អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីតប្រធានាធិបតីរុស្ស៊ី និងមន្រ្តីជាន់ខ្ពស់រុស្ស៊ីជាច្រើនទៀតស្ថិតក្នុងបញ្ជីតាមចាប់ខ្លួនរបស់អ៊ុយក្រែន
11, Oct 2022 , 4:16 pm        
រូបភាព
អតីតប្រធានាធិបតីរុស្ស៊ី Dmitry Medvedev ។ រូបថត AFP
អតីតប្រធានាធិបតីរុស្ស៊ី Dmitry Medvedev ។ រូបថត AFP
ដោយ:
 សេវាសន្តិសុខអ៊ុយក្រែន (SBU) ដាក់បញ្ចូលមន្រ្តីជាន់ខ្ពស់រុស្ស៊ីជាច្រើនក្នុងបញ្ជីបុគ្គលតាមចាប់ខ្លួន។ បើតាមសេចក្តីប្រកាស SBU ដែលចេញផ្សាយនៅថ្ងៃទី១០ ខែតុលា បុគ្គលទាំងនោះរួមមានអតីតប្រធានាធិបតីរុស្ស៊ី រដ្ឋមន្រ្តីការពារជាតិ រដ្ឋមន្រ្តីមហាផ្ទៃ ប្រធានសេវាសន្តិសុខសហព័ន្ធរុស្ស៊ី ក៏ដូចជាប្រធានសភាជាន់ទាប និងជាន់ខ្ពស់រុស្ស៊ីជាដើម។

 
សេវាសន្តិសុខអ៊ុយក្រែន ឬ SBU នៅថ្ងៃទី១០ ខែតុលាបានបញ្ចេញឈ្មោះមន្រ្តីសន្តិសុខជាន់ខ្ពស់រុស្ស៊ីជាច្រើនរូបដែលស្ថិតក្នុងបញ្ជីតាមចាប់ខ្លួន។ បើតាម SBU បុគ្គលទាំងនោះភាគច្រើនជាសមាជិកក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីដែលរងបទចោទក្រោមមាត្រា១១០នៃក្រមព្រហ្មទណ្ឌអ៊ុយក្រែន ទាក់ទងនឹងការបំពានបូរណភាពទឹកដី និងព្រំដែនអ៊ុយក្រែន។
 
បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass ស្រង់សេចក្តីថ្លែងការណ៍របស់ SBU ចេញផ្សាយលើបណ្តាញ Telegram ប្រធានសេវាសន្តិសុខសហព័ន្ធរុស្ស៊ី Alexander Bortnikov, ប្រធានសភាជាន់ទាបរុស្ស៊ី Vyacheslav Volodin, ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី Valentina Matviyenko, ប្រធានចារកិច្ចបរទេស Sergey Naryshkin, រដ្ឋមន្រ្តីការពារជាតិ Sergey Shoigu, តំណាងប្រធានាធិបតីប្រចាំស្រុកសហព័ន្ធកណ្តាល Igor Schegolev, លេខាធិការក្រុមប្រឹក្សាសន្តិសុខ Nikolay Patrushev, អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova, អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី Igor Konashenkov និងមន្រ្តីជាន់រុស្ស៊ីដទៃទៀត សុទ្ធតែមានឈ្មោះក្នុងបញ្ជី។ 
 
បញ្ជីបុគ្គលខាងលើនេះដែលសេវាសន្តិសុខអ៊ុយក្រែនចាប់ផ្តើមដាក់បញ្ចូលតាំងពីរុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែនមកម្ល៉េះក៏រួមមានវត្តមានអតីតប្រធានាធិបតីរុស្ស៊ី Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីផងដែរ។
 
យ៉ាងណាមិញ គេមិនទាន់ពីមូលហេតុដែលអង្គភាពសន្តិសុខអ៊ុយក្រែបញ្ចេញឈ្មោះទាំងអស់ពេលនេះឡើយ ស្របពេលដែលការវាយប្រយុទ្ធរវាងអ៊ុយក្រែន និងរុស្ស៊ីនៅតែមាននៅភាគខាងត្បូង និងខាងកើត។ ការវាយប្រហារទីក្រុងកៀវពីសំណាក់រុស្ស៊ី រឹតតែធ្វើឱ្យស្ថានភាពកាន់តែតានតឹង៕
 
 
 
 
 
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com