ជាតិ
សង្គមជាតិ
ក្រោយដកតំណែងរដ្ឋមន្ត្រីកសិកម្ម សម្តេច ហ៊ុន សែន បញ្ជាអន្តរាគមន៍សង្គ្រោះដំណាំស្រូវជាបន្ទាន់
08, Oct 2022 , 9:48 pm        
រូបភាព
ដោយ: ថ្មីៗ
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងលោកទេសរដ្ឋមន្ត្រី គន់ គីម ឱ្យដោះស្រាយជាបន្ទាន់នូវផលប៉ះពាល់លើដំណាំស្រូវដែលបង្កដោយជំនន់ទឹកភ្លៀង។ បញ្ជានេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី៨ខែតុលានេះ តាមរយៈសារជាសំឡេងរបស់សម្តេច ដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម។



បទបញ្ជានេះក៏ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយពីការដកលោក វេង សាខុន ពីតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម ហើយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីស្ដីទីនៃក្រសួងនេះ។

ដោយដកស្រង់របាយការណ៍ពីលោក គន់ គីម ដែលជាអនុប្រធានទី១នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចនាយករដ្ឋមន្ត្រីបានផ្សព្វផ្សាយឱ្យដឹងថា ជំនន់ទឹកភ្លៀងបានជន់លិចនៅក្នុងខេត្តចំនួន២២ ដោយប៉ះពាល់ឃុំសរុបចំនួន៧៧០។ ជំនន់នេះបានបង្ករឱ្យលិចស្រូវរបស់ប្រជាពលរដ្ឋជាង ១៥០០០ហិកតា លិចសាលារៀនដែលធ្វើសិស្សខកខានសិក្សា លិចផ្លូវថ្នល់ និងបានធ្វើមនុស្សស្លាប់៤នាក់ទៀតផង។

តាមរយៈសារសំឡេងពិសេស សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍យ៉ាងដូច្នេះ៖«ខ្ញុំសូមដាក់បទបញ្ជាទៅឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្ឬីស្ដីទីនៃក្រសួងកសិកម្មចាត់មន្ត្រីជំនាញរបស់ក្រសួងចុះធ្វើការជាមួយខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីវាយតម្លៃឱ្យបានឆាប់បំផុតតាមតែអាចធ្វើទៅបាន អំពីការខូចខាត ដែលទាក់ទងជាមួយនឹងដំណាំស្រូវ និងដំណាំផ្សេងទៀត ដើម្បីរដ្ឋាភិបាលអាចបញ្ចេញពុជស្រូវលឿនទៅកាន់គោលដៅ ដែលមានស្រូវខូចខាតដើម្បីពលរដ្ឋបានបង្កបង្កើនផលឡើងវិញ។»។

សម្រាប់សម្តេចនាយករដ្ឋមន្ត្រី នេះគឺជាអន្តរាគមន៍ថ្នាក់ជាតិដ៏ចាំបាច់ដើម្បីធ្វើឱ្យទាន់ចុងរដូវបង្កបង្កើនផល។ ដូច្នេះ
ដូច្នេះ សម្ដេចបានអំពាវនាវឱ្យមានកិច្ចសហការរវាង ក្រសួងកសិកម្ម អាជ្ញាធរថ្នាក់ក្រោមជាតិ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពួកគេរួមគ្នាវាយតម្លៃផង និងត្រៀមបម្រុងដើម្បីដឹកចេញពូជស្រូវ ដំណាំទៅកាន់គោលដៅផង៕


© រក្សាសិទ្ធិដោយ thmeythmey.com