អន្តរជាតិ
លោក ហ៊ុន ម៉ានី ចាត់ទុកការបាញ់សម្លាប់កុមារនៅថៃ ជាទង្វើដ៏ឃោរឃៅ
08, Oct 2022 , 7:39 pm        
រូបភាព
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា។ រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ានី។
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា។ រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ានី។
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី បានបង្ហាញអារម្មណ៍តក់ស្លុត និងសោកស្ដាយ ចំពោះហេតុការណ៍បាញ់ប្រហារលើកុមារ និងមនុស្សចាស់ជាង៣០នាក់ ដោយអតីតប៉ូលិសថៃម្នាក់ កាលពីថ្ងៃទី៦ តុលា។ ករណីបាញ់សម្លាប់ខាងលើ កើតឡើងនៅកន្លែងថែទាំកុមារមួយកន្លែង ដែលស្ថិតក្នុងខេត្ត Nong Bua LamPhu ភាគឦសានប្រទេសថៃ។



នៅល្ងាចថ្ងៃទី៨ តុលានេះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានសរសេរសាររំលែកទុក្ខ និងសោកស្ដាយ ចំពោះហេតុការណ៍បាញ់ប្រហារនៅកន្លែងថែទាំកុមារក្នុងប្រទេសថៃ។ លោក ហ៊ុន ម៉ានី សរសេររៀបរាប់លើហ្វេសប៊ុកបែបនេះ៖ «ខ្ញុំពិតជាមានការតក់ស្លុត និងសោកសង្រេងជាខ្លាំងចំពោះហេតុការណ៍វាយប្រហារដោយកាំភ្លើង និងកាំបិតសម្លាប់មនុស្សយ៉ាងតិច ៣៨ នាក់ រួមទាំងកុមារ ២២ នាក់ ដោយអតីតប៉ូលិសថៃម្នាក់ ដែលបានចូលទៅប្រព្រឹត្តអំពីដ៏ឃោរឃៅ ក្នុងមជ្ឈមណ្ឌលថែទាំកុមារមួយស្ថិតក្នុងខេត្ត Nong Bua Lam Phu កាលពីថ្ងៃទី៦ ខែតុលាកន្លងទៅនេះ»។ 

លោក ហ៊ុន ម៉ានី ចាត់ទុកទង្វើនេះ ជាការសម្លាប់ដ៏ឃោរឃៅ ដែលត្រូវរួមគ្នាថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះអំពីវាយប្រហារមនុស្សឃាតគ្រប់ទម្រង់ និងរូបភាព។ បើតាមលោក ហ៊ុន ម៉ានី ការថ្កោលទោសនេះ ដើម្បីបង្ការមិនឱ្យហេតុការណ៍ដ៏សាហាវស្រដៀងគ្នានេះ អាចកើតមានឡើងក្នុងសង្គមនាពេលអនាគតឡើយ។

សូមបញ្ជាក់ថា កាលនៅថ្ងៃទី៧ តុលា មហាក្សត្រថៃ មហា វជិរាលង្ករណ៍ និងមហេសី ក៏បានយាងសួរសុខទុក្ខឪពុកម្ដាយកុមារដែលត្រូវបានសម្លាប់នៅខេត្ត Nong Bua LamPhuផងដែរ៕ 

 

© រក្សាសិទ្ធិដោយ thmeythmey.com