ជាតិ
លោក ធួន ស៊ីណាន៖ ម្ហូបខ្មែរមានរាប់ពាន់មុខ តែពិភពលោកស្គាល់តិចតួចណាស់
09, Oct 2022 , 10:29 am        
រូបភាព
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី បាស៊ីហ្វិក(PATA) អង្គុយកណ្ដាល ក្នុងសន្និសីទសារព័ត៌មានស្ដីពីការតាំងពិព័រណិជ្ជកម្ម នៅខេត្តខេត្តព្រះសីហនុ។ រូបភាព៖ ហេង ស្រីលីន
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី បាស៊ីហ្វិក(PATA) អង្គុយកណ្ដាល ក្នុងសន្និសីទសារព័ត៌មានស្ដីពីការតាំងពិព័រណិជ្ជកម្ម នៅខេត្តខេត្តព្រះសីហនុ។ រូបភាព៖ ហេង ស្រីលីន
ដោយ:
ភ្នំពេញ៖  សមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិក(PATA) នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជាប្រចាំឆ្នាំ២០២២ នៅខេត្តព្រះសីហនុ នៅថ្ងទី៥-៩ វិច្ឆិកា។ ការតាំងពិព័រណ៍នេះក្នុងបំណងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងម្ហូបតាមតំបន់ក្នុងប្រទេសកម្ពុជា។ បើតាមលោក ធួន ស៊ីណាន ប្រធានPATA ម្ហូបតាមតំបន់ផ្សារភ្ជាប់នឹងទេសចរណ៍ ដូច្នេះតាមរយៈពិព័រណ៍នេះ នឹងអាចឱ្យទេសចរអន្តរជាតិស្គាល់ម្ហូបខ្មែរ និងឫសគល់នៃម្ហូបមួយចំនួន។


 
ក្នុងសន្និសីទសារព័ត៌មានស្ដីពីការតាំងពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២២ ក្រោមប្រធានបទ «ម្ហូបអាហារ ភេសជ្ជៈ ទេសចរណ៍ និងសម្ភារៈចម្រុះ» លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី បាស៊ីហ្វិក(PATA) លើកឡើងថា អាហារបានដើរតួយ៉ាងសំខាន់ក្នុងជីវភាពរស់នៅ និងវិស័យទេសចរណ៍។ យ៉ាងណាមិញ ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដោយរួមបញ្ចូលទាំងម្ហូបអាហារ គឺដើម្បីផ្សព្វផ្សាយអាហារតាមតំបន់ក្នុងប្រទេសកម្ពុជាដល់ទេសចរអន្តរជាតិ និងលើកកម្ពស់ជីវភាពប្រជាជនក្នុងសហគមន៍។
 
«ក្នុងពិព័រណ៍ដែលយើងកំពុងធ្វើនេះក្រៅពីទេសចរណ៍ អាហារស្ថិតនៅលំដាប់លេខ២។ យើងចង់ឱ្យខេត្តនីមួយៗមានអត្តសញ្ញាណរបស់ខ្លួន ក្នុងការផ្សព្វផ្សាយដល់ទេសចរជាតិ-អន្តរជាតិ។ ឧទាហរណ៍ទេសចរទៅសៀមរាបគេញ៉ាំអី ទៅមណ្ឌលគិរីញ៉ាំម្ហូបអី។ ពេលដែលបងប្អូននឹកឃើញម្ហូបអីមួយ នឹងនឹកឃើញខេត្តនោះតែម្ដង។ ម្ហូបក្នុងប្រទេសកម្ពុជាមានម្ហូបរាប់ពាន់មុខតែ ម្ហូបដែលពិភពលោកស្គាល់តិចតួចមែនទែន ដូចជាហហ្មុក និងឡុកឡាក់សាច់គោជាដើម»។ នេះជាការលើកឡើងរបស់ ធួន ស៊ីណាន។

ហហ្មុក» ជាម្ហូបខ្មែរមួយមុខ ដែលតំណាងប្រទេសកម្ពុជា។ ម្ហូបនេះ ជាការផ្សំបញ្ចូលគ្នារវាងគ្រឿងការី សាច់ត្រី ខ្ទិះដូង ប្រហុក ស្លឹកញ គ្រឿងទេសផ្សេងៗ ព្រមទាំងអប់ដោយស្លឹកចេក។
 
លោក ធួន ស៊ីណាន បន្តថា ក្នុងពិព័រណ៍ពាណិជ្ជកម្មនេះ អាជីវករតូចតាច នឹងទទួលបានឱកាសលក់គ្រឿងទេសម្ហូប និងផ្សព្វផ្សាយពីម្ហូបតាមតំបន់របស់ពួកគេ ដល់ភ្ញៀវទេសចរ និងក្រុមហ៊ុនមកពីប្រទេសក្នុងតំបន់អាស៊ាន។ លោក ស៊ីណាន រំពឹងថា ទេសចរប្រមាណ ៤០ម៉ឺននាក់នឹងចូលរួមពិព័រណ៍ពាណិជ្ជកម្មនេះ ខណៈក្រុមហ៊ុនចំនួន ៧៥ពីប្រទេសអាស៊ាន និងបណ្ដាប្រទេសផ្សេងទៀតនឹងចូលរួម។
 
សូមជម្រាបថា ក្រសួងទេសចរណ៍ក៏កំពុងរៀបចំបោះពុម្ពផែនទីម្ហូបអាហារតំបន់ និងសៀវភៅម្ហូបអាហារតំបន់ ដើម្បីប្រែក្លាយម្ហូបតាមតំបន់ទៅជាផលិតផលទេសចរណ៍ថ្មី។ ឯកសារទាំងពីរ នេះក៏ជាជំនួយសម្រាប់ទេសចរ ដែលចង់សិក្សាបន្ថែមពីវប្បធម៌អាហារតាមតំបន់។ លើសពីនេះក្រសួងទេសចរណ៍ នឹងធ្វើឱ្យកម្ពុជាក្លាយជាទេសចរណ៍ម្ហូបអាហារ៕
 
 
 

Tag:
 ម្ហូបខ្មែរ
  ធួន ស៊ីណាន
© រក្សាសិទ្ធិដោយ thmeythmey.com