អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតីកូរ៉េខាងត្បូង៖ កូរ៉េខាងជើងគ្មានបានអ្វីពីអាវុធនុយក្លេអ៊ែរទេ
11, Oct 2022 , 3:09 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល។ រូបថត Xinhua
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល។ រូបថត Xinhua
ដោយ:
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល លើកឡើងនៅថ្ងៃទី១១ ខែតុលាថា កូរ៉េខាងជើងមិនទទួលបានផលប្រយោជន៍អ្វីពីអាវុធនុយក្លេអ៊ែរនោះទេ។ លោក យូន អះអាងបែបនេះ​ ស្របពេលក្រុងព្យុងយ៉ាងកំពុងបង្កើនអភិវឌ្ឍអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទ្វេដង និងនសេចក្តីរាយការណ៍ថាអាចនឹងសាកល្បងនុយក្លេអ៊ែរលើកទី៧ ក្រោយខកខានតាំងពីឆ្នាំ២០១៧។

 
ស្ថានភាពនៅឧបទ្វីបកូរ៉េប៉ុន្មានសប្តាហ៍ចុងក្រោយនេះកាន់តែតានតឹងដោយសារកូរ៉េខាងជើងបាញ់មីស៊ីលដល់ទៅ៧លើកក្នុងសមយុទ្ធជាង២សប្តាហ៍ ក្នុងនោះក៏មានមីស៊ីលចម្ងាយមធ្យមហោះរំលងជប៉ុនផងដែរ។ កូរ៉េខាងត្បូង អាម៉េរិក ក៏ដូចជាជប៉ុនឯណេះ ក៏ព្យាយាមជំរុញកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរ តែក៏សម្ងែងអំណាចយោធាតាមរយៈសមយុទ្ធរួមជាសម្ពាធកុំឱ្យក្រុងព្យុងយ៉ាងធ្វើតេស្តនុយក្លេអ៊ែរជាថ្មី។ ប៉ុន្តែ ក្រុងព្យុងយ៉ាងកាន់តែផ្គើន ហើយបិទរាល់ផ្លូវចរចារំសាយនុយក្លេអ៊ែរថែមទៀត។ 
 
« កូរ៉េខាងជើងកំពុងបន្តអភិវឌ្ឍ និងពង្រឹងអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយគំរាមដល់មិនត្រឹមតែកូរ៉េខាងត្បូងទេ ថែមទាំងពិភពលោកទៀត ប៉ុន្តែខ្ញុំជឿថា កូរ៉េខាងជើងមិនទទួលបានអ្វីពីអាវុធនុយក្លេអ៊ែរនោះទ»។ ប្រធានាធិបតីកូរ៉េខាងត្បូងកូរ៉េខាងត្បូង យូន សុកយ៉ល ប្រាប់អ្នកកាសែតបែបនេះនៅថ្ងៃទី១១ ខែតុលា។ 
 
បើតាមប្រធានាធិបតីកូរ៉ខាងត្បូង ដោយសារការគំរាមនុយក្លេអ៊ែរកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ កូរ៉េខាងត្បូងនឹងត្រៀមខ្លួន ហើយឆ្លើយតបដោយផ្អែកលើសម្ព័ន្ធភាពដ៏មាំទាំជាមួយអាម៉េរិក ក៏ដូចជាកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយអាម៉េរិក និងជប៉ុន។ 
 
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA ចេញផ្សាយនៅថ្ងៃទី១០ ខែតុលាថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានដឹកនាំយោធាធ្វើសមយុទ្ធពីថ្ងៃទី២៥ ខែកញ្ញាដល់ថ្ងៃទី៩ ខែតុលារួមមានការបាញ់មីស៊ីលបំពាក់គ្រាប់នុយក្លេអ៊ែរយុទ្ធសាស្រ្ត និងបាញ់មីស៊ីលបាលីស្ទីកដែលអាចបំពាក់ក្បាលនុយក្លេអ៊ែរពីក្រោមអាងស្តុកទឹកជាដើម។ លំហាត់យោធាជាង២សប្តាហ៍នេះត្រូវបានលោកខាងលិច ក៏ដូចជាកូរ៉េខាងត្បូងរិះគន់ជាខ្លាំង ព្រមទាំងព្រមានឆ្លើយតបផងដែរ៕ 
 
 
 
 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com