៅអាហ្វ្រិកខាងត្បូងជាងពាក់កណ្តាលពិចារណាធ្វើចំណាកស្រុក
09, Oct 2022 , 8:29 am        
រូបភាព
អ្នក​ស្វែងរកការងារ​រង់ចាំ​រថយន្ដ​ក្រុង​នៅ​តាម​ដង​ផ្លូវ​មួយ​នៅ​ក្រុង Eikenhof ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ទីក្រុង​ Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២២
អ្នក​ស្វែងរកការងារ​រង់ចាំ​រថយន្ដ​ក្រុង​នៅ​តាម​ដង​ផ្លូវ​មួយ​នៅ​ក្រុង Eikenhof ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ទីក្រុង​ Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២២
ដោយ: VOA
ទីក្រុង CAPE TOWN ប្រទេសអាហ្វ្រិកខាងត្បូង - ការស្ទង់មតិមួយនៅប្រទេសអាហ្វ្រិកខាងត្បូងបានបង្ហាញថា និស្សិតបញ្ចប់ការសិក្សាជាងពាក់កណ្តាលកំពុងពិចារណាធ្វើចំណាកស្រុកទៅប្រទេសផ្សេងដោយសារតែមានឱកាសតិចតួចនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយអង្គការមូលនិធិស្រាវជ្រាវសង្គម (Social Research Foundation) ដែលហៅខ្លួនឯងថាជាអង្គការស្រាវជ្រាវនិងប្រឹក្សាយោបល់ថ្មីមួយ។

 
លោក Frans Cronje ដែលជាប្រធានអង្គការនេះ បានច្រានចោលការរិះគន់តាមបណ្តាញសង្គមអនឡាញដែលថា អង្គការនេះទទួលបានមូលនិធិពីគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ (Democratic Alliance Party) ដែលជាគណបក្សប្រឆាំងដ៏ចម្បងនៅប្រទេសអាហ្វ្រិកខាងត្បូង។
 
លោក Cronje បានថ្លែងថា អ្នកស្រាវជ្រាវទទួលបានមូលនិធិឯកជន និងមិនជាប់ពាក់ព័ន្ធជាមួយនឹងអង្គការណាមួយនោះទេ។
លោកថា អ្នកធ្វើការស្ទង់មតិរបស់លោកបានស្ទង់មតិពីមនុស្សជាង ៣.០០០ នាក់។
 
លោក Cronje បាននិយាយដូច្នេះថា៖ «ទាក់ទិននឹងសំណួររឿងធ្វើចំណាកស្រុក អ្វីដែលគេរកឃើញគឺថា មនុស្សពេញវ័យប្រមាណ ២៥% នៅប្រទេសអាហ្វ្រិកខាងត្បូងកំពុងពិចារណាធ្វើចំណាកស្រុក ហើយចំនួននេះកើនឡើងខ្លាំងនៅពេលដែលយើងនិយាយអំពីអ្នកដែលមានជំនាញខ្ពស់។ ដូច្នេះចំនួននិស្សិតបញ្ចក់ការសិក្សាពីសាកលវិទ្យាល័យមានចំនួនប្រមាណ ៥០% នៅក្នុងចំណោមនោះ ហើយពួកគេក៏ជាអ្នករកចំណូលបានច្រើនជាងគេផងដែរ»។
 
លោក Cronje ថា តួលេខនៃការធ្វើចំណាកស្រុកត្រូវគ្នានឹងការស្រាវជ្រាវពីមតិសាធារណៈផ្សេងទៀតដែលមូលនិធិនេះបានធ្វើឡើងកាលពីពេលថ្មីៗនេះ។
 
លោក Cronje បានបញ្ជាក់ថា៖ «ការស្ទង់មតិនេះគឺត្រូវគ្នាខ្លាំងនឹងមតិសាធារណៈដែលមានលក្ខណៈទូលំទូលាយជាងនេះនៅប្រទេសអាហ្វ្រិកខាងត្បូង ដែលបានបង្ហាញថា ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍លំបាកផ្នែកសេដ្ឋកិច្ចនិងទស្សនវិស័យមិនច្បាស់លាស់ដែលកំពុងកើនឡើងនៃអនាគតនយោបាយនៅក្នុងប្រទេស កម្រិតនៃការបារម្ភអំពីអនាគតរយៈពេលវែងបានធ្វើឱ្យអត្រានេះកើនឡើងដែលខ្ញុំមិនធ្លាប់ឃើញក្នុងរយៈពេល ២០ ឆ្នាំកន្លងមកដែលខ្ញុំបានធ្វើការលើបញ្ហានេះ»។
 
លោក Joshua Jacobs កំពុងស្វែងរកការងារចាប់តាំងពីពេលលោកបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យកាលពីឆ្នាំមុនមក។ លោកកំពុងពិចារណាធ្វើចំណាកស្រុកទៅប្រទេសវៀតណាម ឬកូរ៉េខាងត្បូងដើម្បីបង្រៀនភាសាអង់គ្លេស បើទោះបីជាវាមិនមែនជាអ្វីដែលលោកបានសិក្សាក៏ដោយ។
 
លោក Jacobs បានថ្លែងថា៖ «វាជារឿងគួរឱ្យបារម្ភនៅពេលនេះ។ ឱកាសនៅទីនេះដូចជាមិនមានទេ។ ខ្ញុំមានមិត្តភក្តិមួយចំនួនដែលបានធ្វើចំណាកស្រុក ហើយបើផ្អែកតាមអ្វីដែលពួកគេបានឆ្លងកាត់ ឱកាសនៅទីនោះហាក់ដូចជាមានច្រើនជាងនៅទីនេះ»។
 
លោក Jacobs ថា លោកបានសិក្សាអស់រយៈពេល ៣ ឆ្នាំ និងបានបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រផ្នែកគ្រប់គ្រងធនធានមនុស្សកាលពីឆ្នាំមុន។
 
លោក Jacobs បានលើកឡើងដូច្នេះថា៖ «ខ្ញុំបានព្យាយាមស្វែងរកការងារទាក់ទងនឹងជំនាញរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនមានសំណាងនោះទេ។ វាជាស្ថានភាពចម្លែកដែលខ្ញុំជួបប្រទះ។ ដោយសារតែនៅពេលដែលខ្ញុំបានចាប់ផ្តើមការសិក្សារបស់ខ្ញុំ ទីផ្សារការងារទាក់ទងនឹងផ្នែកគ្រប់គ្រងធនធានមនុស្សមានភាពល្អប្រសើរជាងនេះ ប៉ុន្តែឥឡូវនេះវាហាក់ដូចជាមិនមានឱកាសដូចពេលនោះទេ។ សម្រាប់ឱកាសដែលមាននៅពេលនេះ ប្រាក់ខែមានចំនួនតិចជាងមុន ហើយបទពិសោធន៍ដែលត្រូវការគឺច្រើនជាងមុន»។
 
លោក Bonang Mohale ប្រធានមជ្ឈមណ្ឌល Business Unity South Africa បានថ្លែងថា វាជារឿងដ៏គួរឱ្យសោកស្តាយណាស់នៅពេលដែលប្រទេសមួយមិនអាចចាប់យកធនធានមនុស្សដែលខ្លួនបានវិនិយោគយ៉ាងច្រើនសម្រាប់ពេលអនាគត។
 
លោកបានចោទជាសំណួរថា តើនឹងមានអ្វីកើតឡើងប្រសិនបើនិស្សិតបញ្ចប់ការសិក្សាចាកចេញពីប្រទេសក្នុងចំនួនដ៏ច្រើននោះ?
 
លោក Mohale បានបញ្ជាក់ដូច្នេះថា៖ «សេដ្ឋកិច្ចបានធ្លាក់ចុះរួចទៅហើយ។ វានឹងធ្វើឱ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត»។
 
អង្គការមូលនិធិស្រាវជ្រាវសង្គមដែលបានធ្វើការស្ទង់មតិលើរឿងនេះ មានគម្រោងធ្វើការស្រាវជ្រាវបន្តទៀតអំពីរឿងនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com