កីឡាអន្តរជាតិ
អន្តរជាតិ
Man City ឡើងទៅវគ្គ១៦ក្រុមមុនគេ ឯ Juventus ប្រឈមធ្លាក់វគ្គចែកពូលក្រោយចាញ់ Maccabi
12, Oct 2022 , 9:59 am        
រូបភាព
Manchester City កក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League មុនគេ បើទោះប្រកួតស្មើ FC Copenhagen នៅជំនួបទី៤ វគ្គសន្សំពិន្ទុក្នុងលទ្ធផល ០-០ ក្តី។ Juventus ប្រឈមត្រឹមវគ្គចែកពូល ក្រោយចាញ់ Maccabi Haifa ២-០។ Chelsea ឡើងឈរកំពូលតារាងពូល​ E វិញ ក្រោយឈ្នះ AC Milan ២-០។



Man Ctiy ដែលនៅសល់គ្នា១០នាក់ កើនបាន១ពិន្ទុទៀតក្នុងជំនូបស្មើជាមួយ FC Copenhagen ០-០ ក្នុងការប្រកួតសន្សំពិន្ទុពូល G នៅយប់ថ្ងៃទី១១ ខែតុលា។ លទ្ធផលនេះ បានជួយក្រុមលោក Pep Guardiola ឡើងទៅកាន់វគ្គ១៦ក្រុមក្របខណ្ឌអឺរ៉ុបមុនគេ។
 
ក្រុមមេឃខៀវ រកបានពិន្ទុនាំមុខដាច់ក្នុងតារាងពូល G ក្រោយឆ្លងកាត់៤ប្រកួតមាន១០ពិន្ទុ នាំមុខក្រុមលេខ៣ Sevilla ចំនួន៨ពិន្ទុ ខណៈការប្រកួតសល់២លើកទៀតប៉ុណ្ណោះ។
ក្រុម Borussia Dortmund ក្រោយស្មើ Sevilla នៅជំនួបទី៤របស់ខ្លួន ក៏មានភាគរយច្រើនដើម្បីបានកៅអីទៅវគ្គ១៦ក្រុមជាមួយ Man City ផងដែរ។ Dortmund ឈរលេខ២ពូល G មាន៧ពិន្ទុ ឯ Sevilla រកបាន២ពិន្ទុ ស្មើក្រុមបាតតារាង Copenhagen។
 
សម្រាប់ជំនួបពូល H ក្រុមយក្សអ៊ីតាលី Juventus ប្រឈមមិនបានឡើងទៅវគ្គ ១/៨ផ្តាច់ព្រ័ត្រ ក្រោយចាញ់ក្រុមអ៊ីស្រាអែល Maccabi Haifa ២-០។ ឆ្លងកាត់ការប្រកួត៤លើក សេះបង្កង់រកបានតែ៣ពិន្ទុប៉ុណ្ណោះឈរចំណាត់ថ្នាក់ទី៣ តាមពីក្រោយក្រុមកំពូលតារាង Paris Saint-Germain និងលេខ២ Benfica ចំនួន៥ពិន្ទុ។ Maccabi មាន៣ពិន្ទុដែរ ស្ថិតនៅបាតតារាងពូល H។

Chelsea ដែលធ្វើមិនបានល្អនៅជំនួបដំបូង បានដណ្តើមកំពូលតារាងពូល E ក្រោយប្រកួតលើកទី៤ តាមរយៈជ័យជម្នះ ២-០ លើក្រុម AC Milan ។ គ្រាប់បាល់ជ័យជម្នះរបស់តោខៀវលើក្រុមអ៊ីតាលីដែលសល់គ្នា១០នាក់ ធ្វើបានដោយ Jorginho ដោយបាល់ពិន័យប៉េណាល់ទី និង Pierre-Emerick Aubameyang នៅវគ្គទី១។
 
Chelsea រកបាន៧ពិន្ទុ នាំមុខក្រុមលេខ២ RB Salzburg ដែលប្រកួតស្មើ Dinamo Zagreb ១-១ ចំនួន ១ពិន្ទុ ខណៈ AC Milan ឈរលេខ៣មាន៤ពិន្ទុ ស្មើក្រុមបាតតារាង Dinamo Zagreb។
 
ពូល F ក្រុមម្ចាស់ជើងឯក Real Madrid ស្មើ Shakhtar Donetsk ១-១ ឯ RasenBallsport Leipzig ឈ្នះ Celtic ២-០។ Real Madrid ឈរកំពូលតារាងមាន១០ពិន្ទុ តាមពីក្រោយដោយ RB Leipzig ដែលមាន៦ពិន្ទុ និង Shakhtar Donetsk នៅលេខ៣មាន៥ពិន្ទុ។ Celtic នៅបាតតារាងមាន១ពិន្ទុ ប៉ុន្តែនៅមានឱកាសប្រជែងទៅវគ្គ១៦ក្រុមចុងក្រោយ៕
 

Tag:
 Champions League
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com