អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង បើកសម្ពោធកសិដ្ឋានផ្ទះកញ្ចក់ដែលសាងសង់លើអតីតទីលានសាកល្បងមីស៊ីល
11, Oct 2022 , 9:29 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងពិធីសម្ពោធកសិដ្ឋានបន្លែ។ រូបថត KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងពិធីសម្ពោធកសិដ្ឋានបន្លែ។ រូបថត KCNA
 មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី១០ ខែតុលា បានចូលរួមពីធីសម្ពោធកសិដ្ឋានដំណាំផ្ទះកញ្ចក់ដ៏ធំមួយនៅលើដីជាអតីតមូលដ្ឋានទ័ពអាកាសដែលធ្លាប់ប្រើជាកន្លែងសម្រាប់សាកល្បងបាញ់គ្រាប់មីស៊ីល។ 



បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) កសិដ្ឋានផ្ទះកញ្ចក់ Ryonpho មានទីតាំងនៅភាគខាងកើតនៃតំបន់ Hamju លើដីជាអតីតទីលាន សម្រាប់បាញ់មីស៊ីសសាកល្បង។ ការបើកសម្ពោធ ធ្វើចំថ្ងៃទី១០ ខែតុលាដែលជាថ្ងៃខួបនៃការបង្កើតគណបក្សពលករកំពុងកាន់អំណាច និងជាថ្ងៃឈប់សម្រាកដ៏សំខាន់នៅកូរ៉េខាងជើងផង។ 
 
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចូលរួមពិធីដោយផ្ទាល់ បន្ទាប់ពីចុះត្រួតពិនិត្យសមយុទ្ធនុយក្លេអ៊ែរឆ្លើយតបទៅការធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នារវាងកូរ៉េខាងត្បូង និងអាម៉េរិក ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។ 
 
គម្រោងផ្លាស់ប្តូរមូលដ្ឋានទ័ពអាកាស Ryonpho ទៅជាកសិដ្ឋានផ្ទះកញ្ចក់ ជាកិច្ចការអាទិភាពខ្ពស់បំផុតរបស់បក្សកាន់អំណាចកូរ៉េខាងជើង ដើម្បីជួយសម្រេចគោលដៅកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ បើតាម KCNA កសិដ្ឋាននេះ មានដំណាំ៨៥០រង ដែលសាងសង់លើផ្ទៃដី២៨០ហិកតា ដើម្បីបំពេញតម្រូវការសម្រាប់ផ្ទះប្រជាជនប្រហែល១ពាន់ខ្នង សាលារៀន និងអាគារវប្បធម៌ ក៏ដូចជាកន្លែងផ្តល់សេវាកម្មផ្សេងៗ។
 
«បក្ស​ពលករ​គ្រោង​នឹងជំរុញ​ការ​អភិវឌ្ឍ​ជនបទ​ ​ដោយ​​ភាព​ស្វាហាប់ និង​ជឿជាក់​បន្ថែម​ទៀត​ ជាមួយ​នឹង​ការសាងសង់កសិដ្ឋាន​ផ្ទះ​កញ្ចក់ដូចមាន Ryonpho ជា​គំរូ»។ នេះជាសម្រង់សម្ដីលោក គីម ក្នុងពិធីសម្ពោធ ។ KCNA រាយការណ៍ថា លោក គីម បានដឹកនាំបង្កើតគំនិតផ្តួចផ្តើមធ្វើកសិដ្ឋាននេះឡើងដើម្បីបង្កើនការផ្គត់ផ្គង់បន្លែ។
 
មេដឹកនាំកូរ៉េខាងជើង ក៏បាន​អំពាវនាវសាងសង់​កសិដ្ឋាន​ធំ​ៗបន្ថែម​ទៀតដែលមា​ន​ប្រភេទ​បន្លែចម្រុះមុខ ​ដើម្បី​ផ្គត់ផ្គង់តម្រូវការ ហើយធានា​ឱ្យបាន​ការ​ផលិត​បែប​វិទ្យាសាស្ត្រ ឧស្សាហកម្ម និង​ការ​គ្រប់​គ្រង​ល្អនៅ​កសិដ្ឋាន​ទាំង​នោះ។ លើសពីនេះ មេដឹកនាំរដ្ឋកុម្មុយនីស្តមួយនេះ ក៏បានកោតសរសើរដល់ទាហាន និងកម្មករដែលបានសាងសង់កសិដ្ឋានផ្ទះកញ្ចក់ Ryonpho រួចរាល់ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។
 
កូរ៉េ​ខាង​ជើងកន្លងមក​មាន​កសិដ្ឋាន​ផ្ទះ​កញ្ចក់ Jungphyong នៅ​ក្នុង​តំបន់ Kyongsong ភាគ​ឦសាន​ ស្រដៀង​គ្នានឹងកសិដ្ឋាន Ryonpho ដែរ ប៉ុន្តែ​តូច​ជាង​បន្តិច។ កសិដ្ឋាន​ផ្ទះ​កញ្ចក់ Jungphyong បានសាងសង់នៅឆ្នាំ២០១៩ ស្របពេលកូរ៉េខាងជើងជំរុញការពឹង​ផ្អែក​លើ​ខ្លួន​ឯង​ ព្រោះរងការ​រឹត​បន្តឹង​ទណ្ឌកម្ម​អន្តរជាតិ​​ជុំវិញកម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ខ្លួន៕
 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com