អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Oxfam៖ ពិភពលោកបរាជ័យដោះស្រាយវិសមភាពសង្គម ក្រោយការរាលដាលជំងឺកូវីដ-១៩
11, Oct 2022 , 7:29 pm        
រូបភាព
អង្គការ Oxfam នៅថ្ងៃទី១០ អះអាងថា បណ្ដាប្រទេសក្នុងពិភពលោកភាគច្រើនសុទ្ធតែបរាជ័យក្នុងការដោះស្រាយការកើនឡើងវិសមភាពក្នុងសង្គម បន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩។



Oxfam ដែលធ្វើការលើវិសមភាព និងភាពក្រីក្របានបង្ហាញការសិក្សាជុំវិញតារាងនៃការប្តេជ្ញាចិត្តកាត់បន្ថយវិសមភាពក្នុងសង្គម (CRI) ក្នុងរយៈពេលពីរឆ្នាំដំបូងនៃការរាលដាលជំងឺកូវីដ-១៩។ ការចាត់ថ្នាក់ប្រទេសទៅក្នុងតារាង ផ្អែកលើសកម្មភាព និងគោលនយោបាយរបស់រដ្ឋាភិបាលតាមបណ្ដាប្រទេសលើវិស័យចំនួនបីរួមមាន ការចំណាយសង្គម ពន្ធដារ និងការងារ។ របាយការណ៍ការសិក្សា Oxfam តែងចងក្រងជារៀងរាល់ពីរឆ្នាំម្តង។
 
«ជំងឺកូវីដ-១៩ បានបង្កើនវិសមភាពទូទាំងពិភពលោក ដោយសារអ្នកក្របំផុតត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុតពីការកើតជំងឺផ្ទាល់ផង និងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ»។ របាយការណ៍នៃការសិក្សារបស់អង្គការ Oxfam បានលើកឡើងដូច្នេះ។ ក្នុងរបាយការណ៍នោះ តារាង CRI ឆ្នាំ២០២២ បង្ហាញយ៉ាងច្បាស់ថារដ្ឋាភិបាលភាគច្រើនក្នុងពិភពលោកបានបរាជ័យក្នុងការកាត់បន្ថយកំណើនវិសមភាពដ៏គ្រោះថ្នាក់។ 
 
អង្គការ Oxfam បានវាយតម្លៃរដ្ឋាភិបាលចំនួន១៦១ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ។ ពាក់កណ្តាលនៃប្រទេសស្ថិតក្រោមការសិក្សា បានកាត់បន្ថយការចំណាយរបស់ពួកគេលើការការពារសង្គម ហើយប្រទេស៧០ភាគរយទៀត បានកាត់បន្ថយការចំណាយលើវិស័យអប់រំ។ 
 
ជំងឺកូវីដ-១៩ បានកាត់បន្ថយការចំណាយរបស់ប្រជាជនដោយសារតែការបិទខ្ទប់ប្រទេស ហើយការធ្វើបែបនេះបានកាត់បន្ថយចំណូលពន្ធចូលរដ្ឋវិញដែរ។ ប្រទេសចំនួន១៤៣ ក្នុងចំណោម១៦១ មិនបានបង្កើនការយកពន្ធចំពោះអ្នកមាន ហើយ១១ប្រទេស បានកាត់បន្ថយពន្ធរបស់ពួកគេថែមទៀត។ អង្គការ Oxfam បានរកឃើញថា ប្រទេសចំនួនពីរភាគបីនៃការសិក្សាមិនបានបង្កើនប្រាក់ឈ្នួលអប្បបរមារបស់ពលករស្របតាមផលិតផលក្នុងស្រុកសរុប (GDP) ឡើយ។
 
យ៉ាងណាមិញ ការសិក្សាបានបន្ថែមថា រដ្ឋាភិបាលមួយចំនួនតូច ក៏បានចាត់វិធានការច្បាស់​លាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិសមភាពក្នុងសង្គមដែរ។ របាយការណ៍អង្គការ Oxfam បានសង្កត់ធ្ងន់ថា បណ្ដាប្រទេសមួយក្រុមតូចនេះហើយនឹងបង្ហាញឱ្យប្រទេសផ្សេងទៀតក្នុងពិភពលោកអាម៉ាស់មុខ។ 
 
ន័រវែស ស្ថិតនៅលំដាប់ទី១ ក្នុងតារាងជាប្រទេសដែលធ្វើបានល្អបំផុតក្នុងការដោះស្រាយវិសមភាពសង្គម។ លំដាប់បន្ទាប់បានទៅលើអាល្លឺម៉ង់ អូស្ត្រាលី បែលហ្ស៊ិក និងកាណាដា នៅលំដាប់ទី៥។ បារាំង​ជាប់​លេខ​១២ ខណៈ​អង់គ្លេស​ឈរ​នៅ​លេខររៀងទី​១៤៕ 
 

Tag:
 វិសមភាព
  Oxfam
© រក្សាសិទ្ធិដោយ thmeythmey.com