ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សខ្មែររួបរួមជាតិ រួមគ្នាជាមួយបក្សកម្ពុជានិយម ក្រោយដកខ្លួនពី«សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ»
10, Oct 2022 , 11:19 am        
រូបភាព
គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ និងគណបក្សកម្ពុជានិយម ដែលដឹកនាំដោយលោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាសចងសម្ព័ន្ធគ្នាជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១០ តុលា ២០២២។ ការចងសម្ព័ន្ធភាពនេះ ធ្វើឡើងក្រោយពីគណបក្សខ្មែររួបរួមជាតិ ប្រកាសដកខ្លួនពី «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ»។



គណប​ក្សទាំងពីរ បានឯកភាពរួមបញ្ចូលគ្នាតែមួយនេះ ដើម្បីបង្កើតប៉ូលនយោបាយថ្មី ក្នុងទិសដៅកសាងគ្រឹះប្រជាធិបតេយ្យ ការពារសិទ្ធិសេរីភាព គោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងសង្គមយុត្តិធម៌ ដោយមានទំនើបជឿនលឿនថ្លៃថ្នូរ និងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់គណបក្សគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម ។


 
គណបក្សទាំងពីរនេះ ក៏បានប្ដេជ្ញាចិត្តប្រកាន់យកគោលការណ៍និយម ប្រជាធិបតេយ្យផ្ទៃក្នុង ជាពិសេសប្រកាន់យកភាពស្មោះត្រង់ មិនលាបព័ណ៌គ្នា និងគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីគោលដៅចូលរួមប្រកួតប្រជែងនយោបាយអហិង្សា តាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។
 
សេចក្តីថ្លែងការណ៍រួមរបស់គណបក្សទាំងពីរ បានប្រកាសដូច្នេះ ៖«យើងប្រកាននូវការសន្ទនាបែបប្រជាធិបតេយ្យ ប្រកបដោយភាពស្មោះត្រង់ ស្ថាបនានិយម ដើម្បីកសាងគណបក្សមួយ ដែលមានប្រជាធិបតេយ្យផ្ទៃក្នុងរឹងមាំ សម្រាប់ប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យសេរីនិយម ឆ្ពោះទៅស្ថាបនាសង្គមប្រជាធិបតេយ្យសេរីនីតិរដ្ឋ និងសង្គមជឿនលឿនថ្លៃថ្នូរពិតប្រាកដ នៅកម្ពុជា»។
 
ការចងសម្ព័ន្ធភាពនេះ ធ្វើឡើងក្រោយពីគណបក្សខ្មែររួបរួមជាតិ ប្រកាសដកខ្លួនពី «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ»។ គណបក្សខ្មែររួបរួមជាតិ កាលពីថ្ងៃទី៩ តុលា បានប្រកាសដើរចេញពី«សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ» ក្រោមហេតុផលថា ខ្លឹមសារនៃពិធីសារសម្ព័ន្ធភាពនេះ មិនអាចអនុវត្តទៅបាន ដោយរលូន នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ស្របតាមគោលដៅ បម្រើប្រទេសជាតិ និងប្រជាពលរដ្ឋឱ្យមានការរីកចម្រើនមានជីវភាពធូរធារ សុខដុមរមនាប្រកបដោយប្រសិទ្ធភាពខ្ពស់ ទៅតាមការវិវត្តស្ថានការនយោបាយថ្មីៗនោះទេ។
 
គួរបញ្ជាក់ថា «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ»នេះ បានបង្កើតឡើងកាលពីឆ្នាំ២០២០ ដោយមានគណបក្ស៣ រួមគ្នា ក្នុងនោះមានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ ជាប្រធាន, គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ជាអនុប្រធាន និងគណបក្សខ្មែរតែមួយរបស់លោក គុជ លី ព្រមទាំងបក្សផ្សេងទៀតជាសមាជិក៕
 

Tag:
 នយោបាយ
  ញឹក ប៊ុនឆៃ
  យ៉ែម បុញ្ញឫទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com