កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Man City សម្លឹងកៅអីវគ្គ១៦ក្រុម ឯ Juventus, AT Madrid, AC Milan និង Chelsea ត្រូវការឈ្នះ
11, Oct 2022 , 2:07 pm        
រូបភាព
ជំនួបពានរង្វាន់ ​UEFA Champions League ឈានដល់ជុំទី២ នៃវគ្គជម្រុះតាមពូល។  Manchester City សម្លឹងកៅអីវគ្គ១៦ក្រុម ខណៈប៉ះ Copenhagen រីឯ Juventus ធ្វើដំណើរទៅជួប Maccabi Haifa និង ​Atletico Madrid ត្រូវសងសឹក Club Brugge។ ចំណែកជំនួបធំសប្តាហ៍នេះ AC Milan ស្វាគមន៍ Chelsea ដើម្បីប្រជែងតំណែងលេខ២ ក្នុងពូល។


 
Juventus នឹងធ្វើដំណើរទៅកាន់ទឹកដី Sammy Ofer ប្រទេសអ៊ីស្រាអែលដើម្បីជួបម្ចាស់ផ្ទះ Maccabi Haifa សម្រាប់ជំនួបពូល H វេលាម៉ោង ១១:៤៥នាទីយប់ថ្ងៃទី១១ ខែតុលា។ ការប្រកួតរាត្រីនេះ Juventus ដែលឈរលេខ៣ រំពឹងទទួលបាន៣ពិន្ទុដ៏សំខាន់ ដើម្បីទៅប្រជែងជាមួយ Paris Saint Germain និង SL ​​Benfica ដែលមានពិន្ទុនាំមុខ និងស្ថិតនៅតំណែងលេខ ១ និង លេខ២។ 


 
ចំណែក Paris Saint Germain ត្រូវវិលត្រលប់ស្វាគមន៍ Benfica ក្នុងជើងទីពីរនាការប្រកួតទី៤ នេះក្នុងទឹកដី Parc des Princes វេលាម៉ោង ២យប់រំលងអាធា្រត្រ។ កាលពីសប្តាហ៍មុន Benfica និង PSG បញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ តែទោះជាយ៉ាងណាធ្លាប់ជួបគ្នា៤ លើកក្នុងការប្រកួតពានរង្វាន់អឺរ៉ុប​ PSG មិនដែលចាញ់ Benfica ម្តងឡើយចាប់តាំងពីឆ្នាំ ២០០៧មក។ Benfica សម្រាប់ UCL ក៏ជាក្រុមខ្លាំងមួយដែលមានកំណត់ត្រា ៤ប្រកួតក្រៅទឹកដីរយៈពេលក្រោយនេះមិនទាន់ចាញ់ម្តងឡើយដោយ ឈ្នះ២ និងស្មើ២។
 
ជំនួបពូល G ក្រុម Man City ត្រូវប៉ះ FC Copenhagen សាជាថ្មី ខណៈដែលក្រុមដឹកនាំដោយលោក Pep Gaurdiola កំពុងសម្លឹងកៅអីវគ្គ១៦ ក្រុមចុងក្រោយ។ ឆ្លងកាត់៣ប្រកួតមកនេះ Man City រកបានជ័យជម្នះទាំង៣ប្រកួត ហើយមាន៩ពិន្ទុក្នុងដៃ ប្រសិនបើឈ្នះការប្រកួតយប់នេះបន្ថែមទៀតពួកគេនឹងក្លាយជាក្រុមដែលទទួលបានកៅអី១៦ ក្រុមដំបូងគេសម្រាប់រដូវកាល ២០២២-២៣ នៃ UCL នេះ។ ចំណែកការប្រកួតវេលាម៉ោង ២យប់ Borussia Dortmund នឹងបើកទ្វារកីឡដ្ឋាន Signal Iduna Park ទទួលក្រុម ​Sevilla មកពីលីគកំពូល ​La Liga។
Club Brugge ត្រូវស្វាគមន៍ Atletico Madrid សម្រាប់ការប្រកួតជើងទីពីរ ក្រោយកាលសប្តាហ៍មុនពួកគេបំបាក់ក្រុមរបស់លោក Diego Simeone ដោយលទ្ធផល ២-០ នៅទឹកដីប៊ែលហ្ស៊ិក។ AT Madrid បច្ចុប្បន្នមានត្រឹម ៣ពិន្ទុប៉ុណ្ណោះ ហើយស្ថិតនៅបាតតារាងក្នុងពូល B ហើយត្រូវជួប ​Club Brugge ដែលឈរកំពុងឈរលំដាប់កំពូលមាន ៩ពិន្ទុ។ 


 
ក្រុមស្ថិតនៅទីក្រុងម៉ាទ្រីដមួយនេះត្រូវការពិន្ទុចាំបាច់ដើម្បីប្រជែងក្នុងពានរង្វាន់ UCL បើទោះរដូវកាលថ្មីនេះពួកគេហាក់មិនមែនទម្រង់លេងល្អក្តី តែយ៉ាងនេះជាការប្តូរទឹកដី Club Brugge អាចនឹងជួបផលវិបាកក្នុងការយកឈ្នះជាថ្មីលើក្រុមអេស្ប៉ាញមួយនេះ។ ការប្រកួតមួយគូរទៀត Bayer leverkusen ត្រូវទទួលក្រុមភ្ញៀវ FC Porto ដែលកំពុងតែមាន ៣ពិន្ទុដូចគ្នាវេលាម៉ោង ២យប់។
 
Chelsea កំពុងសម្លឹងជ័យជម្នះជាថ្មីម្តងទៀតលើ AC Milan នៅទឹកដី San Siro ក្រោយសប្តាហ៍មុននាទឹកដី Stamford Bridge ប្រទេសអង់គ្លេសក្រុមដឹកនាំដោយលោក Graham Potter យកឈ្នះលើក្រុមម្ចាស់ជើងឯក Serie A ដោយលទ្ធផល ៣-០។ ធ្លាប់ជួប Chelsea ៥លើក AC Milan មិនដែលរកបានជ័យជម្នះម្តងឡើយដោយ ស្មើ៣ និងចាញ់២ ចាប់តាំងជួបគ្នាលើកដំបូងកាលពីឆ្នាំ ១៩៦៦មក។ ចំណែក Dinamo Zagrab ត្រូវវិលមកស្វាគមន៍ FC Salzburg។
 
ខាងក្រោមនេះជាការប្រកួតក្រុមទដៃទៀតនៃ UCL នាថ្ងៃទី១១ ខែតុលានេះ៖
 
Napoli ជួប Ajax Amsterdam ជំនួបពូល A 
Celtic ទទួល RB Leipzig និង Shakhtar Donetsk ទទួល Real Madrid វេលាម៉ោង ២យប់៕


 
 
 
 

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com