អន្តរជាតិ
ក្រុមហ៊ុន Nissan លក់ជំនួញខ្លួននៅរុស្ស៊ីក្នុងតម្លៃតិចជាង ១ដុល្លារ
12, Oct 2022 , 12:39 pm        
រូបភាព
រោងចក្ររថយន្ត Nissan នៅក្រុង St Petersburg។ រូបភាពយកពីទីភ្នាក់ងារព័ត៌មាន Tass
រោងចក្ររថយន្ត Nissan នៅក្រុង St Petersburg។ រូបភាពយកពីទីភ្នាក់ងារព័ត៌មាន Tass
ក្រុមហ៊ុនរថយន្ត Nissan នឹងប្រគល់ជំនួញរបស់ខ្លួនឱ្យក្រុមហ៊ុនរដ្ឋរុស្ស៊ី ក្នុងតម្លៃ១ អឺរ៉ូ ឬ ០,៩៧ដុល្លារ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនរថយន្តជប៉ុនមួយនេះ នៅថ្ងៃទី១១ ខែតុលា ដោយខ្លួនរំពឹងថា នឹងខាតបង់ប្រមាណ ៦៨៧លានដុល្លារ មុនចាកចេញពីរុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈកន្លងមក។

 
ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ក្រុមហ៊ុនបណ្តាប្រទេសលោកខាងលិច និងអាស៊ីមួយចំនួនបានសម្រេចដកខ្លួនឈប់រកស៊ីនៅរុស្ស៊ី​ ដោយសារតែទណ្ឌកម្មដ៏ច្រើនសន្ធឹក ក៏ដូចជាដាក់សម្ពាធលើរុស្ស៊ីឱ្យបញ្ចប់សង្រ្គាមផង។ មិនខុសពីក្រុមហ៊ុនផ្សេងឡើយ ក្រុមហ៊ុនរថយន្តដ៏ល្បីរបស់ជប៉ុន Nissan ក៏សម្រេចឈប់រកស៊ីនៅរុស្ស៊ី និងផ្ទេរ ភាគហ៊ុនឱ្យក្រុមហ៊ុនរដ្ឋរុស្ស៊ីNAMI ដែរ។
 
តាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី កិច្ចព្រមព្រៀងខាងលើ បានអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុនមានសិទ្ធិទិញជំនួញរបស់ខ្លួនត្រលប់មកវិញ ក្នុងរយៈពេល ៦ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ក្នុងការលក់ឱ្យក្រុមហ៊ុនរដ្ឋរុស្ស៊ីនោះ វាមានបញ្ចូលផលិតកម្ម និងមជ្ឈមណ្ឌលស្រាវជ្រាវរបស់ក្រុមហ៊ុន Nissan ដែលមានមូលដ្ឋាននៅក្រុង St Petersburg រួមទាំងមជ្ឈមណ្ឌលសម្រាប់ធ្វើទីផ្សារ និងលក់នៅក្រុងមូស្គូផង។ ការលក់មួយនេះ ធ្វើឡើងក្នុងតម្លៃ ១អឺរ៉ុប ឬ០,៩៧ដុល្លារប៉ុណ្ណោះ។ តាមការប៉ាន់ប្រមាណ ក្រុមហ៊ុនរថយន្តជប៉ុនរំពឹងថា ខ្លួនអាចខាតបង់ប្រមាណ ៦៨៧លានដុល្លារ។ 
 
ចាប់តាំងពីខែមីនាមក ក្រុមហ៊ុន​ Nissan បានផ្អាកផលិតកម្មនៅក្នុងក្រុង St Petersburg រួចហើយ ដោយសារការបង្អាក់ច្រវាក់ផលិតកម្ម។ ដោយមើលឃើញសង្រ្គាមនៅអ៊ុយក្រែនមិនមានការប្រែប្រួល ទើបក្រុមហ៊ុនល្បីឈ្មោះជប៉ុនមួយនេះសម្រេចឈប់រកស៊ីនៅរុស្ស៊ី។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia ក្រុមហ៊ុនរថយន្ត Mitsubishi ក៏កំពុងពិចារណាចង់ដើរចេញពីរុស្ស៊ីផងដែរ ប៉ុន្តែអ្នកនាំពាក្យក្រុមហ៊ុនថា គ្មានអ្វីមួយត្រូវបានសម្រេចឡើយ៕ 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com