កីឡាអន្តរជាតិ
អន្តរជាតិ
Google ពិភាក្សាជាមួយ Spurs ដើម្បីដាក់ឈ្មោះកីឡដ្ឋានថ្មី Google Stadium
11, Oct 2022 , 11:29 am        
រូបភាព
 ក្រុមហ៊ុនយក្ស Google បើកកិច្ចពិភាក្សាជាមួយក្លិប Tottenham Hotspur លើកិច្ចព្រមព្រៀងប្តូរឈ្មោះកីឡដ្ឋានក្រុមនៃក្របខណ្ឌ Premier League មួយនេះពី Tottenham Hotspur ទៅជា Google Stadium។ នេះបើតាមការផ្សាយរបស់កាសែត The Athletic។



Google បានបង្ហាញការចាប់អារម្មណ៍លើការដាក់ឈ្មោះក្រុមហ៊ុនខ្លួននៅកីឡដ្ឋានរបស់ Spurs ដែលមានមូលដ្ឋានក្នុងក្រុងឡុងដ៏ ក្នុងកិច្ចសន្យាតម្លៃប្រមាណ១ពាន់លានដុល្លារអាម៉េរិក។ 
បើទោះភាគីទាំងពីរ Google និងក្លិបមាន់ខ្នាយមាស ស្ថិតនៅតំណាក់កាលចរចាគ្នានៅឡើយក្តី ប៉ុន្តែ ត្រូវបានគេជឿជាក់ថា ម៉ាកយីហោរបស់ក្រុមហ៊ុនយក្សមួយនេះ នឹងត្រូវបង្ហាញលើផ្ទាំងឈ្មោះក្នុងកីឡដ្ឋានជាថ្មីថា Google Stadium។ 
 
កីឡដ្ឋាន Tottenham Hotspur ត្រូវបានជួសជុលសារជាថ្មីអំឡុងឆ្នាំ២០១៩ កាលនៅមានឈ្មោះថា White Hart Lane។ លោក Daniel Levy ប្រធានក្លិប Spurs លើកឡើងជុំវិញព័ត៌មានខាងលើថា បើក្រុមហ៊ុន Google ចង់ដាក់ឈ្មោះនៅកីឡដ្ឋានខ្លួន មិនលំបាកនោះទេ ដ្បិតពួកគេមានប្រាក់ច្រើន ស្របពេល Spurs បានបង្ហាញខ្លួននៅ Champions League ផង។ 
 
ការឧបត្ថម្ភនៅក្នុងវិស័យកីឡាមិនមែនជារឿងថ្មីសម្រាប់ Google ទេ។ ក្រុមហ៊ុនយក្សលើបណ្តាញអ៊ីនធឺណិតមួយនេះ មានការឧបត្ថម្ភស្រាប់នៅក្នុងក្របខណ្ឌបាល់បោះអាម៉េរិក NBA និង​ បេស្បល MLB ហើយកាលពីដើមឆ្នាំ២០២២នេះ ក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមប្រណាំង McLaren នៃក្របខណ្ឌ Formula 1 ទៀតផង៕
 

Tag:
 Google
  Google Stadium
© រក្សាសិទ្ធិដោយ thmeythmey.com