អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទោះមានវ័យ៩៧ឆ្នាំក្ដី លោក មហាធៀ នឹងឈរឈ្មោះក្នុងការបោះឆ្នោតខាងមុខ
11, Oct 2022 , 10:29 pm        
រូបភាព
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់។ រូបថត AFP
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់។ រូបថត AFP
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ នៅថ្ងៃទី១១ ខែតុលា បានប្រកាសថា លោកនឹងចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនៅរដ្ឋ Langkawi អំឡុងពេលការបោះឆ្នោតនាពេលខាងមុខ​។



នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១១ ខែតុលា លោក មហាធៀ មហាម៉ាត់ សមាជិកសភាដែលតំណាងមណ្ឌលនៅ Langkawi បាននិយាយថា គណបក្សរបស់លោក Parti Pejuang Tanah Air (Pejuang)នឹងប្រកួតប្រជែង ដើម្បីដណ្ដើមយកយ៉ាងតិច១២០អាសនៈក្នុងអំឡុងពេលបោះឆ្នោតខាងមុ។
 
លោកបណ្ឌិត មហាធៀ​ ក៏បានលើកឡើងថា គណបក្សរបស់លោកនឹងដាក់លោកឱ្យឈរឈ្មោះជាតំណាងរាស្រ្ត ប៉ុន្តែមិនមែនជាបេក្ខជននាយករដ្ឋមន្ត្រីនោះទេ ខណៈគណបក្សរបស់លោកមិនបានសម្រេច​បេក្ខជននៅឡើយដែរ ​បេក្ខជន​នាយក​រដ្ឋមន្ត្រីនេះអាចកំណត់បានលុះត្រាតែគណបក្សរបស់លោកបានឈ្នះឆ្នោតសិន។ 
 
«យើងក៏បានសម្រេចចិត្តលើលទ្ធភាពនៃការធ្វើការជាមួយអ្នកដទៃ ភាគីដែលមានជំហរដូចគ្នាជាមួយយើង​។ យើង​សុខ​ចិត្ត​ធ្វើ​ការ​ជាមួយ​គ្នា​ប្រសិន​បើ​ពួក​គេ​ចង់​សង្គ្រោះ​ប្រទេស​នេះ​ពី​ការ​គ្រប់​គ្រង​របស់គណបក្ស UMNO (United Malays National Organisation)»។ លោក មហាធៀ បានបន្ថែមបែបនេះក្នុងសន្និសីទសារព័ត៌មានដដែល។ 
 
អតីតនាយករដ្ឋមន្រ្តីពីរដងរូបនេះ ដែលមានអាយុ៩៧ឆ្នាំទៅហើយ បាននិយាយថាគណបក្ស UMNO នឹងធ្វើយុទ្ធនាការដោយប្រើលុយ និងសំណូក។​ លោក​បាន​ក្រើនរំលឹកដល់ប្រជាជន​កុំឱ្យ​ទទួល​សំណូកទាំងនេះពីជនអាក្រក់​។ លោក​អះអាង​ថា គណបក្ស UMNO មិន​ខ្វល់​ពី​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ប្រឈម​ឡើយ ហើយ​ផ្តោត​តែ​លើ​ការ​ឈ្នះ​ឆ្នោត​ប៉ុណ្ណោះ។
 
«បេក្ខជនរបស់យើងសម្រាប់ការបោះឆ្នោតនឹងមានភាពស្អាតស្អំ មិនមានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវ ឬអំពើទុច្ចរិត ឧក្រិដ្ឋកម្ម ដូចជាការលួចលុយជាដើម មានសីលធម៌ត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវនីតិរដ្ឋហើយ​គោរព​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស»។ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដដែលបានសង្កត់ធ្ងន់បែបនេះ។ 
 
គួររំលឹកថា នៅថ្ងៃទី១០ ខែតុលាថ្មី នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob បានប្រកាសរំលាយសភានៅក្នុងសុន្ទរកថាតាមទូរទស្សន៍ បន្ទាប់ពីទទួលបានការយល់ព្រមពីព្រះមហាក្សត្រ។ការបោះឆ្នោតមិនទាន់ដល់ពេលកំណត់រហូតនៅឡើយដល់ខែកញ្ញា ឆ្នាំ ២០២៣ឯណោះ ប៉ុន្តែលោក Ismail Sabri បានរងសម្ពាធពីគណបក្សពួកមួយចំនួន ដើម្បីរៀបចំការបោះឆ្នោតមុនកំណត់នេះ៕
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com