អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម ​សន្យា​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ ដើម្បីប្រជែងកៅអី​សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស UN
12, Oct 2022 , 10:39 am        
រូបភាព
ដោយ៖ ហ៊ួយ ស៊ីវលី 
 
នៅក្នុងសម័យប្រជុំលើកទី៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) វៀតណាម សន្យានឹងលើកកម្ពស់សិទ្ធិមនុស្សក្នុងប្រទេសខ្លួន។ ការសន្យានេះ ធ្វើឡើងបន្ទាប់ពីវៀតណាមបានដាក់ពាក្យធ្វើជាបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ក្លាយជាសមាជិក UNHRC អាណត្តិឆ្នាំ២០២៣-២០២៥។

 
ក្រុមប្រឹក្សាសិទ្ធិមនុស្សUN នៅថ្ងៃទី១១ ខែតុលា នឹងបោះឆ្នោតជ្រើសរើសសមាជិកថ្មីសម្រាប់អាណត្តិឆ្នាំ២០២៣-២០២៥។ វៀតណាម បានឈរឈ្មោះសម្រាប់ការបោះឆ្នោតមួយនេះ ក្រោយធ្លាប់ធ្វើជាសមាជិកម្តងរួចទៅហើយពីឆ្នាំ២០១៤ ដល់២០១៦។ 
 
អំឡុងសម័យប្រជុំ UNHRC លើកទី៥១ ដែលប្រព្រឹត្តទៅពីថ្ងៃទី ១២ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំ UN អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai និយាយថា វៀតណាមសន្យានឹងលើកកម្ពស់សិទ្ធិមនុស្ស។ នេះ​បើ​តាម​ការប្រកាសរបស់ក្រសួង​ការ​បរទេសវៀតណាម​នៅថ្ងៃទី១០ ខែតុលា។​
 
ក្នុងកិច្ចប្រជុំនេះ លោកស្រី Mai ក៏បានលើកឡើងពីអាទិភាព និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងនាមជាបេក្ខជនឈរឈ្មោះសម្រាប់ជាសមាជិកUNHRC អាណត្តិឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ។ អ្នកការទូតវៀតណាមអះអាងថា គោលជំហរ និងគោលនយោបាយរបស់វៀតណាមមានភាពស្របគ្នាក្នុងការផ្តោតសំខាន់លើមនុស្សសម្រាប់ការអភិវឌ្ឍ និងធានាថាប្រជាពលរដ្ឋនឹងទទួលបានផ្លែផ្កាពីការអភិវឌ្ឍ។ 
 
លោកស្រី ក៏សង្កត់ធ្ងន់ពីការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់វៀតណាមក្នុងការរួមចំណែកការពារ និងលើកកម្ពស់សិទ្ធិមនុស្សជុំវិញពិភពលោក ក៏ដូចជាការសម្របសម្រួលកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការនៅ UNHRC ទាក់ទងនឹងបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការការពារ និងការលើកកម្ពស់សិទ្ធិរបស់សហគមន៍ងាយរងគ្រោះ សមភាពយេនឌ័រ និងការរីកចម្រើនរបស់ស្ត្រីជាដើម។
 
ក្នុងរយៈពេល៣ឆ្នាំនៃអាណត្តិដំបូង ប្រទេសនេះបានខិតខំខ្លាំងដែរក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាយ៉ាងពេញទំហឹង និងប្រកបដោយការទទួលខុសត្រូវចំពោះការការពារសិទ្ធិមនុស្ស និងលើកកម្ពស់ជីវភាពប្រជាជន។ 
 
យ៉ាងណាមិញ កំណត់ត្រាសិទ្ធិមនុស្សរបស់វៀតណាមក៏មិនល្អប៉ុន្មានដែរ។ ចាប់តាំងពីខែកុម្ភះ ឆ្នាំ២០២១មក វៀតណាមបានឃុំខ្លួន ចាប់ខ្លួន និងកាត់ទោសអ្នកកាសែត សកម្មជន និងមេដឹកនាំអង្គការក្រៅរដ្ឋាភិបាលយ៉ាងហោចណាស់ចំនួន ៤៨នាក់លើបទឧក្រិដ្ឋជាច្រើន ពិសេសការឃោសនាប្រឆាំងនឹងរដ្ឋជាដើម៕
 

Tag:
 វៀតណាម
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com